អាន ៦ ហេតុផល​នេះ​សិន! មុន​ចង់ទិញ iPhone XR ហើយ​រំលង iPhone 7 Plus

  • 2018-10-22 13:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR ល្ហិចល្ហៀង​ថា​នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​នា​ដើម​ខែ​វិច្ឆិកា ក្រោយ Apple បាន​ប្រកាស​បង្ហាញ​ក្នុង​ថ្ងៃ​តែ​មួយ​រួម​គ្នា​នឹង​ធុន​ខ្ពស់ iPhone XS/XS Max។ ស្ថិត​ក្នុង​តម្លៃ ៧៤៩ ដុល្លារ (ទីផ្សារ​អាមេរិក) ក៏​មាន​អតិថិជន​មួយ​ចំនួន​កំពុង​ស្ទាក់ស្ទើរ​ចិត្ត តើ​គួរ​ចំណាយ​លុយ​ទិញ​ម៉ូឌែល​ថ្មី​នេះ ឬ​ព្រម​ដាក់​ចិត្ត​កាន់ iPhone 7 Plus សេរ៊ី​ឆ្នាំ ២០១៦?

៦ ហេតុផល​នឹង​ពន្យល់​អ្នក​ឲ្យ​បាន​ច្បាស់​ថា​ការ​ចំណាយ​លុយ​ទិញ iPhone 7 Plus ហើយ​បដិសេធ​លើ ​ត្រកូល XR ជា​ជម្រើស​ត្រឹមត្រូវ។

៦.ចំណេញ​ថវិកា​ជាង ១០០ ដុល្លារ:

និយាយ​ដល់​ទីផ្សារ​សហរដ្ឋអាមេរិក XR ជា​ស្មាតហ្វូន Apple ជំនាន់​ឆ្នាំ ២០១៨ មាន​តម្លៃ​ទាប​បំផុត​ត្រឹម ៧៤៩ ដុល្លារ ឬ​ឈាន​ដល់ ៧៩៩ ដុល្លារ​សម្រាប់​ទំហំ 128GB។ យ៉ាងណាមិញ​តាម​តម្លៃ​ទីផ្សារ iPhone 7 Plus ទំហំ 128GB ដដែល សព្វថ្ងៃ​ថ្លៃ ៦៦៩ ដុល្លារ ពោល​គឺ​អ្នក​អាច​ចំណេញ​ដល់​ទៅ​ជាង ១០០ ដុល្លារ បើ​អ្នក​ជ្រើស​យក iPhone សេរ៊ី​ឆ្នាំ ២០១៦។

៥.កម្រិត​ដង់ស៊ីតេ​អេក្រង់​ខ្ពស់​ជាង:

ម៉ូឌែល​ទាំង​ពីរ​សុទ្ធ​សឹង​បំពាក់​អេក្រង់ LCD ដូច​គ្នា ប៉ុន្តែ​អាថ៌កំបាំង​ដែល​អ្នក​ពុំ​បាន​ដឹង​នោះ​គឺ​កម្រិត​ដង់ស៊ីតេ​អេក្រង់​របស់ iPhone 7 Plus មាន​ដល់​ទៅ 401ppi ធៀប​នឹង iPhone XR មាន​ត្រឹម 326ppi។ ពិត​ណាស់​មនុស្ស​ជា​ច្រើន​អាច​គិត​ថា​មាត្រដ្ឋាន ppi (Pixel-per-Inch) អាច​នឹង​មិន​ជា​បញ្ហា​ចោទ ប៉ុន្តែ​ក៏​ជា​រឿង​សោកស្តាយ​ដែល​ត្រូវ​ចាយ​លុយ​ធំ បែរ​ជា​ទទួល​បាន​កម្រិត​បង្ហាញ​ទាប​ជាង​មុន បែប​នេះ​ការ​ទស្សនា​វីដេអូ​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក​ដូច​ជា 1080p ក៏​ចុះ​អន់ថយ​ទៅ​តាម​នោះ​ដែរ។

៤.XR ប្រើ​ត្រឹម​កាមេរ៉ា​មួយ​គ្រាប់:

ចំណុច​អន់​បំផុត​របស់ iPhone XR នោះ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​មួយ​គ្រាប់​នៅ​ខ្នង​ក្រោយ ថ្វី​បើ​ការ​អភិវឌ្ឍ​ Sensor ជំនាន់​ក្រោយ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ល្អ​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ដល់​មុខងារ​នៃ​ការ​ពង្រីក​អំឡុង​ពេល​ថត 7 Plus ហក់​ដល់ Optical Zoom កម្រិត 2x ស្រប​ពេល XR ​ប្រើប្រាស់​ត្រឹម Digital Zoom ធម្មតា។

៣.អតិថិជន​ខ្លះ​នៅ​បេតី Touch ID:

បើ​អ្នក​មិន​ពេញ​ចិត្ត​រចនាបថ​ស្មាតហ្វូន​អេក្រង់​ឆក ហើយ​នៅ​បន្ត​បេតី​លើ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ល្បឿន​លឿន នោះ​ iPhone 7 Plus ជា​ជម្រើស​ល្អ​បំផុត។ ថ្វី​បើ iPhone ជំនាន់​ថ្មី​មាន​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID នេះ​ក៏​ផ្អែក​ទៅ​តាម​ចំណង់ចំណូលចិត្ត​និង​ការ​វិភាគ​របស់​មនុស្ស​ម្នាក់ៗ។

២.iPhone XR បាត់បង់ 3D Touch:

XR ជា​ទូរសព្ទ​ជំនាន់​ក្រោយ​របស់ Apple ដំបូង​បង្អស់​ដែល​លុប​បំបាត់​មុខងារ 3D Touch ចាប់​តាំង​ពី​មុខងារ​សំខាន់​នេះ​បាន​បើក​ឲ្យ​ដំណើរការ​លើ iPhone 6s នា​ឆ្នាំ ២០១៥។

១.ចំណុច​ដូច​គ្នា​មាន​ច្រើន:

រចនាបថ​រូបរាង​ថ្មី មុខងារ​ Face ID ការ​វិវត្ត​ឈីប A12 Bionic ទាំង​នេះ​ជា​លក្ខណៈ​ពិសេស​ខ្លាំង​បំផុត​ដែល XR អាច​យក​ឈ្នះ​លើ iPhone 7 Plus។ ទៅ​មើល​មុខងារ​ដូចៗ​គ្នា​មាន​ដូច​ជា RAM 3GB អាវក្រោះ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP67 ក៏​ដូច​ជា​ការ​ថត Portrait សុទ្ធ​សឹង​អាច​ធ្វើ​បាន​ដូច​គ្នា ដោយ​សម្រាប់​ការ​ប្រើប្រាស់​ស៊ីម​ពីរ​និង​ការ​សាក​ឥត​ខ្សែ​ពុំ​មែន​ជា​ចំណុច​រសើប​របស់​អ្នក​ប្រើប្រាស់​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា