ការសិក្សាថ្មី រកឃើញថា វិស្វករលុយខាប់ តែពិបាករកនារីយល់ចិត្ត ដោយសារ ៤រឿងនេះ

  • 2018-10-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញ​វិស្វកម្ម ដែល​មាន​វិស្វករ​តាម​ផ្នែក​នីមួយៗ គឺ​ជា​ការងារ​មួយ​ល្អបំផុត​ ហើយ​ក៏​សំបូរ​ទីផ្សារ ដែល​គេ​ច្រើន​និយាយ​ថា អ្នក​រៀន​ផ្នែក​នេះ គឺ​ត្រូវ​ប៉ាន់​​ខ្លាំង បើ​បាន​ជា​គូរ​ហើយ ដឹង​តែ​មិន​បាច់​ខ្វល់​រឿង​អត់​លុយ​ចាយ។

តាម​ការសិក្សា​របស់​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​៩ខែ ឆ្នាំ២០១៨​នេះ តម្លៃ​ពលកម្ម ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្សេងទៀត ក្នុង​១ខែអាចទទួល​បាន​ប្រាក់​បៀវត្ស​ពី​ ៤០០ដុល្លារ ទៅ ២៥០០ដុល្លារ។

ក្រៅពី​មាន​ប្រាក់ខែ​ច្រើន ដែល​អំណោយផល​ដល់​ជីវភាព ​វិស្វករ​១ក្រុម សូម​ចែករំលែក​រឿង​ពិត ៤​ចំណុច មក​កាន់ Sabay ដែល​ខ្លួន​បាន​ជួប​ប្រទះ ក្នុង​ជីវភាព​រស់នៅ ពិសេសជីវិតស្នេហាតែម្តង។

វិស្វករ​ប្រុស​ៗ​ទាំង​នោះ​បញ្ជាក់​ថា ​ពេល​ខ្លះ ពិត​ជា​ធ្វើ​ឲ្យ​ឈឺ​ក្បាល​ជាង​ការ​គូស​ប្លង់​អគារ​ ឬ គូស Autocad Drawings (ឈ្មោះកម្មវិធីសម្រាប់គូសប្លង់) ទៅទៀត​ រឿងមិត្តស្រីខឹង ដោយសារតែការងាររវល់។

ម្យ៉ាងវិញទៀត វារឹតតែពិបាក រឿងរកអ្នកចេះ​យោគយល់​ពីការងារ​ផ្នែក​នេះ​ ដោយសារប្រុសៗវិស្វករ តែងមាន ៤ចំណុចនេះ។

១.គ្មានពេលវេលា​ទំនេរ

ជា​ការពិត​ក្រុម​វិស្វករ​គឺ​ភាគ​ច្រើន​បំផុត​មាន​ការងារ​រវល់​ខ្លាំង​តាម​ការទទួលខុសត្រូវ មិន​ថា​តូច ឬ​ធំនៅ​តាម​ការដ្ឋាន​នីមួយៗ គ្មាន​យប់ ឬ​ថ្ងៃ។ ជួនកាល​ថ្ងៃ​ឈប់​សម្រាក ក៏​មិន​សូវ​ទំនេរ ដូច​អ្នក​ធ្វើ​ការ​ការិយាល័យ​ដែរ ព្រោះ​តែ​កិច្ចសន្យា ដែល​ត្រូវ​បញ្ចប់​ការងារ​ឲ្យ​គេ​តាម​កំណត់ ចៀសវាង​សង​លុយ​គេ។

រូបតំណាង

ចំណុច​នេះ​ហើយ ជា​ហេតុផល ដែល​អ្នក​ធ្វើការ​វិស្វករ​ អត់មាន​ពេល​ឲ្យ​ដៃគូ។ ពួកគេ ចង់​បាន​នារី​ដែល​ឯករាជ្យ​ មិន​សូវ​ពិបាក​ផ្គាប់​ចិត្ត ដូចជា​ជូន​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា បែប​លំហែ​អារម្មណ៍ ឬ​មើល​កុន​ជាដើម។ បើ​និយាយ​ឲ្យ​ចំ ពេល​ទំនេរ​ប្រុសៗ​ជា​វិស្វករ សុខចិត្ត​នៅ​ផ្ទះ​ដេក​តែ​ម្ដង មិន​សូវ​ចង់​ចេញ​ក្រៅ​ទេ។ ​

២. ការ​បង្ហាញ​ភាព​ផ្អែមល្ហែម

ចំណុច​នេះ​មិនមែន​មាន​ន័យ​ថា​បុរស​ធ្វើការ​ផ្នែក​នេះ មិន​ផ្អែមល្ហែម​ទេ តែ​ចង់​សំដៅ​ដល់​ការ​បង្ហាញ​ជា​សាធារណ គឺ​ប្រុសៗ​ក្រុម​នេះ មិន​សូវ​និយម។ បើ​ជ្រុល​ ក្រុម​​វិស្វករ​សម្រុក​រក​លុយ រួច​ហើយ​ទិញ​របស់​ឲ្យ​នារី​ជា​គូស្នេហ៍ ឬ​ប្រពន្ធ នូវ​កាដូ​ធំ​ៗ​ ដូចជា ឡាន ផ្ទះ ឬ​គ្រឿង​អលង្ការ​ ឲ្យ​ស្ងាត់​ៗ​ទៅ​វិញ អត់​ចង់​សំញែង​គេ​ឯង​សោះ​តែ​ម្ដង។

រូបតំណាង

បើ​ដឹង​ចំណុច​នេះ​ហើយ នារី​ៗ តិច​នៅ​ច្រឡំ​ខឹង​សម្បារ​ ឬ​អន់ចិត្ត​ប្រៀបធៀប ថា​ហេតុអ្វី​ គូស្នេហ៍​ខ្លួន មិន​ផ្អែមល្ហែម​ដូច​គេ មិន​ធ្វើ​កម្មវិធី​ភ្ញាក់​ផ្អើល​ថ្ងៃ​ខួបកំណើត ឬ​នាំ​ទៅ​នេះ ទៅ​នោះ​? តាម​ការ​ពិត ភាព​រវល់​វក់វី​ការងារ​ច្រើន​ដូច​ភ្នំ​ ​រក​ពេល​ដេក​សឹង​មិន​បាន​ទាំងនេះ​ ក៏​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​តែ​ប៉ុណ្ណោះ។

៣. ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ Privacy

មិន​បាច់​មើល​អី​ច្រើន​ទេ មើល​តែ​ហ្វេសប៊ុក ទៅ​ដឹង​ហើយ អ្នក​រៀន​វិស្វករ​ភាគច្រើន​ចាស់​មុន​អាយុ។ ដូច្នេះ ការ​លេង​បណ្ដាញ​សង្គម គឺ​ខុស​ពី​ក្មេង​ស្ទាវ​ដាច់ កម្រ Post Status ណាស់។ មិនថា​នារី​ជា​គូស្នេហ៍​ចង់ Tag ឬ Mention អី​បែក​មេដៃ​ ឲ្យ​ទៀត ​ក៏​គេ​មិន​ងាយ​រវល់​ឡើយ។ តាម​ពិត​ឃើញ​ទាំងអស់​តែ​សំខាន់ ពួកគាត់​មិន​សូវ​ចូលចិត្ត​ឆ្លើយឆ្លង តាម Comment លេង​សើច​អី​ហ្នឹង​ទេ។

រូបតំណាង

តែ​បើ Group ការងារ​វិញ​ឆ្លើយ​សារ​ទៅ​មក​ដូច​ទឹក​បាក់​ទំនប់ ព្រោះ​ខ្លាច​នាំ​បញ្ហា ដាច់​សាច់​រឿង​ការងារ​ អំពល់​ទុក្ខ​សង​លុយ​គេ។ ក្រុម​វិស្វករ​និយាយ​រួម គឺ​មិន​សូវ​មាន​ដុង​រឿង​សម្ដែង​ ឬ​បង្ហាញ​អារម្មណ៍ ឬ​បង្ហោះ​សារ​ តាម​ហ្វេសប៊ុក​តែម្តង។

​៤. របៀប​តុបតែង​ខ្លួន

តិច​ច្រឡំ​ថា​ក្រុម​នេះ​មិន​ចង់​លេង​ខ្លួន ឬ​អត់​លុយ។​ តាមការពិត​និយាយ​ដល់​ចំណុច​នេះ សឹង​តែ​១០ លើ​១០​នាក់​ហើយ ប្រុស​ៗ​ធ្វើការ​ផ្នែក​នេះ គឺ​ខ្សត់​រឿង Style តែង​ខ្លួន​ណាស់។

ព្រោះ​រវល់​នឹង​ការងារ ហើយ​បរិយាកាស​ទៀតសោត ក៏​មិនសូវ​អំណោយផល​ឲ្យ​ស្លៀក​ពាក់ ដូច​បុគ្គលិក​ក្នុង​ការិយាល័យ​ ពាក់​ស្បែក​ជើង​ ប៊ូល ឬ​ដាក់​អាវ​ក្រវាត់ ក​ អី​ណាស់។

រូបតំណាង

ខោអាវ ដែល​ពេញ​និយម បំផុត​គឺ អាវ​ការដ្ឋាន​មាន​ចំណាំង​ប្លាត​ដូច​ប៉ូលិស​ចរាចរណ៍ ឬ​ស្បែក​ជើង​សុវត្ថិភាព​ ក្រាស់ៗ បាំង​អស់​ភាព​សង្ហារ​នៃ​ធម្មជាតិ​បុរស។ បើ​ប៉ះ​គូស្នេហ៍ យល់​ចិត្ត គឺ​ជួយ​រៀប​ចំ​ឲ្យ​ទៅ​មិន​សូវ​អី​ទេ តែ​បើ​ប៉ះ​ខាង​ស្រី ​អ្នក​ពូកែ​ខឹង​ទៀត​ គឺ​ចប់ ព្រោះ​ក្រុម​ប្រុស​ៗ​វិស្វករ មិន​ចេះ​លួង​ទៅ​ទៀត។

អត្ថបទ៖ ពៅ រក្សា