អ៊ីចឹងសោះបានស្ទះនោះស្ទះ! រកឃើញទម្លាប់អាក្រក់៨យ៉ាង របស់អ្នកបើកបរនៅភ្នំពេញ
- 2018-10-16 01:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីចឹងសោះបានស្ទះនោះស្ទះ! រកឃើញទម្លាប់អាក្រក់៨យ៉ាង របស់អ្នកបើកបរនៅភ្នំពេញ
ចន្លោះមិនឃើញ
បញ្ហាកកស្ទះចរាចរណ៍ កំពុងធ្វើឱ្យមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋ និងជាបញ្ហាប្រឈមដ៏សំខាន់ដែលរដ្ឋាភិបាលកំពុងរកដំណោះស្រាយ។ ការកកស្ទះចរាចរណ៍នេះក៏បានជះឥទ្ធិពលមិនល្អ ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃការកកស្ទះចរាចរណ៍ លើកឡើងពីមជ្ឈដ្ឋាននានា៖
១.មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍
តាមការលើកឡើងរបស់ កញ្ញា រាឌី ដែលកំពុងសិក្សា MBA យល់ថា ប្រការដែលធ្វើឱ្យមានការកកស្ទះជារៀងរាល់ថ្ងៃនោះ គឺដោយសារការមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍។ អ្នកបើកបរភាគច្រើនបំផុត នៅពេលដែលឃើញភ្លើងក្រហមហើយនៅតែទៅមុខទៀត ហើយមួយចំនួនទៀតពេលឃើញភ្លើងពណ៌លឿងហើយមិនបានប្រុងប្រយ័ត្នទេ បែរជាបន្ថែមល្បឿនទៅវិញ។ ដូច្នេះគឺធ្វើអោយប៉ះពាល់អ្នកដែលមានអាទិភាពត្រូវទៅគឺមានន័យថាអ្នកដែលភ្លើងខៀវមកដល់បែរជាមិនបានទៅមុខទៅវិញ។ ការបើកបរបែបនេះគឺធ្វើឱ្យស្ទះផ្លូវទៅណាមិនរួចទេ ដោយសារតែអ្នកគោរពនៅតែគោរព រីឯអ្នកមិនគោរពនៅតែមិនគោរព ទៅមុខមិនកើតបកក្រោយមិនបាន ចុងក្រោយស្ទះទាំងអស់គ្នា។
**២. អ្នកបើកបញ្ច្រាសផ្លូវ**
កញ្ញា រាឌី បានបន្តទៀតថា កត្តាមួយទៀតដែលធ្វើឱ្យមានបញ្ហាកកស្ទះនោះ ដោយសារតែប្រជាពលរដ្ឋមួយចំនួនបើកបរបញ្ច្រាសផ្លូវ ដែលធ្វើឱ្យមានភាពអានាធិបតេយ្យកាន់តែខ្លាំង។ ហើយការបើកបរបញ្ច្រាសផ្លូវនេះដែរ មិនត្រឹមតែធ្វើឱ្យមានរូបភាពមិនល្អនោះទេ វាក៏ជាកត្តាមួយដែលធ្វើឱ្យមានជម្លោះពាក្យសម្ដី នឹងឈានទៅរកការបង្កអំពើហិង្សា ជាពិសេសគឺគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
៣. បើកបរលើផ្លូវអាទិភាពរបស់អ្នកដទៃ
ការបើកបរបំពានលើផ្លូវអាទិភាពនេះ ក៏ជាចំណែកមួយ ក្នុងការបង្កើនឱ្យមានការកកស្ទះកាន់តែខ្លាំង មានន័យថា អ្នកបើកបរមិនបានដឹងពីច្បាប់ទម្លាប់ថា ផ្លូវណាសម្រាប់រថយន្ត ផ្លូវណាសម្រាប់ម៉ូតូនោះទេ គឺរំលោភបំពានលើផ្លូវអាទិភាពរបស់គេ។ មូលហេតុចម្បងដែលនាំឱ្យមានរូបភាពបែបនេះ គឺមកពីអ្នកបើកបរទាំងឡាយចង់ប្រជែងទៅមុខរៀងខ្លួន។នេះជាការយល់ឃើញរបស់កញ្ញា រាឌី។
៤. ការចតយានយន្តលើចិញ្ចើមផ្លូវ
សម្បត្តិ និស្សិតផ្នែកវិស្វកម្មបានលើកឡើងជុំវិញបញ្ហានេះថា៖ "បាទបងខ្ញុំសង្កេតឃើញបញ្ហានេះ កើតឡើងរាល់ថ្ងៃគឺ ការចតយានយន្តលើចិញ្ចើមផ្លូវ ដែលជាផ្លូវអាទិភាពក្នុងការបើកបរ ជួនកាលអ្នកខ្លះចូលទៅញ៉ាំអីចឹងទៅ ធ្វើការចតយានយន្តទុកចោលរាប់ម៉ោង មិនខ្វល់ថាផ្លូវចង្អៀតប៉ុណ្ណាទេ។ មួយវិញទៀត កន្លែងញ៉ាំអីមួយចំនួនមិនមានកន្លែងចតឱ្យបានត្រឹមត្រូវនោះទេ គឺយកចិញ្ចើមផ្លូវមកធ្វើកន្លែងចតរបស់គាត់តែម្ដង។ បើអ្នកខ្លះវិញឈប់និយាយទូរស័ព្ទធ្វើព្រងើយ ហើយមិនដឹងថាគេគ្រប់គ្នាកំពុងស្ទះប៉ុណ្ណាទេ"។
៥. មិនចេះអធ្យាស្រ័យឱ្យគ្នា
សម្បត្តិបានលើកឡើងមួយចំណុចទៀតថា៖ បញ្ហាចម្បងសំខាន់មួយទៀតនោះគឺ អ្នកបើកបរគ្រប់គ្នានឹងមិនចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទេ គឺបើកបរយកឈ្នះយកចាញ់ ចង់ប្រញាប់រៀងខ្លួន។ ខ្ញុំឃើញទិដ្ឋភាពនេះកើតឡើងរាល់ថ្ងៃ មានទាំងអ្នកជិះបញ្ច្រាសផ្លូវ ជិះលើផ្លូវអាទិភាពរបស់គេ ឡាន ម៉ូតូ កង់បី ជិះឱ្យតាពាសពេញផ្លូវ។ ហើយបើថាជិះប៉ះពារគ្នាបន្តិចបន្តួចមិនព្រមបញ្ចប់រឿងទេ គឺនៅឈ្លោះយកឈ្នះយកចាញ់ នៅលើផ្លូវ ចឹងហើយបានជាកកស្ទះរាល់ថ្ងៃស្ទើរដកដង្ហើមមិនរួច។
៦. ការលក់ដូរលើចិញ្ចើមផ្លូវ
ការលក់ដូរលើចិញ្ចើមផ្លូវនេះ គឺជារឿងគួរយកចិត្តទុកដាក់បំផុតព្រោះវាបានធ្វើឱ្យការធ្វើដំណើរកាន់តែមានផលវិបាក ហើយក៏ធ្វើឱ្យមានភាពអានាធិបតេយ្យ ក្នុងទីក្រុងផងដែរ។ អ្នកលក់ដូរទាំងឡាយគួរគិតឡើងវិញ ពីព្រោះយូរទៅផ្លូវសម្រាប់ធ្វើដំណើរបែរជាកន្លែងលក់ដូរទៅវិញ។ អ្នកលក់ដូរទាំងអស់គួររកតូបលក់ដូរឱ្យបានត្រឹមត្រូវ ព្រោះមិនត្រឹមតែអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍នោះទេ តែធ្វើវាធ្វើឱ្យមានសណ្ដាប់ធ្នាប់ល្អទៀតផង។ នេះជាការលើកឡើង របស់លោកពូ លឹមហេង។
៧. មិនចេះចូលជួរពេលមានបញ្ហាកកស្ទះម្ដងៗ
នៅពេលដែលកំពុងស្ថិតនៅលើផ្លូវកំពុងមានស្ថានភាពកកស្ទះ មានអ្នកបើកបរខ្លះមិនចូលតាមគន្លងឲ្យមានរបៀបរៀបរយឡើង គឺព្យាយាមរកចន្លោះប្រហោងត្បុរចូល ដើម្បីបានទៅមុខ។ ចំណែកអ្នកបើកបរខ្លះទៀត ហ៊ានដល់ថ្នាក់ជិះបញ្ច្រាសគេ ឬមួយបើកបរលើផ្លូវអាទិភាពគេតែម្ដង។
៨. ប្រជាពលរដ្ឋមិនទាន់ចេះប្រើសេវាសាធារណៈ
សេវាសាធារណៈត្រង់ចំណុចនេះគឺសំដៅ ទៅលើរថយន្តក្រុងសាធារណៈដែលកំពុងដឹកជញ្ជូនអ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ។ ប៉ុន្តែចំនួនអ្នកប្រើសេវានេះនៅមានកម្រិតនៅឡើយ ជាពិសេសសេវារថយន្តក្រុងសាធារណៈនេះ នៅមិនទាន់ធំទូលាយនោះទេ មានន័យរថយន្តដឹកអ្នកដំណើរមានចំនួនតិច ហើយដឹកតែផ្លូវធំៗប៉ុណ្ណោះ។ ដូចនេះប្រសិនបើប្រជាពលរដ្ឋមានការយល់ដឹងច្រើន ទៅលើសេវាសាធារណៈ ហើយរដ្ឋបង្កើតឱ្យមានរថយន្តនេះកាន់តែច្រើនគឺអាចជួយកាត់បន្ថយការកកស្ទះក្នុងទីក្រុងផងដែរ។
ក្រៅពីទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋហើយ នៅមានចំណុចផ្សេងទៀតដែលនាំមានបញ្ហាកកស្ទះចរាចរណ៍ដែរនោះមានដូចជា៖
១. កំណើនយានយន្ត
សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យឯកជនមួយសុំមិនបញ្ចេញបានលើកឡើងថា កំណើនយានយន្តកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ដូចនេះពួកគាត់មានលទ្ធភាពទិញរថយន្ត ម៉ូតូ ថ្មីៗ កាន់តែច្រើនឡើង ចំណែកឯផ្លូវមិនបានមិនបានកើនឡើងទៅតាមកំណើនយានយន្តនោះទេ ដូចនេះមនុស្សជិះរថយន្ត ម៉ូតូ កាន់តែច្រើនធ្វើឱ្យការកកស្ទះចរាចរណ៍កាន់តែខ្លាំង។
២. កំណើនប្រជាជន
សាស្ត្រាចារ្យរូបនេះ បន្តទៀតថា ប្រជាពលរដ្ឋដែលចំណាកស្រុកមកពីបណ្ដាខេត្ត ចូលមករស់នៅទីក្រុងភ្នំពេញកាន់តែច្រើន ដូចជាសិស្សនិស្សិត កម្មករកម្មការនី មកធ្វើការកាន់តែច្រើន ការធ្វើដំណើរទៅសាលាទៅធ្វើការកាន់តែច្រើន ចំណែកផ្លូវតូចចង្អៀតទៀតធ្វើឱ្យមានបញ្ហាកកស្ទះជាប្រចាំថ្ងៃ។
៣. ជួសជុលផ្លូវ
នៅត្រង់ចំណុចនេះ លោកពូ លឹមហេង មុខរបររត់កង់បីបានលើកឡើងថា មូលហេតុមួយទៀតដែលបណ្ដាលឱ្យមានការកកស្ទះ នោះដោយសារការជួសជុលផ្លូវ ជាក់ស្ដែងផ្លូវច្បារអំពៅ ជួសជុលជារៀងរាល់ថ្ងៃរាប់ឆ្នាំហើយមិនដឹងថ្ងៃណារួចរាល់នោះទេ។ ការជួសជុលនេះធ្វើឱ្យអ្នកធ្វើដំណើរមានផលវិបាកជាខ្លាំងព្រោះនៅលើផ្លូវ សុទ្ធតែគ្រឿងចក្រជួសជុលផ្លូវ ដូចនេះបង្កឱ្យការធ្វើដំណើរយឺតយ៉ាវហើយថែមទាំងធ្វើឱ្យស្ទះចរាចរណ៍ទៀតផង៕