គ្រូ​ទាយ​ល្បី​ឈ្មោះ Ming-Chi Kuo និយាយ​អ្វី​ខ្លះ​ពី​ iPhone XR មុន​ដល់​ថ្ងៃ​ចេញ​លក់​ផ្លូវការ?

  • 2018-10-16 12:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​លោក Ming-Chi Kuo អ្នក​វិភាគ​នៅ​ក្រុមហ៊ុន TF International Securities បាន​ប៉ាន់​ប្រមាណ​ថា​តួ​លេខ​លក់​ចេញ iPhone XR សេរ៊ី​ឆ្នាំ ២០១៨ របស់ Apple នឹង​មាន​ការ​កើន​ឡើង ១០ ភាគរយ​នា​ត្រីមាស​ទី ៤។

ជើង​ខ្លាំង​ដែល​ធ្វើ​ការ​ព្យាករណ៍​ត្រឹមត្រូវ​ជា​ញឹកញយ​រូប​នេះ ក៏​សង្កត់​ធ្ងន់​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​អាច​លក់​ចេញ iPhone XR ចន្លោះ​ពី ៣៦ លាន ទៅ ៣៨ លាន​គ្រឿង កើន​ឡើង​ពី​ការ​ប៉ាន់ស្មាន​លើក​មុន​ថា​មាន​ត្រឹម ៣៣ ទៅ ៣៥ លាន​គ្រឿង។ ជា​តួ​លេខ​សរុប​នៃ iPhone គ្រប់​ម៉ូឌែល​ក៏​នឹង​អាច​កើន​ដល់ ៧៨ ទៅ ៨៣ លាន​គ្រឿង​ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៧ មាន​ត្រឹម ៧៧,៣ លាន​គ្រឿង។

លោក Kuo បាន​បញ្ជាក់៖ "យើង​ជឿជាក់​ថា​តម្រូវ​ការ​ម៉ូឌែល XR នឹង​កាន់​តែ​ប្រសើរ​ធៀប​នឹង​ជំនាន់ iPhone 8 ឆ្នាំ​ទៅ ព្រោះ XR មាន​អេក្រង់​ធំ ថាមពល​ថ្ម​កាន់​ជាង​មុន អាច​គាំទ្រ​ស៊ីម ២ គួប​ផ្សំ​ការ​រចនា​រូបរាង​ថ្មី"។

រំឭក​ថា iPhone XR មាន​តម្លៃ ៧៤៩ ដុល្លារ​ជា​ជំនាន់​កូន​កាត់ iPhone X មាន​ជម្រើស​ច្រើន​ពណ៌ ដោយ​អាច​ប្រើប្រាស់ Face ID ប៉ុន្តែ​បំពាក់​ត្រឹម​អេក្រង់ LCD ពុំ​មែន​ធុន​ខ្ពស់ OLED ដូច iPhone XS ដោយ​កាលបរិច្ឆេទ​ចេញ​លក់​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៩ ​តុលា​ត​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា