៦ ហេតុផល Google Pixel 3 គ្មាន​គីឡូ​យក​ឈ្នះ iPhone XS

  • 2018-10-16 13:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ទើប​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ Pixel 3 និង Pixel 3 XL រចនា​តួ​ខ្លួន​ថ្មី បន្សំ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដំណើរការ​កម្មវិធី​កាន់​តែ​ទំនើប​និង​រហ័ស​ជាង​មុន។ ថ្វី​បើ​មាន​ចំណុច​ខ្លាំង​ច្រើន ប៉ុន្តែ​មាន ៦ ហេតុផល​ធ្វើ​ឲ្យ​ស្មាតហ្វូន​របស់ Google សេរ៊ី​ថ្មី​នេះ មិន​អាច​ផ្ដួល iPhone XS របស់ Apple បាន។

៦.ល្បឿន​ដំណើរការ:

Apple បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដំណើរការ​លឿន​បំផុត​ក្នុង​លោក ដោយ​បំពាក់​នូវ​បន្ទះ​ឈីប A12 Bionic។ Pixel 3 ប្រើ​បន្ទះ​ឈីប Snapdragon 845 តែ​សោកស្តាយ​មាន​ទំហំ RAM ត្រឹម 4GB ជា​លទ្ធផល​បង្ហាញ​ក្នុង Geekbench ចាញ់​ទាំង​ដំណើរការ OnePlus 6 និង Pocophone F1 ថែម​ទៀត​ផង។

៥.ការ​រចនា​ស្រស់​ស្អាត​ជាង:

និយាយ​ដល់​ការ​រចនា រូបរាង​តួ​ខ្លួន​ខាង​ក្រៅ Pixel 3 XL ពិត​ជា​មិន​អាច​ផ្តួល​ស្លាកយីហោ Apple សេរ៊ី​ឆ្នាំ ២០១៨ បាន​ឡើយ។ ថ្វី​បើ​ជា​ទម្រង់​ស្នាម​អេក្រង់​ឆក ប៉ុន្តែ​ការ​រចនា​គែម​សម​ខាង​អេក្រង់​ត្រកូល Pixel នៅ​សល់​គែម​ក្រាស់​ជាង។

៤.កាមេរ៉ា​ភ្លោះ អាច​ថត 4K 60fps:

ទទួល​ស្គាល់​ថា​បច្ចេកវិទ្យា​កាមេរ៉ា​របស់ Google Pixel ធ្វើ​បាន​ល្អ​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉ុន្តែ​ផ្នែក​កាមេរ៉ា​ក្រោយ​មាន​ត្រឹម​មួយ​គ្រាប់ គ្មាន Telephoto Lens បែប​នេះ​សមត្ថភាព​នៃ​ការ​ថត​មួយ​ចំនួន​ក៏​នៅ​មិន​ទាន់​បាន​ល្អ​គ្រប់គ្រាន់។ ចំពោះ​ការ​ថត​វីដេអូ​ជំនាន់​ឆ្នាំ ២០១៨ របស់ Google មិន​អាច​ថត​វីដេអូ 4K នៅ​លក្ខខណ្ឌ 50fps បាន​ឡើយ។

៣.ទំហំ​អង្គ​ផ្ទុក 512GB:

ថ្វី​បើ​ទំហំ 128GB ជា​អង្គ​ផ្ទុក​ស្តង់ដារ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ ប៉ុន្តែ Apple នៅ​បន្ត​តម្រូវ​ចិត្ត​អតិថិជន​ត្រូវ​ការ​អង្គ​ផ្ទុក​ធំ 512GB ពោល​ក៏​ជា​ចំណុច​ខ្លាំង ស្រប​ពេល Pixel 3 ក៏​ពុំ​មាន​រន្ធ​បន្ថែម microSD Card ដូច​ត្រកូល Android ដទៃ។

២.ប្រើប្រាស់​ SIM ពីរ:

មិន​ដូច​គូ​ប្រជែង Android ដទៃ ក្រុមហ៊ុន Google ពុំ​ចាប់​អារម្មណ៍​ដាក់​ឲ្យ​ឧបករណ៍​អាច​ដំណើរការ​ស៊ីម​ពីរ រហូត​ដល់​ឆ្នាំ​នេះ Apple មិន​ទុក​មុខ​ឲ្យ ក៏​សម្រេច​ចេញ​លក់ iPhone ស៊ីម​ពីរ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ក្រាស់ក្រែល​ផង​ដែរ។

១.Face ID:

Pixel 3 បាន​ត្រឹម​ប្រើប្រាស់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ក្រោយ ពុំ​មាន​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​ដូច iPhone XS ឬ​អាច​ថា​ចាញ់​ទាំង​ប្រភេទ Android ធុន​កណ្តាល​បច្ចុប្បន្ន​ទៀត​ផង។ ប៉ុន្តែ​សូម​បញ្ជាក់​ថា​សម្រាប់ Face ID លើ​ iPhone ឆ្លងកាត់​កាមេរ៉ា TrueDepth ពោល​គឺ​បង្កើត​សុវត្ថិភាព​ខ្លាំង​ជាង​គូ​ប្រជែង​ដទៃ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា