អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ នា​ពេល​ឆាប់ៗ​នេះ

  • 2018-10-20 07:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុងទី ៣​នេះ មាន​ស្ថាន​ភាព​បត់បែន បែក​ខ្នែង​ខ្វាត់ខ្វេង និង​មាន​ប្រវែង​សរុប ៤៧,៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប ២៥ម៉ែត្រ តម្លៃ​សរុប ២៥៩លានដុល្លារអាម៉េរិក​ជា​ជំនួយ​របស់​ចិន គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ។ ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រា​ជធានីភ្នំពេញ ពី​ផ្លូវជាតិលេខ៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវជាតិ​លេខ​១។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០១៨​នេះ។​

គំរូប្លង់ផ្លូវក្រវាត់ក្រុងទី៣ (រូបភាព៖ AKP)

ទី​ភ្នាក់​ងារ​ AKP បាន​ស្រង់​សម្ដី​ពី​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​សាធារណការ​ក្រុង​បាន​ឱ្យ​ដឹង​ថា តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា ធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ ព្រម​ផ្ដល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹក​ប្រាក់​ប្រមាណ ២៥៩ លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នឹង​សាង​សង់​ឆាប់ៗ​នេះ​ហើយ។ កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា កាលពីថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៨ កន្លងមក។

ក្រុម​ហ៊ុន​សំណង់​សៀងហៃ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣​នេះ និង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ពី​ក្រុមហ៊ុន​ក្វាងចូវ វ៉ាន់​អាន មក​ពី​ប្រទេសចិន។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុងទី ៣នេះ នឹង​មាន​ប្រវែង​សរុប ៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។

គំរូប្លង់ផ្លូវក្រវាត់ក្រុងទី៣ (រូបភាព៖ AKP)

ប្រភព​សារព័ត៌មាន​ខាង​លើ​បាន​បន្ត​ទៀត​ថា ផ្លូវក្រវាត់ទីក្រុងទី៣នេះ ផ្លូវ​រថយន្តមាន​៤គន្លង ដែល​មួយ​គន្លង មាន​ទទឹង ៣,៥០ម៉ែត្រ ចំណែក​ផ្លូវ​ទោចក្រ​យានយន្ត ២គន្លង មួយ​គន្លង​មាន​ទទឹង ២,២៥ម៉ែត្រ។ ផ្លូវ​នេះ​នឹង​ត្រូវ​សាងសង់ ចាប់​ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរដឹម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់ផ្លូវ​ជាតិ​លេខ៣ ត្រង់​ចំណុច​គីឡូម៉ែត្រលេខ ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ ២២+៨០០ និង​កាត់​ផ្លូវ​ជាតិ​លេខ២១ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ ១៨+៤០០ និង ផ្លូវ​ខ្នែង​ប្រវែង ៥,៣៧៥ម៉ែត្រ។

តាម​រយៈ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ទី​ក្រុង​ទី៣នេះ សម្រាប់​វិស័យ​អចលនទ្រព្យ ការ ពង្រីក​ផ្លូវ​ក្រវាត់​ក្រុង​ថ្មី​នេះ​បាន​បញ្ជាក់ថា វិស័យ​អចលនទ្រព្យ កំពុងតែ​មាន​កំណើន​ខ្លាំងក្លា ដែល​ទាមទារ​ឱ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែម​ទៀត ដើម្បី​ពង្រីក​ទំហំ​វិនិយោគ​ឱ្យ​កាន់​តែ​ច្រើន។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវាត់​ក្រុង​ដ៏​ធំ​មួយ​នេះ នឹង​ជំរុញ​ទាំង​ចំនួន និង​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​តំបន់ នោះ​ឱ្យ​កើន​ឡើង​ថែមទៀត៕

ប្រភព៖ AKP   អត្ថបទ៖ AKP