ញាក់សាច់! សូម្បីថ្នាំកសិកម្ម ក៏ចេះតែយកផ្សំបិទស្រាដែរ អីចឹងតើបានចេះតែពុលគេឯង

  • 2018-10-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពិនិត្យ​ឃើញ​មាន​ករណី​ពុល​ស្រា​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​ប្រកាស​ខិត្តប័ណ្ណ​អប់រំ និង​ផ្សព្វផ្សាយ​ស្ដី​ពី​បញ្ហា​ស្រា និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នេះ​បើ​តាម​ទំព័រ ហ្វេសប៊ុក របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល។

ទំព័រ ហ្វេសប៊ុក ដដែល​បាន​ចុះ​ផ្សាយ​ថា ដោយ​ពិនិត្យ​ឃើញ​ ក្នុងរយៈ​ពេល​កន្លង​មក​ មាន​ករណី​ពុល​ស្រា​បាន​កើតឡើង​ជា​ញឹកញាប់​ ដែល​បណ្ដាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ជួប​គ្រោះថ្នាក់ រហូត​ដល់​ខ្លះ​បាន​បាត់បង់ជីវិត។

ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​បាន​រៀបចំ​ខិត្តប័ណ្ណ​អប់រំ ផ្សព្វផ្សាយ​ដល់ អ្នក​ផលិត អ្នក​ចែកចាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ប្រើប្រាស់ ឲ្យ​យល់​ដឹង​ពី​អំពី​មូលហេតុ​នៃ​ការ​ពុល និង​ផល​ប៉ះពាល់​ វិធានការ ដើម្បី​បង្ការ​ករណី​គ្រោះថ្នាក់​ ដែល​បណ្ដាល​មកពី​ការ​ពុល​ស្រា។ ចំណុច​សំខាន់​ៗ នៃ​ខិត្តប័ណ្ណ​អប់រំ​មាន​ដូចជា

១. ការ​សម្គាល់​មូលហេតុ​នៃ​ការ​ពុល​ស្រា

បើ​និយាយ​ពី​និយមន័យ ស្រា គឺ​ជា​ល្បាយ​រវាង​អង្គធាតុ​ ពីរ​សំខាន់ មាន​ដូចជា ទឹក និង​អាល់កុល​ប្រភេទ​អេតាណុល។ រីឯ​មូលហេតុ​នៃ​ការ​ពុល​ស្រា ​ដោយសារ​តែ​ជាតិពុល​ ដែល​មាន​នៅ​ក្នុង​ស្រា ដូចជា

  • ការដាក់លាយសារធាតុមេតាណុល ថ្នាំ​កសិកម្ម ​លោហៈ​ធ្ងន់ ខុសបច្ចេកទេស

  • រួមនឹងការ​ផលិត​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ខ្វះ​អនាម័យ។

  • សំបក​វេច​ខ្ចប់​មិន​សម​ស្រប

  • ការ​លួច​លាយ​សារធាតុពុល (មេតាណុល ដេដេតេ ឬ​រុក្ខជាតិ​ពុល)

  • ស្រា​ដែល​មាន​តម្លៃ​ទាប​ខ្លាំង​ គួរ​ឲ្យ​កត់​សម្គាល់។

២. ផល​ប៉ះពាល់

មាន​ពី​កម្រិត​ស្រាល​ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក ឈឺក្បាល វិលមុខ ឬ​ឈឺ​ក្នុង​ពោះ និង​បើ​ជា​ករណី​ធ្ងន់ គឺ​ដល់​ស្លាប់​តែ​ម្ដង។

គួរ​រំលឹក​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ពុល​ស្រា កន្លងទៅ​ក្រសួង​សុខាភិបាល​ ធ្លាប់បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ទី​១.បញ្ឈប់​ការ​បិទទីតាំង និង​លក់​ស្រា​ស​ក្នុង​មូលដ្ឋាន​មានបញ្ហា ​និង​អប់រំ ​អនាម័យ​រស់​នៅ​ហូប​ស្អាត​ ដល់​ប្រជាជន​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​បញ្ហា ដូចជា​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ផ្សេងទៀត៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី