រំភើបណាស់! រថភ្លើងTram រត់តែក្នុងក្រុង ត្រៀមដំណើរការដំបូងបំផុតនៅភ្នំពេញ

  • 2018-10-22 10:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨  នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផ្លូវរថភ្លើង Tramway ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុង​ការរៀបចំ យុទ្ធនាការផ្សព្វផ្សាយអំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាន​និង​វិធាន​សុវត្ថិភាព​សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិតវីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ​អំពីចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលក្នុងការ​ដាក់ឲ្យដំណើរ​ការ​រថភ្លើងប្រភេទ Tram និងការ​អប់រំ​ផ្សព្វផ្សាយ​ដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។

រថភ្លើង​ Tram ជា​ប្រភេទ​រថភ្លើង​ដែល​រត់​តែ​ក្នុង​ក្រុង​ប៉ុណ្ណោះ នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន បាន​ដំណើរ​ការ​រថភ្លើង​ប្រភេទ​នេះ ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដែល​រស់​នៅ​ទីក្រុង។ ឥឡូវ​នេះ​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​មាន​ផ្លូវ​រថភ្លើង​ប្រភេទ​នេះ​ដែរ ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទាំង​ឡាយ​ណា ដូចជា៖ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទៅ។

រថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង ដំឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ កំពុង​ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា​ហើយ។ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Rayal Railway Cambodia រថភ្លើង​ទាំង​៣​គ្រឿង​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ហើយ។

រថភ្លើង​ធុនស្រាល​ដែល​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ​នេះ គឺ​មាន​តម្លៃ ២លាន​ដុល្លារ​ក្នុង១​គ្រឿង។ ចំណែក​ឯ​ខ្សែ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រវែង​ ១០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៨។ ដោយ​ឡែក​ចំពោះ​រថភ្លើង Tram ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នេះ នឹង​ដំណើរ​ការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖ វឌ្ឍនៈ