ប្ដូរឈ្មោះថ្មីហើយ! ចាប់ពីពេលនេះទៅ អ្នកសៀមរាបត្រូវហៅឈ្មោះ៦០ម៉ែត្រ បែបនេះវិញ

  • 2018-10-25 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ៦០ ម៉ែត្រក្នុងក្រុងសៀមរាប ត្រូវបានប្រកាស់ប្រសិទ្ធិនាមជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន» នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​អាជ្ញាធរ​ជាត​អប្សរា។

ផ្លូវ ៦០ម៉ែត្រក្នុងក្រុងសៀមរាប ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានប្រសិទ្ធិនាមជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ ផ្លូវនេះត្រូវបានសម្រេចប្រសិទ្ធិនាមយ៉ាងដូច្នេះបន្ទាប់អាជ្ញាធរជាតិអប្សរាបានស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប។ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មូលហេតុនៃការប្រសិទ្ធិនាមឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។

វិថីសម្ដេចវិបុលបញ្ញា សុខ អាន កន្លងមកពលរដ្ឋទូទៅក្នុងក្រុងសៀមរាបនិយមហៅថា ផ្លូវ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែពុំដែលបានកំណត់ជាផ្លូវការនៅឡើយទេ។ ទើបតែថ្មីៗនេះអាជ្ញាធរជាតិអប្សរា ក៏បានដាក់សំណើរទៅរដ្ឋបាលខេត្តសៀមរាប ដោយប្រសិទ្ធិនាមផ្លូវនេះជា វិថីសម្ដេចវិបុលបញ្ញា សុខ អាន។

វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF)។ នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។

ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនានេះ ចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ 

បើគិតមកដល់ពេលនេះ វិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញអស់រយៈពេល១៦ឆ្នាំមកហើយ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម