លម្អិត៧ចំណុច ថាគ្រុនឈាមមិនដែលរើសមុខអ្នកឈឺទេ មនុស្សចាស់ក៏ឈឺដែរ

  • 2018-10-18 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​គ្រុនឈាម​ជា​ទូទៅ​តែង​តែ​កើត​មាន​នៅ​លើ​កុមារ តែ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ក៏​មាន​ករណី​ខ្លះ ជំងឺ​នេះ​កើត​មាន​នៅ​លើ​មនុស្ស​ពេញ​វ័យ​ដូចគ្នា។ វេជ្ជបណ្ឌិត​ជំនាញ ឲ្យ​ដឹង​ថា ជំងឺ​នេះ​ច្រើន​កើត​ឡើង​នៅ​រដូវវស្សា ដោយ​ហេតុ​ថា​រដូវ​ភ្លៀង​អំណោយផល​ដល់​ការ​កកើត​ពពួក​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​រោគ។

ដើម្បី​ជា​ចំណេះដឹង និង​ការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ យោង​តាម​ការ​ចុះផ្សាយ​របស់​ទំព័រ Facebook មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ បាន​សរសេរ​លម្អិត​ ៧ចំណុច​សំខាន់​ៗ ដូច​​តទៅ ៖

១. រោគសញ្ញា​សម្គាល់

  • ក្ដៅ​ខ្លួន​ខ្លាំង

  • ឈឺ​ក្បាល

  • ឈឺ​សន្លាក់​ដៃ​ជើង និង​សាច់ដុំ

  • ក្អួត​ចង្អោរ

  • ស្នាម​អុច​ក្រហម​លើ​ស្បែក។

ប្រភពរូប Facebook Page មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​

២. ការវិវត្តន៍​នៃ​ជំងឺ និង​ផលវិបាក

នៅ​ក្នុង​រយៈ​ពេល​ពី ៣ ទៅ ៤ថ្ងៃ បន្ទាប់​ពី​មាន​រោគ​សញ្ញា​ដំបូង​អ្នក​ជំងឺ​អាច​ស្តែង​ចេញ​នៅ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា

  • ការ​ហូរ​ឈាម​នៅ​ក្នុង​ភ្នែក (Hémorragie Conjonctivale)

  • ហូរ​ឈាម​តាម​ច្រមុះ 

  • ស្នាម​ជាំ​នៅ​លើ​ស្បែក

ជំងឺ​នេះ​នឹង​ជា​ទៅ​វិញ​នៅ​ចន្លោះ ១០ទៅ១៤ ថ្ងៃ ឬ​អាច​យូរ​ជាង​នេះ។

ប្រភពរូប Facebook Page មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​

៣. ប្រការ​គួរ​ប្រុង​ប្រយ័ត្ន​បន្ថែម

ជំងឺ​គ្រុនឈាម​មួយ​ចំនួន​អាច​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា (ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ក្នុង​ខួរក្បាល) ហើយ​ដែល​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

៤. វិធី​បង្ការ

យើង​អាច​ការពារ​ពី​ការ​ឆ្លង​ជំងឺ​នេះ​ដោយ

  • លុប​បំបាត់​ជម្រក​មូស

  • ការពារ​ពី​មូស(ខ្លា)ខាំ (ពេល​ព្រឹក និង​ពេល​ព្រលប់) គេង​ក្នុង​មុង (ទាំង​ថ្ងៃ ទាំង​យប់) ស្លៀក​សំលៀកបំពាក់​ជិត​ៗ (មាន​ពណ៌​ចាំង) ចៀសវាង​នៅ​ក្នុង​ទី​ងងឹត និង​ប្រើ​ផលិតផល​ការពារ​មូស (លាប​លើ​ស្បែក)។

រូបភាព៖ www.medscape.com

៥. ការ​កំណត់​រោគ​វិនិច្ឆ័យ

ចាំបាច់​បំផុត​គឺ​ការ​កំណត់​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយការ​កំណត់​រក​ពពួក Antigen NS1 (ពាក្យ​បច្ចេកទេស) នៅ​ក្នុង​ឈាម​អ្នក​ជំងឺ តែ​ពពួក Antigen នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ៤ ឬទី៥ បន្ទាប់​ពី​ការ​ចេញ​រោគសញ្ញា។

មួយ​វិញ​ទៀត ការ​កំណត់​រក​ពពួក Antibody (IgM, IgG) (ពាក្យ​បច្ចេកទេស) ដែល​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ ហើយ​ការ​កំណត់​ពពួក Antibody នេះ​គឺ​អាច​អោយ​យើង​ដឹង​ពី​ស្ថានភាព​ជំងឺ​ ដែល​ទើប​នឹង​កើត ឬ​កើត​មក​មួយ​រយៈ​ពេល​ហើយ

៦. ការ​រាប់​មេរោគ​គ្រុន​ឈាម​

វិធី​នេះ​គឺ​ធ្វើ​តាម​រយៈ PCR (Polymerase chain reaction) ដែល​តាម​បច្ចេកទេស គឺ​អាច​កំណត់​ដោយ​សុក្រឹត​អំពី​វត្តមាន​របស់​មេរោគ​គ្រុន​ឈាម​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​តែ​តេស្ត​ប្រភេទ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សំរាប់​ការ​សិក្សា​ប៉ុណ្ណោះ។

៧. ការ​ព្យាបាល

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ នៅ​លើ​សកលលោក​ គឺ​នៅ​មិនទាន់​មាន​ការ​ព្យាបាល​អោយ​ចំ ចំពោះ​ជំងឺ​គ្រុនឈាម​នេះ​នៅ​ឡើយ​ទេ។ ការ​ព្យាបាល គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ជំងឺ​នេះ កុំ​អោយ​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។

ចំពោះ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​អង្គការ​សុខភាព​ពិភពលោក តែ​ទោះ​ជា​យ៉ាងណា ​ចរាចរ​នៃ​ប្រភេទ​វ៉ាក់សាំង​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

សូម​បញ្ជាក់​ថា ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាការៈ​ដូច​ខាង​លើ គួរ​អញ្ជើញ​មក​ធ្វើការ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ​ នៃ​មន្ទីរ​ពេទ្យ​ជំនាញ​ណា​មួយ​ដើម្បី​អាច​ធ្វើ​រោគវិនិច្ឆ័យ​ពិត​ប្រាកដ​ នៃ​ជំងឺ​នេះ ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នោះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ការ​កំណត់​រក​មេរោគ​គ្រុនឈាម​នេះ​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ។ នេះ​បើ​តាម​ទំព័រ Facebook​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

អត្ថបទ៖ ពៅ រក្សា