ពិតអត់ ញ៉ាំទឹកមាន PH ខ្ពស់ ល្អចំពោះសុខភាព?
- 2018-10-22 06:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតអត់ ញ៉ាំទឹកមាន PH ខ្ពស់ ល្អចំពោះសុខភាព?
ចន្លោះមិនឃើញ
PH ជារង្វាស់កម្រិតជាតិអាស៊ីដ ឬអាល់កាឡាំងនៅក្នុងទឹក។ PH កម្រិតក្រោម ៧ មានន័យថា ទឹកមានជាតិអាស៊ីដ។ PH លើ ៧ មានន័យថា ទឹកអាល់កាឡាំង។ ឯ PH ស្មើ ៧ វិញ មានន័យថា ណឺត។
មានការសិក្សា (Research) ជាច្រើន កំពុងធ្វើឲ្យមនុស្សជុំវិញពិភពលោកស្រពិចស្រពិលយល់ច្រឡំលើរឿង PH ទឹកផឹកនេះ ដោយលើកឡើងថា ទឹកអាល់កាឡាំង មានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដល់ថ្នាក់អាចជួយកម្ចាត់ជាតិពុលក្នុងខ្លួន កម្ចាត់ជាតិអាស៊ីដក្នុងខ្លួន ធ្វើឲ្យវ័យក្មេង ស្បែកស្អាត បន្ថយសម្ពាធឈាម និងកាត់បន្ថយជំងឺមហារីកជាដើម។
ប៉ុន្តែ ការអះអាងទាំងនេះ គ្មានភស្តុតាងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រណាមួយគាំទ្រឡើយ ហើយទាំងនោះ គឺជាយុទ្ធសាស្ត្រទីផ្សាររបស់គេប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់អាមេរិក និងសិង្ហបុរី The New York Times និង The Straits Times ដែលស្រង់សម្ដីអ្នកជំនាញផ្សេងៗ។
ផលប៉ះពាល់ ពេលផឹកទឹកមាន PH ទាបពេក ខ្ពស់ពេក
ត្រីក្នុងបឹង ងាប់ ពេលទឹកមាន PH ក្រោម ៤,៥ និងលើ ១០។ យោងតាមអង្គការសុខភាពពិភពលោក (WTO) ទឹកផឹកដែលមាន PH លើ ១១ អាចបង្កឲ្យមានបញ្ហារមាស់ រោលស្បែក ភ្នែក និងភ្នាសរំអិលក្នុងសារពាង្គកាយ។ ផ្ទុយមកវិញ ទឹកផឹកដែលមាន PH ក្រោម ៤ ក៏បញ្ហារមាស់ រោលដូចគ្នានេះដែរ។ WTO បានព្រមានថា ទឹកផឹកមាន PH ទាបពេក និងខ្ពស់ពេក អាចធ្វើស្ថានភាពស្បែកកាន់តែអាក្រក់។
ក្រៅពីនេះ ទឹកផឹកដែលមានជាតិអាស៊ីដ (PH ទាប) អាចបង្កបញ្ហាធ្ងន់ធ្ងរជាច្រើន តាមរយៈការលេចធ្លាយលោហធាតុពុលក្នុងប្រព័ន្ធបំពង់ទឹក ដោយសារជាតិអាស៊ីដស៊ី។ អង្គការក្រុមប្រឹក្សាប្រព័ន្ធទឹករបស់អាមេរិក (Water System Council) បានព្រមានថា លោហធាតុពុលទាំងនោះ អាចមានជាតិសំណ ខណៈដែលក្រសួងសុខាភិបាលរដ្ឋ New York ក៏បានពន្យល់ដែរថា ជាតិសំណអាចប៉ះពាល់ដល់បញ្ហាសរសៃប្រសាទ និងការបន្តពូជ ដូចជា ប្រកាច់ បញ្ហាត្រចៀកស្ដាប់លែងឮទៅៗ រលូតកូន។
ចុះកម្រិត PH ទឹកផឹកប៉ុណ្ណាទើបមានសុវត្ថិភាពចំពោះមនុស្ស?
ទឹកផឹកមាន PH ទាបពេក និងខ្ពស់ពេក សុទ្ធតែនាំទុក្ខដល់សុខភាព។ ទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) បានកំណត់ស្តង់ដារថា ទឹកផឹកដែលមានសុវត្ថិភាពបំផុតត្រូវមាន PH ចន្លោះពី ៦,៥ ទៅ ៨,៥។ ទឹកផឹកនៅអាមេរិក ត្រូវគោរពតាមស្តង់ដារកំណត់ដោយ EPA នេះ ដើម្បីសុវត្ថិភាព មិនថាទឹកម៉ាស៊ីនរបស់រដ្ឋ ឬទឹកសុទ្ធលក់ក្នុងទីផ្សារនោះឡើយ។
ធ្វើម៉ែចទើបដឹងថាទឹកផឹករបស់យើងមាន PH ប៉ុន្មាន?
បើសិនអ្នកទិញទឹកសុទ្ធ ជាពិសេសទឹករ៉ែ លើសម្បកដបមានបញ្ជាក់កម្រិត PH ស្រាប់តែម្ដង។ អ្នកក៏អាចទិញសូលុយស្យុងវាស់ PH ទឹក នៅក្នុងទីផ្សារបានផងដែរ។ រូបភាពខាងក្រោមនេះ បញ្ជាក់ពីកម្រិតជាតិអាស៊ីដ និងអាល់កាឡាំងក្នុងទឹក៕