សិង្ហបុរី កំពុងកើនឡើងចំនួនសេដ្ឋីច្រើន សឹងចាប់មិនឈ្នះ

  • 2018-10-19 02:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​សេដ្ឋី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​កើន​ឡើង​រហូត​ដល់​ទៅ ១១,២% ក្នុង​រយៈពេល ១២ខែ សរុប​ស្មើ​នឹង​ចំនួន ១៨៣ ៧៣៧នាក់ ហើយ​ទ្រព្យសម្បត្តិ​សម្រាប់​មនុស្ស​ពេញ​វ័យ​ម្នាក់​បាន​កើន​ឡើង ៥,៣% ស្មើ​នឹង​ជាង ២៨៣ ០០០ដុល្លារ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី៩ នៅ​លើ​ពិភពលោក។

ទិន្នន័យ​ខាង​លើ​នេះ​គឺ​យោង​តាម​របាយការណ៍​ទ្រព្យសម្បត្តិ​ពិភពលោក​ឆ្នាំ២០១៨ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ឥណទាន​ហិរញ្ញវត្ថុ Credit Suisse Research Institute ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០១៨ ដែល​បាន​រក​ឃើញ​ថា ទ្រព្យសម្បត្តិ​គ្រួសារ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​អត្រា ៧,៤% សរុប​ប្រហែល ១,៣ទ្រី​លាន​ដុល្លារ។

Credit Suisse បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អ្នក​មាន​ទ្រព្យសម្បត្តិ​ខ្ពស់​បំផុត (Crazy Rich) សរុប​ច្រើន​ជាង ៥០លាន​ដុល្លារ មាន​ចំនួន​ប្រហែល ១ពាន់​នាក់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ពោល​គឺ​កើន​ឡើង ១,១%។

ជាមួយ​គ្នា​នេះ​ដែរ Credit Suisse បាន​ព្យាករណ៍​ថា ចំនួន​សេដ្ឋី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នឹង​កើន​ឡើង ៥,៥% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ សរុប​ស្មើ​នឹង ២៣៩ ៦៤០នាក់៕

ចុច​អាន៖

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សេង ឡុង