២ចំណុចនេះ រដ្ឋមន្រ្តីលើកដើម្បីនិរន្តភាពពេទ្យគន្ធបុប្ផា តែក៏សុំចិត្តពលរដ្ឋ១រឿងវិញដែរ (មានវីដេអូ)

  • 2018-10-16 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មរណភាព​របស់​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​រដ្ឋ​មន្ត្រី ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា​ នឹង​ពង្រឹង​២​ចំណុច​សំខាន់​ៗ​នេះ ឲ្យ​នៅ​ល្អ​ដូច​ដើម។

កន្លងទៅ​ប្រជាពលរដ្ឋ​មាន​កូន​តូច​មួយ​ចំនួន​ ដែល​បាន​​ទៅ​ទទួល​សេវាកម្ម ​នៅ​ទីនេះ ធ្លាប់​លើកឡើង​នៅ​ភាព​ខ្វះ​ចន្លោះ​ ដូចជា​បញ្ហា​ការ​ប្រើ​ពាក្យ​សំដី របស់​គ្រូពេទ្យ​១​ភាគ​តូច​ជាដើម។ ទន្ទឹម​នឹង​នេះ ឯកឧត្ដម​ក៏​សុំ​ចិត្ត​ ប្រជាពលរដ្ឋ​១​ចំណុច​វិញ ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា ជា​ចំណែក​ជាមួយ​គ្រូពេទ្យ ​​ដើម្បី​បន្ត​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ក្រុម​ការងារ Sabay នៅ​​ទី​ស្ដី​ការ​ក្រសួង​សុខាភិបាល ក្នុង​ថ្ងៃ​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត Beat Richner ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​អះអាង និង​បញ្ជាក់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ ព្រោះ​នឹង​មាន​ការ​ពង្រឹង​ ២​ចំណុច​សំខាន់​ ដើម្បី​បន្ត​រក្សា​ឲ្យ​បាន​ល្អ​ដូច​ដើម​ ដូចកាល​ពេលស្ថាបនិក​ដ៏​ល្បី​ឈ្មោះ​នៅ​មាន​ជីវិត។ ទី១ គឺ​ការ​ព្យាបាល​កុមារ​ប្រកប​ដោយ​គុណភាព​ស្តង់ដារ​ដូចគ្នា និង​ទី២ គឺ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​សេវាកម្ម​អ្វី​ទាំងអស់។

ទាក់ទង​នឹង​ចំណុច​ខ្វះ​ខាត នៃ​ការ​ប្រើប្រាស់​ពាក្យ​សំដី​របស់​គ្រូ​ពេទ្យ​មួយ​ចំនួន​តូច ឯកឧត្ដម ម៉ម ប៊ុនហេង បាន​ទទួល​ស្គាល់​ថា​កន្លង​ទៅ ​​គឺ​មាន​ការ​មែន ដោយសារ​ភាព​ខ្វះខាត​របស់​ពេទ្យ​១​ភាគ​តូច ខណៈ​ចំនួន​នៃ​អ្នក​មក​ទទួល​សេវា​មាន​ច្រើន​រាប់​រយ​ពាន់​នាក់​ជា​ប្រចាំ​ថ្ងៃ។

ភ្ជាប់​នឹង​ចំណុច​ដដែល​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យោគយល់ ទាំង​អស់​គ្នា ព្រោះ​យើង​សុទ្ធ​តែ​ខ្មែរ​ដូចគ្នា ហើយ​យើង​អាច​កែ​លម្អ​ទាំង​អស់​គ្នា។

ឯកឧត្ដម ម៉ម ប៊ុនហេង បន្ត​ថា សំខាន់​បំផុត​ ប្រជាពលរដ្ឋ​ដែល​មក​ទី​នេះ គឺ​សូម​មេត្តា​តម្រង់​ជួរ តាម​លេខ​រៀង​មុន​ ឬ​ក្រោយ លើក​លែង​ហើយ​តែ​ករណី​កុមារ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ គឺ​ចាំបាច់​គឺ​ត្រូវ​ចូល​ភ្លាមៗ។

សូម​ទស្សនា​វីដេអូ​ កិច្ចសម្ភាសពិសេស ជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង

​ សូម​បញ្ជាក់​ថា​ បន្ថែម​ពី​ការ​បកស្រាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល នៅ​ដើម​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា ការ​ព្យាបាល​កុមារ​កម្ពុជា​នៅ​តែ​មិន​យក​ថវិកា​ដូច​ដើម។

សម្ដេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍​ថា នឹង​បង្កើត​មូលនិធិ​មួយទៀត សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ឈ្មោះ​ថា (មូលនិធិ​គន្ធបុប្ផា​កម្ពុជា) ដោយ​សម្ដេច​ នឹង​ធ្វើជា​ប្រធាន​កិត្តិយស​តែម្ដង។

អត្ថបទ៖ ពៅ រក្សា