​តារា​ចម្រៀង​ល្បីៗប៉ែក​អឺរ៉ុប​ទាំងនេះ សុទ្ធតែជាអ្នកប៉ង​ចង់​ច្រៀង​ជាមួយ​ ​BTS

  • 2018-10-17 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយភាព​របស់​ BTS កាន់​តែ​ហក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហេតុ​នេះ​មិន​​ចម្លែក​ទេ​ដែល​តារាចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​ នៅ​​ប៉ែក​អឺរ៉ុប​ប្រាថ្នា​ចង់​សហការ​បង្កើត​បទ​ច​ម្រៀង​ជាមួយ។

ទោះ​បី​តារា​ល្បីៗ​មួយ​ចំនួន​មិនទាន់​បាន​ចេញ​ចម្រៀង​ជាមួយ​ក្រុម K-Pop មួយ​នេះ​ ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​សុទ្ធ​តែ​បង្ហាញ​ក្ដី​រំពឹង​ ថា​ចង់​រួម​សហការ​ជាមួយ​ BTS បង្កើត​បទ​ចម្រៀង​ ដែល​ ជា​ចំណី​អារម្មណ៍​ថ្មី​សម្រាប់​អ្នក​គាំទ្រ។

១. តារាចម្រៀង​ Shawn Mendes

BTS និង​ Shawn Mendes សុទ្ធ​តែ​ចង់​ចេញ​ចម្រៀង​រួម​គ្នា​ ហើយ​ថែម​ទាំង​បង្ហាញ​តម្រុយ​ដល់​អ្នក​គាំទ្រ​ ពី​ឱកាស​រួម​សហការ​រវាង​ពួកគេទាំង​សង្ខាង​ទៀត​ផង។

២. ក្រុម​ចម្រៀង​ Maroon 5

កាល​ពី​ឆ្នាំ​មុន​ អ្នក​គាំទ្រ​ បាន​សួរ​ Maroon 5 ថា​តើ​ពួកគេ​មាន​គម្រោង​រួម​គ្នា​ចេញ​បទ​ចម្រៀង​ជាមួយ​ BTS ទេ? ទាក់ទង​នឹង​សំណួរ​នេះ​ ក្រុម​នេះ​បាន​បង្ហាញ​តម្រុយ​បែប​អាថ៌​កំបាំង​ជា​ច្រើន​ ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជឿជាក់​ថា​ អ្វី​ដែល​ពួកគេ​ទន្ទឹង​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ ទោះ​បី​ក្រុម​បាន​លុប​តម្រុយ​ទាំង​នោះ​ចោល​ក៏​ដោយ។

៣. ផលិតករ​ចម្រៀង​ Zedd

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំមុន​ ផលិតករ​ជនជាតិ​រុស្សី​កាត់​អាល្លឺម៉ង់​រូប​នេះ និង​ក្រុម​ចម្រៀង​ BTS បាន​បង្ហាញ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ Zedd បាន​ឮ​ថា​ BTS គឺជា​អ្នក​គាំទ្រខ្លួន​ដែរ ហើយ​ត្រឡប់​ទៅវិញ​លោក​ក៏​បាន​ប្រាប់​ទៅ​វិញ​ដែរ​ថា​ លោក​ក៏​ជា​អ្នក​គាំទ្រ​ BTS ដែរ។ជាមួយ​គ្នា​នោះ​ Zedd ក៏​បាន​បង្ហោះ​សារ​មួយ​ ដោយ​ថែម​ទាំង​បាន​ Tag ឲ្យ​ BTS និង​បាន​បង្ហើប​ពាក្យ​ពេចន៍​ខ្លះៗ បញ្ជាក់​ពី​គម្រោង​ចាប់​ដៃ​ BTS ទៀត។

៤. តារា​ចម្រៀង​ Troye Sivan

វិល​ទៅ​ខែ​ឧសភា​ BTS បាន​និយាយ​ថា​ Troye Sivan គឺ​ជា​អ្នក​ដែល​ពួកគេ​ចង់​ធ្វើការ​ជាមួយ​នា​ពេល​អនាគត។ ប៉ុន្តែ​តាម​ពិត​មុន​ពេល​ BTS បាន​ប្រកាស​នោះ​ Troye ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​ចង់​សាក​សហការ​ជាមួយ​ BTS ម្ដង។

៥. ក្រុម​ចម្រៀង​ DNCE

ងាក​មក​ក្រុម​ចម្រៀង​អាមេរិក​មួយ​នេះ​ ក៏​មាន​បំណង​សហការ​ជាមួយ​នឹង​ BTS ដែរ នេះ​ក៏​ដោយសារ​ការ​ស្រឡាញ់​ និង​ពេញ​ចិត្ត​ក្រុម​ចម្រៀង​មួយ​នេះ។

៦. តារាចម្រៀង​ Maluma

តារាចម្រៀង​ឡាទីន​រូ​បនេះ​បាន​ទម្លាយ​ចំៗ​ឥត​លាក់​ថា​ លោក​ពិត​ជា​ចង់​ធ្វើ​ការ​ជាមួយ​ BTS ខ្លាំង ហើយ​ប្រសិន​ថ្ងៃ​ណា​មួយ​ស្នាដៃសហការ​ពួកគេ​ចេញ​មក​មែន​ នោះ​នឹង​ប្លែក​ជាក់ជា​មិនខាន​ ព្រោះ​វា​អាច​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ចង្វាក់​បែប​ឡាទីន និង​ K-Pop។

៧. តារាចម្រៀង​ Tinashe

កន្លង​ទៅ​ J-Hope បាន​និយាយ​ថា​ខ្លួន​ចង់​ចាប់​ដៃគូ​ច្រៀង​ជាមួយ​ Tinashe នៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​ខាង​ តារា​ស្រី​រូបនេះ​ឯណេះ​វិញ​ ក៏​​ចង់​ធ្វើ​ការ​ជាមួយ​ BTS មិន​ធម្មតា​ដែរ។

៨. តារាចម្រៀង​ Ansel Elgort

រួម​គ្នា​ធ្វើ​បទ​ចម្រៀង​ ជាមួយ​ BTS គឺ​ជា​ប្រាថ្នា​របស់​ Ansel ហើយ​លោក​បាន​បង្ហើប​ថា​ លោក​នឹង​រីករាយ​បំផុត​ បើ​ថ្ងៃ​នោះ​មក​ដល់។

៩.​ តារាចម្រៀង​ Kehlani

កាល​ពី​ឆ្នាំ​មុន​ Kehlani បាន​បង្ហោះ​សារ​មួយ​លើ​ Twitter ដោយ​បាន​សរសេរ​សារមួយ​ ​បង្ហាញ​ពី​បំណង​ចេញ​បទ​ចម្រៀង​រួម​គ្នា​ជាមួយ​ BTS ក្រោយ​ពី​ RM និង​ V លើក​ឈ្មោះ​នាង​មក​នីយាយ។

១០. ក្រុម​ចម្រៀង Fifth Harmony

ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ​ពិត​ជា​សម្បូរ​អ្នក​គាំទ្រ​ដែល​ជា​តារា​ល្បីៗ​ណាស់។ សូម្បី​ក្រុម​ចម្រៀង​ស្រី​របស់​អាមេរិក​ Fifth Harmony ក៏​ពេញ​ចិត្តពេញ​ថ្លើម​ និង​ចង់​សហការ​ជាមួយ​ដែរ។

១១. តារាចម្រៀង​ Jason Derulo

រម្លឹក​ទៅ​កាល​ពី​ខែឧសភា​កន្លង​ទៅ​ Jason បាន​សារភាព​ថា​ខ្លួន​ក៏​ជា​អ្នក​គាំទ្រ​វិស័យ​ K-Pop ដែរ ហើយ​ក្រុម​ដែល​លោក​គាំទ្រ​ និង​ចង់​ច្រៀង​ជាមួយ​ជាង​គេ​គឺ​ BTS៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី