នៅ​ពី​ក្រោយ​ភាព​ជោគជ័យ សហគ្រិន​ឆ្នើម​រូប​នេះ​ ហ៊ាន​លក់​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ ដើម្បី​ដាក់​ទុនរកស៊ី

  • 2018-10-19 09:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​គេ​និយាយ​ពី​សហគ្រាស ឬ​ក្រុមហ៊ុន​ផលិត​នំ​នៅ​​​ក្នុងស្រុក​​ មាន​​មិន​ច្រើន​ឡើយ។ មូលហេតុ​ដោយ​​សារ​​ក្រុម​ហ៊ុន​ទាំង​នោះ​មិន​អាច​ឈរ​ជើង​ និង​ភាព​​ប្រកួត​ប្រជែង​ពី​ផលិតផល​នាំ​ចូល​បាន​។ ប៉ុន្តែ​​សម្រាប់ ​ក្រុម​ហ៊ុន​លីលី​ផលិត​នំ​ស្រួយ​​ មិន​ត្រឹម​ជា​សហគ្រាស​ផលិត​ ដើម្បី​ផ្គត់​ផ្គង់​នំ​នៅ​ស្រុក​ប៉ុណ្ណោះ​នោះ​ទេ តែ​​ក៏បាន​​នាំ​ចេញ​ ដើម្បី​ផ្គត់​ផ្គង់​នៅ​ក្រៅ​ប្រទេស​ផងដែរ។ ​

ផ្តើម​អាជីព​ដំបូង​ជា​អាជីវករ លក់ដូរ​ទំនិញ​បន្តិចបន្តួច ហើយ​ក្រោយ​មក​ជា​បុគ្គលិក​ផ្នែក លក់​នៅ​ក្រុមហ៊ុន សិង្ហបុរី​មួយ​ដែល​នាំ​ចូល​ស្រាបៀរ នំ និង​ភេសជ្ជៈ​ជាដើម អ្នកស្រី កែវ មុំ គឺជា​ស្ថាបនិក និង​នាយិកា​​ក្រុម​ហ៊ុន​ខាង​លើ​ ព្រមទាំង​បាន​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​សហគ្រិន ស្ត្រី​ដែល​ទទួល​បាន​ភាព​លេច​ធ្លោ និង​បាន​ជោគជ័យ​ម្នាក់។

អ្នកស្រី កែវ មុំ

កើត​នៅ​ឆ្នាំ ១៩៧៥ ក្នុង​ខេត្ត​តាកែវ នៅ​គ្រា​ដែល​​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ​បាន​ចូល​​មក​កាន់​កាប់​ប្រទេស ​និង​បាន​ធ្វើ​ឱ្យ​​មនុស្ស​ស្លាប់​អស់​ជិត​ ២​លាន​នាក់ ក្នុង​រយៈពេល​ដឹកនាំ​ប្រទេស​ជិត ​​៤​ឆ្នាំ។​ អ្នក​ស្រី​ និង​ក្រុម​គ្រួសារ​ទាំងអស់​ក៏​បាន​​ឆ្លង​កាត់​របប​ដ៏​ខ្មៅ​ងងឹត​នេះ​ដែរ។ នៅ​ដើម​ទសវត្ស​ឆ្នាំ​​ ១៩៨០ ​ គ្រួសារ​អ្នក​ស្រី​បាន​ផ្លាស់​មក​រស់​នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្តើម​​ប្រកបរបរ​លក់ដូរ​តិច​តួច។

ដោយ​សារ​ជីវភាព​មាន​ការ​លំបាក​ អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ត្រឹម​មធ្យម​សិក្សា និង​បាន​ស្វែង​រក​ការងារ​​ជា​បុគ្គលិក​​​ផ្នែក​លក់​​​នៅ​​ក្រុមហ៊ុន​​ភេសជ្ជៈ​មួយ​។​​ ធ្វើ​ជា​បុគ្គលិក​ផ្នែក​លក់​នេះ​ហើយ​ជា​ឱកាស​មួយ​ អាច​​ឱ្យ​អ្នកស្រី​បាន​សម្លឹង​ឃើញ​សក្ដានុពល​តម្រូវការ​​ទីផ្សារ​ក្នុង​​ប្រទេស​កម្ពុជា​ ខណៈ​អ្នកស្រី​​ធ្លាប់​បាន​ស្គាល់​ជនជាតិ​សិង្ហបុរី​ម្នាក់​ ដោយ​បាន​ផ្ដល់​ជា​ដំបូន្មាន​ថា បើ​នៅ​តែ​រក​ស៊ី​​ ​ត្រូវ​មាន​ផលិត​ផល​មួយ​ផ្ដាច់​មុខ​ដោយ​ខ្លួនឯង​ ទើប​ក្លាយ​ជា​អ្នក​មាន​បាន​។

នៅ​ឆ្នាំ ​២០០២ អ្នកស្រី​បាន​បង្កើត​ក្រុមហ៊ុន​លីលី​ផលិត​នំ​ស្រួយ ​ជាមួយ​នឹង​បុគ្គលិក​ជាង​ ២០ នាក់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​សហគ្រា​ស​ផលិត​នំ​ស្រួយ​លីលី​ ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់ និង​​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ចំនួន​ ២៥០​នាក់​។ លោកស្រី កែវ មុំ បាន​ចែក​រំលែក​បទពិសោធន៍​ទាំង​​នេះ​ជាមួយ​ Sabay ដូចតទៅ​៖

Sabay) ជា​ការ​ពិត​​លោកស្រី​រៀន​សូត្រ​មិន​​បាន​ច្រើន​ទេ តើ​គំនិត​រក​ស៊ី និង​​ការ​ធ្វើ​​អាជីវ​កម្ម​កើត​​ចេញ​ពីណា​ពេល​មក​​?

លោកស្រី កែវ មុំ ៖ ចា៎…ចំពោះ​គំនិត​អាជីវកម្ម​ហ្នឹង​​ ​គឺ​ដោយសារ​ខ្ញុំ​ មាន​ឪពុក​ម្ដាយ​ជា​អ្នក​អាជីវករ​រួច​ទៅ​ហើយ​។​ អញ្ចឹង​ខ្ញុំ​​ភ្ញាក់​ពី​គេង​មក​គឺ​ត្រូវតែ​ជួយ​ការងារ​លក់ដូរ​​នៅ​ក្នុង​ផ្ទះ​។ ​គំនិត​នៃ​ការ​ធ្វើ​អាជីវកម្ម​​ហ្នឹង​​ គឺ​មាន​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ ហើយ​ក៏​មិនមែន​ជា​ភាព​ចៃដន្យ​ដែរ ដែល​ខ្ញុំ​អាច​បង្កើត​អាជីវកម្ម​មួយ​បាន​។ វា​ជា​ការ​គ្រោង​ទុក​​ និង​បាន​​ថៅកែ សាំងហ្គាពួរ​គាត់​មាន​បំណង​ចង់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដឹកនាំ និង​អ្នក​មាន​​។ អញ្ចឹង​ក៏​គាត់​​ប្រាប់​យើង។ ចំណុច​ហ្នឹង​ហើយ​ ដែល​យើង​គិត​ ហើយ​ទុក​នៅ​ក្នុង​ចិត្ត។​

Sabay) ហេតុ​អ្វី​បាន​ជា​លោកស្រី​មាន​គំនិត​បង្កើត​រោងចក្រ​ផលិត​នំ​នេះ​ឡើង?

លោកស្រី កែវ មុំ ៖ ​ខ្ញុំ​ជា​អាជីវករ និង​​បាន​​ដើរ​លក់​​​ជាប្រចាំ​​នៅ​តាម​ទី​ផ្សារ ឃើញ​ថា ​​ភាគ​ច្រើន​បំផុត​​ផលិត​​ផល​​នៅ​​លើ​ទី​ផ្សារ​​ជា​របស់​​​នាំ​​ចូល​។ ​អញ្ចឹង​​ក្នុង​មួយ​​ថ្ងៃៗ​​ ផលិត​ផល​ត្រូវ​នាំ​ចូល​​ប្រទេស​កម្ពុជា​​យើង​ច្រើន​​មែន​ទែន​។ ​ដូច្នេះ​ហើយ​ទើប​​ខ្ញុំ​​នឹក​​ឃើញ​ដល់​ការ​​ផលិត​ផល​នំ។ នំ​នេះ​យើង​ឃើញ​ថា វា​សំពីងសំពោង ​​វត្ថុធាតុ​ដើម ​​គឺជា​ពោត​ ​និង​អង្ករ​។​ ពោត និង​អង្ករ​ជា​កសិផល​មួយ​ល្អ​ ដែល​អា​ច​​ងាយ​រក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង និង​តម្លៃ​សមរម្យ​។ បន្ទាប់​ម​ក​យើង​​គិត​​ថា បើ​យើង​អាច​ផលិត​នៅ​ក្នុង​ប្រទេស យើង​បាន​​គឺ​យើង​អាច​​ចំណេញ​ថ្លៃ​ដឹក​ជញ្ជូន​រួច​ទៅ​ហើយ​។ គឺ​យើង​អាច​ផ្តល់​នូវ​នំ​ចំណី​អាហារ​ដែល​ថ្មី ហើយ​ស្រស់ ជូន​ដល់​កុមារ​កម្ពុជា​ឱ្យ​ទទួល​ទាន​ មាន​នូវ​សុខភាព​ល្អ​ បង្កើន​នូវ​ភាព​ឆ្លាត​វ៉ៃ​ ការ​ផ្តល់​ឱកាស​​ការងារ​ដល់​កសិករ​ បង្កើន​​ការ​ដាំ​ដុះ​កសិផល​ ការ​ផ្តល់​ឱកាស​​ការងារ​ដល់​បុគ្គលិក​ កម្មករ កាត់បន្ថយ​ចំណាក​ស្រុក​ ផ្ដល់​ឱកាស ការងារ​ដល់​ឧស្សាហ៍​កម្ម​រួម​ផ្សំ​ដទៃ​ទៀត​ រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ដែល​ជា​គោលនយោបាយ​​របស់​រាជរដ្ឋាភិបាល​ផង។ គំនិត​ទាំង​អស់​ហ្នឹង​ហើយ ដែល​ខ្ញុំ​មើល​ឃើញ​ និង​សម្រេចចិត្ត​​ធ្វើ​យ៉ាង​ម៉េច ដើម្បី​អាច​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អញ្ចឹង​យើង​ត្រូវ​ចំណាយ ពេល​វេលា​ច្រើន​ ក្នុង​ការស្វែង​រក​ម៉ាស៊ីន។ ពី​មុន​អត់​ដូច​បច្ចុប្បន្ន​ទេ បច្ចុប្បន្ន​សម្បូរ វា​ដូច​ថា ពិភពលោក​នៅ​ក្នុង​ដៃ​របស់​យើង​ ត្រូវការ​អី​ គឺ​អាច​ស្រាវជ្រាវ​តាម​អ៊ីនធឺណេត​​ឃើញ​ភ្លាម​។ ប៉ុន្តែ​សម័យ​នោះ​អត់​មាន​អី​ទាំងអស់។ អត់​ដឹង​ថា ទៅ​រក​ទិញ​នៅ​ណា? អញ្ចឹង​ជួប​ម្នាក់​សួរ​ម្នាក់…យើង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ ទម្រាំ​ជួប​មនុស្ស​ដែល​ស្គាល់​​គ្នា​ និង​លក់​នៅកន្លែង​ណា(ម៉ាស៊ីន)? អញ្ចឹង​​ទីបំផុត​យើង​អាច​ដំណើរ​ការ​រោងចក្រ​នេះ​នៅឆ្នាំ ២០០២។

​Sabay) តើ​លោកស្រី​ជួប​​ឧបសគ្គ​អ្វី​ខ្លះ​ ពេល​ចាប់​ផ្តើម​ដំបូង?

លោកស្រី កែវ មុំ ៖ យើង​ជួប​បញ្ហា​ជាច្រើន​ទី​១​ ហិរញ្ញវត្ថុ ទី​២ ការ​គ្រប់​​​គ្រង​បុគ្គលិក​កម្មករ​ ទី​៣ ការ​ប្រើប្រាស់​ម៉ាស៊ីន ទី​៤ គឺ​ទីផ្សារ។ អញ្ចឹង ​គឺ​យើង​សឹង​តែ​សូន្យ​ទាំង​អស់​ ពេល​ហ្នឹង​ គឺ​ជួប​នឹង​ឧបសគ្គ​ និង​បញ្ហា​ច្រើន​មែន​ទែន​​ ពិសេស​បញ្ហា​ហិរញ្ញវត្ថុ ​គឺ​ខ្ញុំ​អត់​មាន​លុយ​ច្រើន​ទេ ដើម្បី​ទិញ​ម៉ាស៊ីន​ ប៉ុន្តែ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជាមួយ​នឹង​ភាព​ជឿជាក់​ថា យើង​អាច​ធ្វើ​បាន​​ក៏​សម្រេច​ចិត្ត​លក់​ផ្ទះ​យក​មក​ទិញ​ម៉ាស៊ីន​។​ ខ្ញុំ​លក់​ផ្ទះ​នៅ​អូឫស្សី​​បាន​តែ​ ៧ ៥០០០​ដុល្លារ​​ទេ​។ ផ្ទះ​ហ្នឹង​ គឺ​ដីឡូតិ៍​ពីរ​ល្វែង ប៉ុន្តែ​ខ្ញុំ​មិន​​ស្ដាយ​ទេ ព្រោះ​លក់​​យក​មក​ធ្វើ​អាជីវកម្ម​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ បាន​ខ្ញុំ​សម្រេច​ចិត្ត​លក់​ហ្នឹង។ ពេល​បើក​អាជីវកម្ម​ដំបូង​មាន​ទុន​ប្រហាក់​ប្រហែល​ខ្ទង់ ​១០​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​តែ​ខ្វះ​មុខ ​ខ្វះ​ក្រោយ​រក​បង​ប្អូន​បន្ថែម។ ​បើ​ខ្ញុំ​ដាក់​ប្លង់​ផ្ទះ​​នៅ​ធនាគារ​ក៏​មិន​បាន​ច្រើន​ដែរ។ដូច្នេះ​មាន​តែ​លក់​តែ​ម្តង។ ម្យ៉ាង​អាជីវកម្ម​យើង​ថ្មី​ផង ​ខ្ចី​នៅ​ធនាគារ​ក៏​មិន​បាន​ច្រើន​។ ចំពោះ​ការ​គ្រប់​គ្រង​បុគ្គលិក​កម្មករ​ យើង​ជា​ស្រ្តី​ ហើយ​វ័យ​ក្មេង​ការ​គ្រប់​គ្រង​បុគ្គលិក​​មាន​វ័យ​ចំណាស់​ជាង​យើង​​គឺ​មាន​ការ​លំបាក​មែន​ទែន​​។ ប៉ុន្តែ​ក្នុង​នាម​អ្នក​ដឹក​ត្រូវ​មាន​ការ​អត់ធ្មត់ និង​តែង​ផ្តល់​មតិ​កែ​លំអរ​ដល់​បុគ្គលិក។ អញ្ចឹង​នៅ​ពេល​ដែល​យើង​ប្រាប់​ទៅ​​គាត់​នឹង​សំគាល់​ថា ខុស​ឬ​ត្រូវ កើត​ ឬ​មិន​កើត​។ អញ្ចឹង​គាត់​នឹង​ចាប់​ផ្តើម​យល់ និង​គោរព​យើង​ ព្រោះ​យើង​យល់​នូវ​កិច្ច​ការងារ​ហ្នឹង​ទាំង​អស់​។ ការ​ប្រើប្រាស់​ម៉ាស៊ីន​​យើង​ជា​មនុស្ស​ស្រី​ក៏​មាន​ការ​លំបាក​ក្នុង​ការ​លើក​ឧបករណ៍​ធ្ងន់ និង​ធនធាន​មនុស្ស​ក៏​មាន​មិន​ច្រើន​។ ចំពោះ​ទីផ្សារ​ជំនាន់​ហ្នឹ​ង​ភាគ​ច្រើន​ជា​ផលិត​ផល​នាំ​ចូល​ យើង​យក​របស់​យើង​ទៅ​លក់​គេ​ថា របស់​ខ្មែរៗ មិន​មាន​គុណភាព​ មិន​មាន​ស្តង់ដារ​អីទេ​។ គាត់​ចេះតែ​និយាយ​ និង​ចេះ​តែ​ថា អញ្ចឹង​ទៅ​ ដោយ​សារ​គាត់​មិន​មាន​ជំនឿចិត្ត​ដោយ​សារ​​កម្ពុជា​យើង​ជំនាន់​នោះ​មិន​ទាន់​មាន​ការ​ផលិត​ដោយ​មាន​ស្តង់ដារ​​នៅ​ឡើយ។ អញ្ចឹង​យើង​ពិបាក​ក្នុង​ការ​ជំរុញ និង​លក់​ហ្នឹង​ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​យើង​​បង្ហាញ​គាត់​ថា ស្នាដៃ​កូនខ្មែរ​ផលិត​​ គឺ​មិន​អន់​ឡើយ​។ យើង​ផលិត​ពិត​ជា​មាន​គុណ​ភាព​ និង​មាន​ស្តង់ដារ​ជូន​ពួកគាត់​ទទួល​ទាន។ ​​

Sabay )​ តើ​​លោកស្រី​មាន​យុទ្ធសាស្ត្រ​​ទីផ្សារ​យ៉ាង​ដែរ​ពេល​នោះ?

​លោកស្រី កែវ មុំ៖ ចា៎ …គឺ​យើង​មាន​យុទ្ធសាស្រ្ត​ជាច្រើន​ក្នុង​ការ​ធ្វើ​ ទី១ សំខាន់​បំផុត​នំ​ត្រូវតែ​មាន​រស់​ជាតិ​ឆ្ងាញ់​ ទី​២ ការ​រចនា​សម្បក​វេច​ខ្ចប់​ត្រូវតែ​មាន​ភាព​ទាក់ទាញ ទី​៣ ត្រូវ​រិះរក​វិធី​យ៉ាង​ម៉េច​​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​​ផលិត​ផល​របស់​យើង តាម​រយៈ​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ សារព័ត៌មាន​ជាច្រើន​ពី​ការ​អនុវត្ត​ស្តង់ដារ​អនាម័យ​ និង​គុណភាព​ ព្រមទាំង​​​ការ​បើក​ឱ្យទស្សកិច្ច​សិក្សា​ស្វែង​យល់​ពី​ខ្សែ​សង្វាក់​ផលិត​កម្ម​​ផ្ទាល់​តែ​ម្តង​នៅ​ក្រុមហ៊ុន​។ ក្រៅពីនោះ​ក្រុមហ៊ុន​ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​​នៅ​ទូទាំង​ប្រទេស​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ឬក៏​បណ្ដា​ស្ថាប័ន​ផ្សេងៗ គឺ​យើង តែង​តែ​ចូលរួម ជាពិសេស​យើង​បាន​ចូល​រួម​តាំង​ពិព័រណ៍​នៅ​បណ្តា​ប្រទេស​ជាច្រើន​ផងដែរ ដែល​បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា។ ទីបំផុត​យើង​ទទួល​បាន​ការ​កើត​សរសើរ​ពីមាត់​មួយ​ទៅ​មាត់​មួយ​ និង​ទទួល​បាន​គាំទ្រ​ជា​បន្តបន្ទាប់ និង​បាន​ពង្រីក​ខ្សែ​សង្វាក់​ផលិត​កម្ម​ជាបន្តបន្ទាប់​។ អញ្ចឹង​ហើយ​បាន​យើង​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ក្រុមហ៊ុន​លីលី​ ក្លាយជា​ក្រុមហ៊ុន​ស្តង់ដា​ បើ​ទោះ​ជា​យើង​ចាប់​ផ្តើម​ពី​ដំបូង​ជា​ក្រុមហ៊ុន លក្ខណៈ​គ្រួសារ​ក៏ដោយ​ ប៉ុន្តែ​យើង​នឹង​បោះ​ជំហាន​ធ្វើ​ម៉េច ដើម្បី​ឱ្យ​​ប្រជាពលរដ្ឋ​គាំទ្រ​កើន​ឡើង។

Sabay )​ ហេតុ​អី​បានជា​ផលិត​ផល​អ្នក​ស្រី​ទាក់ទាញ​បាន​ទំនុក​ចិត្ត​ខ្ពស់​ និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន?

លោកស្រី កែវ មុំ ៖ មុន​នឹង​គេ​មក​ទិញ​ផលិត​ផល​យើង​ គឺ​គេ​អត់​ទាន់​ទុកចិត្ត​យើង​ទេ​ ពោល​គឺ​គេ​ត្រូវតែ​ចុះ​មក​ត្រួតពិនិត្យ​នៅ​ក្រុមហ៊ុន​របស់​យើង​ ការ​ផលិត​របស់​យើង​មាន​ស្តង់ដា​អនាម័យ​ហើយ​ឬនៅ​? បន្ទាប់​មក​គឺ​គេ​យក​ផលិត​ផល​របស់​យើង​ធ្វើ​តេស្ត​នៅ​ឡាបូ ចង់​ដឹង​ថា តើ​យើង​មាន​ប្រើប្រាស់​សារធាតុ​គី​មី​ប៉ះពាល់​ដល់​សុខភាព​ដែរ​ឬអត់​? ទាល់តែ​យើង​ជាប់​ហើយ​ គឺ​យើង​ត្រូវ​អនុវត្ត​តាម​ស្តង់ដា​ប្រទេស​គេ​នីមួយ​ៗ ទើប​យើង​អាច​នាំ​ចេញ​ទៅ​បាន​ គឺ​យើង​ជួប​នឹង​ផល​លំបាក​ច្រើន​ក្នុង​ការ​នាំ​ចេញ​។ ទោះ​បី​យ៉ាង​ណា​ក្រុមហ៊ុន​នៅតែ​ខិត​ខំព្យាយាម​ ហើយ​វាជា​មោទនភាព​មួយ​ដែល​គេ​គិត​ថា​ខ្មែរធ្វើ​អ្វី​មិន​បាន​ នាំ​អ្វី​ទៅ​មិន​បាន​។ អញ្ចឹង​យើង​ត្រូវតែ​ធ្វើ​ឱ្យ​កើត​ ឱ្យ​គេ​មើល​ឃើញ​ថា យើង​មិន​អន់​ទេ។ ដូច្នេះ​គិត​មក​ដល់​បច្ចុប្បន្ន​យើង​អាច​នាំ​ចេញ​ទៅ​១២ ប្រទេស​ហើយ មាន​អាមេរិក កាណាដា អូស្ត្រាលី ​ថៃ ម៉ាឡេស៊ី និង​កូរ៉េ ជាដើម​។

Sabay )​តើ​ការ​បោះ​ជំហ៊ាន​មក​ដល់​ចំណុច​នេះ លោកស្រី​គិត​ថា ជា​ភាពភាព​​ជោគជ័យ​ហើយ​ឬនៅ?

លោកស្រី កែវ មុំ៖ ខ្ញុំ​គិត​ថា​អ្វី​ដែល​ទទួល​បាន​នេះ​គ្រាន់តែ​ជា​លទ្ធផល​មួយ​បាន​មក​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​មុន​​ប៉ុណ្ណោះ ព្រោះ​ដរាប​ណា​យើង​នៅ​មាន​ជីវិត​​ ភាព​ជោគជ័យ​ និង​​បរាជ័យ​ខុស​គ្នា​តែ​មួយ​ជំហាន​ប៉ុណ្ណោះ។ បើ​យើង​ធ្វេស​ប្រហែស​ អាច​ជួប​នឹង​ភាព​បរាជ័យ​ភ្លាម​។ ខ្ញុំ​អាច​លើ​ជា​ឧទាហរណ៍​​ថា ពីមុន​យើង​អត់​មាន​អីសោះ យើង​ធ្វើ​បាន​ប៉ុណ្ណឹង​ ចុះ​ឥឡូវ​យើង​មាន​ប៉ុណ្ណឹង…​យើង​អាច​ធ្វើ​បាន​ច្រើន​ទៀត​។ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ និង​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ដូច​យើង​ជិះ​សេះ ទោះ​បី​ស្ទាត់​ជំនាញ​យ៉ាង​ណា បើ​ធ្វេស​ប្រហែស​តែ​បន្តិ​ច​អាច​នឹង​មាន​គ្រោះថ្នាក់​គ្រប់​ពេល​។

Sabay ) តើ​អ្វី​ទៅ​ជា​កម្លាំងចិត្ត​ជំរុញ ឱ្យ​​អ្នកស្រី​​ពុះពារ​គ្រប់​ឧបសគ្គ​រហូត​ទទួល​បាន​ជោគជ័យ?

លោកស្រី កែវ មុំ៖​ កត្តា​ដែល​ជំរុញ​ និង​លើក​ទឹកចិត្ត​ខ្ញុំ​ ​ឱ្យ​ចេះ​ខិត​ខំប្រឹង​ប្រែង​គឺ ខ្ញុំ​ធ្លាប់​​ជួប​បញ្ហា​ដែល​គេ​ធ្លាប់​មើលងាយ​ថា ​ធ្វើ​អ្វី​មិន​កើត​នេះ​ជា​កម្លាំង​ធំ​បំផុត​។ បន្ទាប់​​ខ្ញុំ​ក៏​រីករាយ​ជាមួយ​នឹង​លទ្ធផល ដែល​យើង​ធ្វើ​ទៅ​ពិត​ជា​ទទួល​បាន​​ផ្លែ​ផ្កា​ ហើយ​អ្វី​ដែល​កាន់​តែ​សប្បាយ​ចិត្ត​នោះ​លទ្ធផល ​នៃ​ការ​ខិត​ខំប្រឹង​ប្រែង​នេះ អាច​ចែករំលែក​ទៅ​អ្នក​ជុំវិញ​ខ្លួន​ និង​សង្គម​យើង​បាន​មួយ​ចំណែក​ដែរ។ នេះ​គឺជា​ភាព​រីករាយ​មួយ​ដែល​ខ្ញុំ​នឹង​បន្តទៅ​មុន​ទៀត​ដោយ​មិន​គិត​ភាព​នឿយហត់។

Sabay ) ​តើ​លោក​ស្រី​​មាន​អនុសាសន៍​អ្វី​ខ្លះ​ជា​ការ​ចែក​រំលែក​ដល់​ស្រ្តី​ខ្មែរ​ផ្សេង​ទៀត?

លោកស្រី កែវ មុំ ៖ ជា​ការ​ពិត​ស្រ្តី​អាច​ធ្វើ​អ្វី​​ៗ​បាន​ច្រើន​ណាស់​ យើង​ពុំ​គួរ​យក​គំនាប​​គ្រួសារ​មក​ដាក់​ខ្លួន​ទេ​។ ​បុរស​ជា​ស្វាមី​ត្រូវតែ​មាន​លើក​ទឹកចិត្ត​ដល់​កូន​ស្រី និង​ភរិយា​ចូលរួម​សង្គម​ឱ្យ​បាន​ច្រើន​។ នៅ​ពេល​គាត់​ចូលរួម​​ក្នុង​សង្គម​បាន​ច្រើន​គាត់​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ផ្សេងៗ​ពី​ខាង​ក្រៅ​។ ​គាត់​អាច​ពង្រឹង​សមត្ថភាព​គាត់​បាន​…អាច​យក​មក​ពង្រីក​អាជីវកម្ម​បាន​លឿន​ ជាពិសេស​នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​បើ​យើង​ពឹង​តែ​មេ​គ្រួសារ​ជា​ស្វាមី​មួយ​ យើង​អត់​ចេះអី​នៅ​តែ​ផ្ទះ នៅ​ពេល​ដែល​សសរ​​គ្រួសារ​ហ្នឹង​ដួល​រំលំ​ ផ្ទះ​ហ្នឹង​មួយ​ទាំងមូល​នឹង​អាច​មាន​បញ្ហា​ទៅតាម​ហ្នឹង។ អញ្ចឹង​យើង​សង្ឃឹម​ថា បច្ចុប្បន្ន​នេះ​យើង​គួរតែ​លុបបំបាត់​នូវ​ផ្នត់​គំនិត​ថា ស្ត្រី​ធ្វើ​អ្វី​មិនកើត​ បង្វិល​ចង្ក្រាន​មិន​ជុំ យើង​រួម​គ្នា​អភិវឌ្ឍន៍​គ្រួសារ​កាន់តែ​រីកចម្រើន​។ ទោះ​យ៉ាង​ណា​ស្រ្តី​ពុំ​គួរ​មាន​មោទនភាព​នឹង​ខ្លួនឯង​ពេក​ដែរ ត្រូវ​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ និង​កុំ​ឆេវឆាវ៕

អត្ថបទ៖ សុផល