ចម្លែកមែន! ផ្កាសាគូរ៉ានៅជប៉ុន រីកខុសពេលធម្មតា ក្រោយរងគ្រោះខ្យល់ព្យុះជាច្រើន

  • 2018-10-18 07:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ផ្កា​សាគូរ៉ា (Cherry Blossom ឬ Sakura) មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​រីក​ស្គុះស្គាយ​ខុស​ពេល​ធម្មតា នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ។

ផ្កា​ពណ៌​ផ្កាឈូក​លាយ​ពណ៌​ស​ដ៏​ស្រស់​ស្អាត និង​ល្បីល្បាញ​នេះ ជា​ធម្មតា​អាច​មើល​ឃើញ​រយៈពេល​ត្រឹមតែ ២សប្តាហ៍​ប៉ុណ្ណោះ​នៅ​ក្នុង​និទាឃរដូវ។ ផ្ទុយទៅវិញ មនុស្ស​ប្រមាណ​ជាង ៣០០នាក់​ហើយ​បាន​រាយការណ៍​ថា ដើម​ផ្កា​សាគូរ៉ា​បាន​រីក​ស្គុះស្គាយ នៅ​តំបន់​ដែល​ពួកគេ​រស់​នៅ ក្នុង​ខែ​តុលា​នេះ។

ក្រុម​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះ​ខ្យល់​ព្យុះ​ជា​ច្រើន​ដែល​ប្រទេស​ជប៉ុន​ទើបតែ​បាន​ជួប​ប្រទះ អាច​ជះ​ឥទ្ធិពល​លើ​បាតុភូត​នេះ។

លោក Hiroyuki Wada អ្នក​ជំនាញ​ផ្នែក​ផ្កា នៅ​ឯ​សមាគម​ផ្កា​នៃ​ប្រទេស​ជប៉ុន បាន​និយាយ​ថា «ស្លឹក​សាគូរ៉ា ជា​ធម្មតា​បញ្ចេញ​អ័រម៉ូន ដែល​បញ្ឈប់​ការ​រីក​លូត​លាស់​របស់​ផ្កា ប៉ុន្តែ​ឆ្នាំ​នេះ​ខ្យល់​ព្យុះ​ដ៏​ខ្លាំងក្លា បាន​បោក​បក់​ដាច់​ស្លឹក​ឈើ ដែល​អាច​ជា​មូលហេតុ​បង្ក​ជា​អភូតហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ»។

មិនតែប៉ុណ្ណោះ អ្នក​ជំនាញ​ខាង​លើ​បាន​បន្ថែម​ថា អាកាសធាតុ​ក្តៅ​ជាង​មុន បន្ទាប់​ពី​ទទួល​រងគ្រោះ​ខ្យល់​ព្យុះ អាច​ធ្វើ​ឲ្យ​ផ្កា​រីក​ខុស​ពេល​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី