ទើប​ភ្ជុំ​ហើយ ពិធីករ រ៉ាស៊ី ទម្លាក់​រាប់​ម៉ឺន​ដុល្លារបន្ថែម វិនិយោគ​លើ​មុខ​ជំនួញ​មាន​ស្រាប់

  • 2018-10-16 04:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ផុត​រដូវ​ភ្ជុំ​ប៉ុន្មាន​ថ្ងៃ ពិធីករ​ទូរទស្សន៍ លី រ៉ាស៊ី បាន​វិនិយោគ​បន្ថែម​លើ​ជំនួញ​មាន​ស្រាប់​របស់​ខ្លួន ប្រមាណ​ជាង ៣ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ខណៈ​រដូវ​ការ​ខិត​ជិត​មក​ដល់។ នេះ​បើ​តាម​ការ​អះអាង​របស់​សាមី​ខ្លួន។

ពិធីករ​ទូរទស្សន៍ លោក រ៉ាស៊ី បាន​ហក់​ទៅ​រកស៊ី ខាង​ផ្គត់ផ្គង់ ឧបករណ៍​តន្ត្រី​សម្រាប់​ពិធី​នានា ដូច​ជា​ជប់​លៀង បុណ្យ មង្គល​ការ ខួប​កំណើត ជា​ដើម ដែល​មាន​ផ្គត់ផ្គង់ Sound System , Stage និង​ប្រព័ន្ធ​ភ្លើង (Lighting)។។ មុខ​របរ​នេះ បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ប្រមាណ​ជិត ១០​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​ចាប់​ផ្ដើម​ដំបូង​តាំង​ពី​ឆ្នាំ ២០១១ ហើយ​បាន​បន្ត​រីកចម្រើន​រហូត​មក។

សរុប​ទុន​វិនិយោគ​កន្លង​មក ប្អូន​ប្រុស​លោក អៀង ចេនឡា បញ្ជាក់​ថា មាន​ប្រមាណ​ជា ៦ម៉ឺន​ដុល្លារ​អាមេរិក។ តួលេខ​នេះ គឺជា​ការ​សរុប​តួលេខ​វិនិយោគ​ជា​ដំណាក់ៗ។ "អឹម...កប់​ដើម​អស់​ច្រើន​ដែរ...អីចឹង​ស្មាន​អត់​ដឹង​ទេ​បង​អើយ ព្រោះ​សន្សំ​តិច​ម្ដង​បន្តិច​ៗ ព្រោះ​ចេះ​ទិញ​បន្ថែម​បន្ត​បន្ទាប់ ម្ដង​បន្តិច​ៗ...សន្សំ​បាន​បន្តិច ទិញ​បន្តិច...តែ​បើ​ឲ្យ​ស្មាន​ទៅ ខ្ទង់​ជាង ៦ម៉ឺន​ដុល្លារ​អី​ហ្នឹង!”។

ជាមួយ​នឹង​ការ​អះអាង​ខាង​លើ គេ​ឃើញ​លោក រ៉ាស៊ី បង្ហាញ​ឧបករណ៍​ទំនើប​ៗ ថ្មី​ៗទៀត បម្រើ​ឲ្យ​កម្មវិធី​ពិធីការ​នានា ដែល​ទើប​នាំ​មក​ដល់​ប៉ុន្មាន​ថ្ងៃ​មុន។ លោក​អះអាង​ថា បាន​ទម្លាក់​លុយ​អស់ ៣៥ ០០០ដុល្លារ បន្ថែម​ទៀត ដើម្បី​ពង្រីក​មុខ​ជំនាញ​ឲ្យ​កាន់​តែ​ធំ កាន់​តែ​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ ក៏​ដូច​ជា​តម្រូវ​ការ​អតិថិជន។

ចំពោះ​ការ​វិនិយោគ​បន្ថែម​នេះ គឺ​ជា​ទម្លាប់​ដែល​លោក​ធ្វើ​រាល់​ឆ្នាំ។ "និយាយ​ទៅ​ខ្ញុំ​ទិញ​រាល់​ឆ្នាំ​បង ឲ្យ​តែ​ជិត​ដល់​រដូវ​ការ គឺ​ខ្ញុំ​ទិញ​ថែម​ហើយ ជាក់​ស្ដែង ឲ្យ​តែ​ដល់​ខែ ១២ គឺ​មាន​តម្រូវ​ការ​ច្រើន​ហើយ ហើយ​មុន​ដល់ គឺ​ខ្ញុំ​ទិញ​បន្ថែម​រាល់​ៗ​ឆ្នាំ​!"។ រ៉ាស៊ី មិន​បាន​បញ្ចេញ​​តួលេខ​ពី​ចំណូល​ប្រចាំ​ខែ ពី​របរ​នេះ​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា រយៈ​ពេល​កន្លង​មក គឺ​ដំណើរ​ការ​ល្អ។

ទទួល​ផ្លែ​ផ្កា​ពី​អាជីព​សិល្បៈ និង​មុខ​ជំនួញ​ផ្គត់ផ្គង់​ប្រព័ន្ធ​ភ្លើង សំឡេង និង​ឆាក​តន្ត្រី ពិធីករ​ទូរទស្សន៍ រ៉ាស៊ី ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​វិនិយោគ​ដីឡូតិ៍​ផង​ដែរ ដោយ​ថ្មី​ៗ​នេះ លោក​បាន​ហក់​ទៅ​វិនិយោគ​ពុះ​ដីឡូតិ៍​លក់​នៅ​ខេត្ត​បាត់​ដំបង៕

បរិក្ខា​បម្រើ​ឲ្យ​កម្មវិធី​ពិធីការ​នានា​របស់​លោក រ៉ាស៊ី(រូបភាព៖ ហ្វេសប៊ុក រ៉ាស៊ី)

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម