៩ហេតុផលនេះ ជួយអ្នកច្បាស់ក្នុងចិត្ត មុនហុចលុយឲ្យអ្នកស្គាល់គ្នាខ្ចី

  • 2018-10-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ការ​ផ្ដល់​លុយ​ឲ្យ​គ្នា​ខ្ចី​ទទេ​ដោយ​គ្មាន​លក្ខខណ្ឌ ឬ​​ជា​ថ្នូរ​នឹង​ការ​ប្រាក់​សម​ល្មម ឬ​លើស​លប់ កំពុង​ពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ចំពោះ​អ្នក​មិន​មាន​អាជីព​ជា​អ្នក​ចង​ការ​ប្រាក់​ឆ្អិនឆ្អៅ ឬ​មិន​មែន​ជា​តំណាង​គ្រឹះស្ថាន​ផ្ដល់​កម្ចី តែង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​។

ជា​រឿយ​ៗ​ ​អ្នក​មាន​លុយ​ល្មម​ៗ​មួយ​ចំនួន​ ស្បថ​លែង​ចង់​ឲ្យ​គ្នា​ឯង​ពាក់ព័ន្ធ​រឿង​លុយ ព្រោះ​តែ​​ពិបាក​ទា​វិញ​ ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង។ មាន​ន័យ​ថា ទាំង​ដើម ទាំង​ការ ឬ​អ្នក​ខ្ចី​ខ្លះ​ស៊ី​ដាច់​ទាំងអស់​ ដែល​​ស្រប​ទៅ​នឹង​សុភាសិត​ខ្មែរ “ ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់ ”។

បន្ថែម​ពី​សុភាសិត​ខាងលើ បើ​តាម​គេហទំព័រ Money Crashers ក៏​បាន​ពន្យល់​ប្រាប់​ហេតុផលនានា ដែល​កាន់​តែ​ឆ្លុះ​បញ្ចាំង​ច្បាស់​ ថា​ការ​ផ្ដល់​លុយ​ឲ្យ​មិត្តភ័ក្ដិ​ ឬ​សាច់​ញាតិ ​គ្រួសារ​ គឺ​មិន​មាន​ស្ថានភាព​ល្អ​ទេ ព្រោះ​វា​តែង​នាំ​ទៅ​ដល់​ក៏​បាត់​បង់​លុយកាក់ ហើយ​មិត្តភាព​ក៏​ប្រេះស្រាំ។

១. ​ពិបាក​កំណត់​រយៈ​ពេល​ឲ្យ​គេ​ខ្ចី​លុយ​

ទាំង​អ្នក​ខ្ចី និង​ម្ចាស់​លុយ សុទ្ធ​តែ​ជា​អ្នក​ស្គាល់​គ្នា ដូច​នេះ​ភាគ​ច្រើន​បំផុត គឺ​យោគយល់​គ្នា និង​គ្មាន​ឯកសារ​តម្រូវ​ដូច​ទៅ​ខ្ចី​ធនាគារ។ ជា​ការ​ពិត​មុន​មក​ខ្ចី​លុយ​គេ​ កូន​បំណុល​ខ្លះ​និយាយ​អង្វរ ឬ​លន់តួ​គេ និយាយ​រួម​ធ្វើ​ម៉េច​ក៏​បាន សំខាន់​ឲ្យ​តែ​គេ​ឲ្យ​ខ្ចី ហ៊ាន​សន្យា​សង​វិញ ដូច​ជា​គ្នា​សុំ​ឆក់​តែ​មួយ​ភ្លែត​ទេ ១​អាទិត្យ ឬ​យ៉ាង​យូរ​១​ខែ​អី នឹង​សង​វិញ​គ្រប់​ចំនួន ឬ​ហ៊ាន​ឲ្យ​ការ​ប្រាក់​ចំណេញ​ច្រើន​ក៏​មាន។

ប៉ុន្តែ​ក្រោយ​បាន​លុយ​ដល់​ដៃ​ហើយ រហូត​ដល់​ពេល​កំណត់​ទៀត ទៅ​ជា​ធ្វើ​ដូច​ភ្លេច​ៗ លើក​ពេល​ម្ដង​ជា​ពីរ​ដង ឬ​ស៊ី​ដាច់​លុយ​គ្នា​ក៏​មាន។ ម្ចាស់​លុយ​ខ្លះ ដោយសារ​ទើស​ទាល់​ពេក អត់​ហ៊ាន​ទារ​ ដល់​ថ្នាក់​ហួស​ចិត្ត​ពេក​សុខ​ចិត្ត​គេច​ៗ​មុខ​កូន​បំណុល ខ្ជិល​ជួប​នាំ​ក្ដៅ​ក្រហាយ។

២. កម្ចី​ក្លាយ​ជា​រឿង​មិន​អាទិភាព (តាម​ចិត្ត​អ្នក​ខ្ចី)

រឿង​​កម្ចី​នៃ​អ្នក​ស្គាល់​គ្នា គឺ​មិន​មាន​លក្ខខណ្ឌ​ចង ហើយ​ពេលវេលា​សង​វិញ ក៏​អត់​មាន​ច្បាស់​លាស់។ ​ហេតុនេះ​ទើប​អ្នក​ខ្ចី​ខ្លះ មិន​សូវ​ខ្វល់ ឬ​អាច​និយាយ​ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ ចង់​សង ឬ​មិន​សង​ក៏​បាន។ ដោយ​គ្មាន​ថ្ងៃ​ផុត​កំណត់​ច្បាស់​ផង ​​ការ​សង​បំណុល តែង​ក្លាយ​ជា​អាទិភាព​ចុង​ក្រោយ​បំផុត របស់​កូន​បំណុល ទៅ​ម្ចាស់​លុយ។

៣. ពិបាក​ហា​មាត់​ទារ​លុយ ព្រោះ​នៅ​យោគយល់​មុខ

​អ្នក​ខ្ចី​ខ្លះ​គឺ​មិន​ខ្វល់ ហើយ​គេ​មិន​យល់​អារម្មណ៍​នេះ អស់​ពី​រក​លេស​នេះ លេស​នោះ គឺ​ចុង​ក្រោយ​ កូន​បំណុល​ដាក់​១​ម៉ាត់​មក ម្ចាស់​លុយ​អាច​ឆ្អែត​ចិត្ត គឺ​ថា មាន​ពេល​ណា គេ​សង​ពេល​នឹង។ ចំណុច​នេះ ភាគ​ច្រើន​អ្នក​មាន​លុយ​ឲ្យ​គេ​ខ្ចី​តែង​រៀង​ចាល ព្រោះ​តែ​កូន​បំណុល​លេង​មួយ​ក្បាច់​ៗ សឹង​តែ​ខ្យល់​ចាប់ ព្រោះ​ម្ចាស់​លុយ​ ពិតជា​ហត់​រឿង​សុំ​ឲ្យ​គេ​សង។

៤. ពេល​ជួប​ជុំ​គ្នា​ល្អ​តែ​រូបភាព​ក្រៅ តែ​ក្នុង​ចិត្ត​ដូច​បាយ​ពុះ

​គូរ​បដិបក្ខ រឿង​លុយ​នេះ​គឺ​ពិត​ជា​មាន​អារម្មណ៍​មិន​ស្រួល​ទេ​ជួនកាល ទៅ​កម្មវិធី​ជាមួយ​គ្នា​មែន តែ​កុំ​ថា​ឡើយ​មុខ មើល​គ្នា សូម្បី​តែ​សម្ដី ក៏​មិន​អាច​និយាយ​រក​គ្នា​ដែរ។ មិនថា​អ្នក​ជា​មិត្តភ័ក្ដិ ឬ​សមាជិក​គ្រួសារ​ទេ កាល​បើ​មាន​ជាប់​ពាក់​ព័ទ្ធ​នឹង​បញ្ហា​លុយ​កាក់​នេះ​ហើយ គឺ​យ៉ាប់​ចិត្ត​តែ​ម្ដង។​

​៥. សម្របសម្រួល​ដល់​ទី​បញ្ចប់

ក្រោយ​ទំនាក់ទំនង​ចាប់​ផ្ដើម​ដើរ​ទៅ​រក​ភាព​ប្រេះឆា អ្នក​ខ្ចី​លុយ​ខ្លះ ក្រៅ​តែ​គេច​ពី​ការ​ទទួល​ខុសត្រូវ​ហើយ គឺ​នៅ​មក​បង្ហាញ​អារម្មណ៍​តាម​បណ្ដាញ​សង្គម នានា ថា​ខ្លួន​គឺ​ជា​អ្នក​បម្រើ​គេ ដូច​កញ្ជះ​គេ ខ្វះខាត​តិចតួច​រក​គេ ត្រូវ​គេ​មើល​ងាយ។​ ក្នុង​នាម​ជា​អ្នក​ផ្ដល់​លុយ​ឲ្យ​គេ​ខ្ចី គឺ​ក្រៅ​ពី​ហត់​រឿង​ទារ​លុយ​មិន​សង​ហើយ គឺ​ត្រូវ​មក​គិត​រឿង​សម្របសម្រួល​អារម្មណ៍​គ្នា​ដោយ​សារ តែ​រឿង​ចិត្ត​មិន​ដាច់​ព្រោះ​ធ្លាប់​ជា​ពួក​ម៉ាក និង​ជា​សាច់​ញាតិ និង​ដើម្បី​ចៀសវាង​រឿង​ធំ​ដុំ សុខ​ចិត្ត​សម្របសម្រួល។

៦. សុំ​ខ្ចី​បន្ថែម​រហូត​​បំណុល​វន្ត ក

នៅ​ពេល​ដែល​អ្នក​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​មិត្តភ័ក្ដិ​ ឬ​សមាជិក​គ្រួសារ​ម្ដង ជា​ពីរ​ដង​ហើយ ច្បាស់​ណាស់ គេ​នឹង​អាង​លើ​អ្នក ព្រោះ​សុំ​ពេល​ណា​ក៏​បាន និង​ងាយ​ៗ មិន​ដូច​ទៅ​ខ្ចី​ធនាគារ។

ដូច្នេះ​ហើយ គេ​អាច​វិល​ត្រលប់​មក​រក​អ្នក​ទៀត នៅ​ពេល​ដែល​គាត់​ត្រូវ​ការ​ប្រាក់​មិន​ថា​តិច ឬ​ច្រើន។ លើស​ពី​នេះ​មិត្តភ័ក្ដិ​និង​សមាជិក​គ្រួសារ​ផ្សេងទៀត​ ក៏​អាច​ស្នើ​សុំ​ខ្ចី​ប្រាក់​កាន់​តែ​ច្រើន​ទៅ​ៗ ​ផង​ដែរ​យក​ល្អ កុំ​មិន​គួរ​​ក្លាយ​ជា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ក្នុង​រង្វង់​គ្រួសារ​ និង​មិត្តភ័ក្ដិ​ទេ។

៧. គ្មាន​ចំណេញ​ការ​ប្រាក់

វា​ពិត​ជា​ករណី​ដ៏​កម្រ ដែល​អាច​ទទួល​បាន​ចំណេញ​ការ​ប្រាក់ ពី​កម្ចី​ជាមួយ​គ្នា​ឯង។ ព្រោះ​តែ​រឿង​នៅ​អាណិត ឬ​យោគយល់​មុខ​គ្នា និង​គ្មាន​លក្ខខណ្ឌ​កំណត់​ច្បាស់លាស់។ ជួនកាល ក្រៅ​តែ​គ្មាន​បាន​ការ​ប្រាក់​សូម្បី​១​រៀល​ហើយ គ្នា​ឯង​ខ្លះ​ច្រើន​តែ​បោក​គ្នា ឬ​ស៊ី​ដាច់​លុយ​គ្នា​ក៏​មាន។

៨.​ ដល់​ពេល​ចាំ​បាច់​លុយ​ខ្លួន​ឯង​ទៅ​ជា​ពិបាក​

មិនមែន​ជា​រឿង​លេង​សើច​ទេ រឿង​គ្នា​ឯង​ខ្ចី​លុយ មិន​ដែល​ទុំ​នេះ គឺ​មាន​ន័យ​ថា​ខ្ចី​មិន​ចេះ​សង ឬ​ស៊ី​ដាច់​តែ​ម្ដង។ នេះ​គឺ​ជា​ហេតុ​ផល​មួយ រហូត​ដល់​វេន​ខ្លួន​ឯង បន្ទាន់​ត្រូវ​ការ​លុយ​បំផុត គឺ​ពិត​ជា​ពិបាក ព្រោះ​ធ្លាប់​តែ​គេ​មក​ហា​សុំ​ខ្ចី​បាន​ៗ ប៉ុន្តែ​ដល់​វេន​ខ្លួន​ឯង​គឺ​ចប់ មិន​ដឹង​ទៅ​រក​អ្នក​ណា។ រហូត​ម្ចាស់​លុយ​ខ្លះ បែរ​ជា​ទៅ​ចង​ការ​ធនាគារ​វិញ​ក៏​មាន។

៩. បាត់​ទាំង​លុយ បាត់​ទាំង​មិត្ត​ភាព

តាម​បទ​ពិសោធ​រាប់​មិន​អស់ តាម​រយៈ​ការ​ចែករំលែក​តាម​បណ្ដាញ​សង្គម​ឌឺដង លែបខាយ​ដាក់​គ្នា​រឿង​ខ្ចី​លុយ​គ្នា​នេះ ​កន្លង​ទៅ វា​​ជា​ចំណុច​ គួរ​ពិចារណា​មួយ​ឲ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​ផ្ដល់​កម្ចី​ដល់​គ្នា​ឯង។

រឿង​លុយ​កាក់​នេះ អាច​គឺ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្លាប់​តែ​ស្រលាញ់ រាប់​អាន​គ្នា ចុង​បញ្ចប់ គឺ​ភាគ​ច្រើន គឺ​លទ្ធផល​មិន​សូវ​ល្អ​ទេ។ ទី​បំផុត​ទៅ គឺ​លុយ​ក៏​បាត់ មនុស្ស​ធ្លាប់​តែ​ល្អ ក៏​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​មួយ​រំពេច។

អត្ថបទ៖ ពៅ រក្សា