អាចលង់ខ្លួនគ្មានពាក្យតវ៉ា បើទៅខ្ចីប្រាក់ពីធនាគារទិញផ្ទះ ឬរកស៊ី មិនដឹងរឿងទាំង៣នេះ

  • 2018-10-18 04:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​រឿង​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ ​ថ្ងៃ​នេះ Sabay សូម​ចែក​រំលែក​ចំណេះដឹង​ទាក់​ទិន​នឹង​ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ តាមរយៈ​បុគ្គលិក​ធនាគារ​ម្នាក់​ លោក គង់ រីរៈ ដែល​លោក​បាន​បង្ហើប​នូវ​ចំណុច​៣ សំខាន់ មុន​នឹង​សម្រេច​ចិត្ត​ខ្ចី​ប្រាក់ ​អ្នក​ទាំងអស់​គ្នា​ ពិសេស​អ្នក​ថ្មីថ្មោង ដែល​​​ចង់​ខ្ចី​ប្រាក់​សម្រាប់​ធ្វើការ​រកស៊ី និង​ទិញ​អចលនវត្ថុ​ជាដើម។​​​​​​​​

រូបតំណាង

ដំបូង​អ្នក​ត្រូវ​ដឹង​ថា ធនាគារ​ មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា រីក​ដុះដាល​ដូច​ផ្សិត ហើយ​គេ​មើល​ឃើញ​ការប្រកួត​ប្រជែង​គ្នា​ក៏​ខ្លាំង​សំបើម​ដែរ​ ដោយ​គេ​អូសទាញ​អតិថិជន​តាមរយៈ​ ផ្ដល់​អត្រា​ការ​ប្រាក់ទាប​ ប្រម៉ូសិន​ លក្ខខណ្ឌខ្ចី ឯកសារ​តម្រូវ​ងាយស្រួល...ល។ យ៉ាងណាក្ដី ប្រិយមិត្តសូម កុំវ​ង្វេងនឹង​កម្មវិធី​ប្រូម៉ូសិន​ទាំងនោះ​ច្រើន ​ប៉ុន្តែ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ ៣ ចំណុច ខាង​ក្រោម​នេះ៖​​​ ​​​

១. អត្រាការប្រាក់

​​ចំនួន​អត្រាការ​ប្រាក់ គឺ​រឿង​ដំបូង​គេ ​អ្នក​ត្រូវ​សិក្សា និង​សាកសួរ​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ណា​មួយ​ដែល​អ្នក​ជឿជាក់​ ប៉ុន្តែ​គួរ​ស្វែងរក​យ៉ាង​ហោច​ណាស់​ឲ្យបាន​៣។ មានន័យ​ថា អ្នក​អាច​ប្រៀប​ផ្ទឹម​ពី​អត្រាការ​ប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ ដោយខ្លួន​ឯង​។ ឧទាហរណ៍. អ្នក​ចង់​ខ្ចី​ចំនួន​ ១០ ០០០ដុល្លារ ធនាគារ (ក) បាន​ផ្ដល់​អត្រាការ​ប្រាក់​ដល់​អ្នក ១,១% ក្នុង​មួយ​ខែ។ ដោយឡែក​ធនាគារ(ខ) ផ្ដល់​អត្រាការ​ប្រាក់​ ០.៩% ក្នុង​មួយ​ខែ។ ក្រោយ​គណនា​ បើ​លោក​អ្នក​ខ្ចី​ធនាគារ (ខ) អ្នក​នឹង​ចំណេញ​ ២០ដុល្លារ ក្នុង​មួយ​ខែ។ ​

២. រយៈពេលសង

​ធនាគារ​មួយ​ចំនួន​ ផ្ដល់​អត្រា​ការ​ប្រាក់​ទាប​ក៏​ពិត​មែន ប៉ុន្តែ​រយៈពេល​ក្នុង​សង​ត្រឡប់​គឺ​យូរ​ តួយ៉ាង​ ផ្ដល់​កម្ចី​ចាប់ពី​ ១០ ០០០ដុល្លារ ក្នុង​អត្រា​ការ​ប្រាក់​ ០.៩%/ខែ​ រយៈពេល​ ១៥ឆ្នាំ បើ​អ្នក​គុណ​គូ​អត្រា​ការ​ប្រាក់​ទៅ គឺ​លើស​ប្រាក់​កម្ចី​ដើម​ជិត២ដង​ឯណោះ​។ រីឯ​ធនាគារ​ខ្លះ​ទៀត ​មាន​ផ្ដល់​ប្រាក់​​កម្ចី​ច្រើន​ ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ជាងគេ​ ប៉ុន្តែ​លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ទាមទារ​តឹងតែង។​ ដើម្បី​ជៀសវាង​កើត​មាន​បញ្ហា​ថ្ងៃមុខ​​ អ្នក​មិន​គួរ​ដាក់​សំណើ​កម្ចី ​ទាំង​ដែល​មិនទាន់​យល់​ច្បាស់​ពី​លក្ខខណ្ឌ​ ព្រោះ​អ្នក​អាច​នឹង​​មិន​ទទួល​បាន​ការ​អនុម័ត​ និង​ខាត​ពេលវេលា​។ ជា​យោបល់​ល្អ​សម្រាប់​អ្នក​មិន​ចង់​ស្មុគស្មាញ​ច្រើន​ គួរ​ស្វែងរក​ធនាគារ​ ឬមីក្រូ​ហិរញ្ញវត្ថុ​ណា​ដែល​មាន​លក្ខខណ្ឌ ឯកសារ​ងាយស្រួល ​ស្រប​ទៅតាម​លក្ខខណ្ឌ​របស់​អ្នក។

​​ ៣. តម្លៃ​សេវារដ្ឋបាល

រូបតំណាង

ក្រសួង​សេដ្ឋកិច្ច និង ហរិញ្ញវត្ថុ ​កន្លង​ទៅ​ បាន​ប្រកាស​ឲ្យ​ធនាគារ និង មីក្រូហិរញ្ញវត្ថុ​ទាំងអស់ កំណត់​អត្រាការ​ប្រាក់​កម្ចី​មិន​លើស​ពី​ ១៨% ក្នុង​មួយ​ឆ្នាំ ឬ ក្រោម ១,៥% ក្នុង​មួយ​ខែ។ ​ការកំណត់​នេះ ធ្វើ​ឲ្យ​ខាង​ធនាគារ​ និង​មីក្រូ​មួយ​ចំនួន​ ចាំបាច់​ត្រូវ​ដំឡើង​ថ្លៃ​សេវា​រដ្ឋបាល​ជាមួយ​អតិថិជន។ ​សេវា​រដ្ឋបាល​នេះ សំដៅ​ដល់​ថ្លៃ​សេវា​រៀបចំ​ឯកសារ និង ​ការគ្រប់គ្រង​ឯកសារ​ផ្សេងៗ​។ ​​ដូច្នេះ មុន​នឹង​លោក​អ្នក​ដាក់​សំណើ​កម្ចី​ ​ត្រូវ​សួរឲ្យ​បាន​ច្បាស់លាស់​ពី​សេវា​រដ្ឋបាល​ និង សេវា​ផ្សេងៗ​ទៀត​ ដែល​ធនាគារ និង មីក្រូ អាចទាញ​ផ្ដល់​​ចំនេញ​ពី​អ្នក​ក្នុង​រូបភាព​ផ្សេងៗ​។  

អត្ថបទ៖ ស៊ិន សាវ៉េត