រវល់​តែ​ចម្លង​ iPhone ក្រុមហ៊ុន​ស្មាតហ្វូន​ Android បាត់​បង់​ឱកាស​មាស

  • 2018-10-16 03:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ Apple បាន​ប្រកាស​ចេញ​ iPhone ដែល​មាន​រូបរាង​ខុស​ប្លែក​ពី​ស្មាតហ្វូន​​​លើ​ទីផ្សារ នោះ​គឺ​ iPhone X ដែល​មាន​ក្បាល​ឆក។ ប៉ុន្មាន​ខែ​​ក្រោយ​មក​រចនាបថ​នេះ​បាន​លេច​ចេញ​ជា​ហូរហែរ​លើ​ស្មាតហ្វូន​ Android មាន​ចាប់​តាំង​ពី OnePlus 6, LG G7 ThinQ, Huawei P20 Pro និង Pixel 3 XL ជា​ដើម។

តាម​ពិត​ទៅ​ក្បាល​ឆក​នេះ​បាន​លេច​មុខ​​​ក្នុង​​ទីផ្សារ​សកល​​ដំបូង​​គេ​លើ​ Essential Phone ជា​ស្មាតហ្វូន​ផលិត​ដោយ​ក្រុមហ៊ុន​របស់​លោក​ Andy Rubin ដែល​ជា​ស្ថាបនិក​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ ទោះ​យ៉ាង​ណា​រចនាបថ​នេះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ក្រោយ​ពី​ Apple ប្រកាស​ចេញ iPhone X។

តាម​ការ​លើក​ឡើង​របស់​ Business Insider រចនាបថ​របស់​ Apple បាន​ជះ​ឥទ្ធិពល​ដល់​​សហគ្រាស​ស្មាតហ្វូន​ទាំង​មូល។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ មាន​ក្រុមហ៊ុន​ច្រើន​បាន​​ព្យាយាម​ដើរ​តាម​ទំនោរ​ដែល​ Apple បង្កើត​ឡើង។ តួ​យ៉ាង​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​ជំនួយ​ការ​សិប្បនិម្មិត​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង រហូត​ដល់​ពេល​ Apple បំពាក់​វា​លើ iPhone របស់​ខ្លួន។

​​​ការ​ដើរ​តាម​ទំនោរ​ Apple នេះ​នៅ​តែ​បន្ត​​កើត​មាន​ពេល​ដែល iPhone X បាន​បង្ហាញ​ខ្លួន។ ក្រុមហ៊ុន​ជា​ច្រើន​បាន​ផលិត​ស្មាតហ្វូន​មាន​ក្បាល​ឆក​ និង​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ដូច​គ្នា​នឹង iPhone X។

ប៉ុន្តែ​ពេល​​​កំពុង​​ដើរ​តាម​​ Apple ​នេះ​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android បាន​ភ្លេច​គិត​ថា​ពួក​គេ​មិន​បាន​បង្កើត​អ្វី​ថ្មី​នោះ​ទេ។ នេះ​មាន​ន័យ​ថា​ពួក​គេ​បាន​ខក​ខាន​ឱកាស​មាស​បង្កើត​អ្វី​ថ្មី ​ដើម្បី​អាច​នាំ​មុខ​ Apple។

​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​ព្យាយាម​គេច​ចេញ​ពី​រចនាបថ​ក្បាល​ឆក​ ដោយ​បង្កើត​រចនាបថ​ថ្មី​ផ្ទាល់​ខ្លួន ដូច​ជា​ Oppo និង Vivo បាន​រិះរក​វិធី​សាស្ត្រ​បង្កប់​កាមេរ៉ា​ក្នុង​តួ​ខ្លួន​ជា​ដើម។ ខណៈ​ដែល​ Samsung នៅ​តែ​មាន​ជំនឿ​ជឿ​ជាក់​លើ​រចនាបថ​ Infinity Display របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក្រុមហ៊ុន​ដទៃ​ទៀត​​រួម​មាន​ Google ស្ម័គ្រ​ចិត្ត​ទទួល​យក​រចនាបថ​ក្បាល​ឆក​ដោយ​មិន​​​ប្រកួត​ប្រជែង​ ឬ ធ្វើ​ឲ្យ​ក្បាល​ឆក​នេះ​ប្រសើរ​ជាង​មុន​នោះ​ទេ។

តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​​ខាង​ផ្នែក​បច្ចេកវិទ្យា​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ចំនួន​យល់​​ថា​ពេល​ដែល​មាន​ក្បាល​ឆក​ ធ្វើ​ឲ្យ​ស្មាតហ្វូន​របស់​ពួក​គេ​ហាក់​ដូច​ជា​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ Apple។ យ៉ាងណាក្ដី​ពេល​ដែល iPhone លែង​ប្រើ​ប្រាស់​ក្បាល​ឆក​នៅ​ថ្ងៃ​ណា​មួយ​ ក្រុមហ៊ុន​ទាំង​នោះ​​នឹង​ប្រឈម​មុខ​បញ្ហា​ថ្មី ដោយ​គួរ​​ប្រើ​រចនាបថ​ក្បាល​ឆក​ត​ទៀត ឬ ផ្លាស់​ប្ដូរ​ទៅ​តាម​ទំនោរ​ថ្មី​ដែល Apple បង្កើត​ឡើង៕​​​ ​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម