ខុស​រាល់​ដង! SCG លក់​បាន​ច្រើន​ជាង​មុន តែ​ប្រាក់​ចំណេញ​បែរ​ថយ​ចុះ

  • 2018-10-26 07:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស៊ីម៉ងត៍​ដ៏​ធំ SCG បាន​ប្រកាស​ពី​ប្រាក់​ចំណូល​សម្រាប់​ត្រីមាស​ទី ៣ ប្រចាំ​ឆ្នាំ ២០១៨ ដោយ​ក្នុង​នោះ​ប្រាក់​ចំណូល​ពី​ការ​លក់​មាន ៣,៧១៦ លាន​ដុល្លារ កើន​ឡើង ២% បើ​ធៀប​នឹង​ត្រី​មាស​មុន និង​កើន​ឡើង ៩% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ ២០១៧។

ប៉ុន្តែ​បែរ​ជា​ថយ​ប្រាក់​ចំណេញ​ទៅ​វិញ ដោយ​បាន ២៨៧លាន​ដុល្លារ ធ្លាក់​ចុះ ២៤% បើ​ធៀប​នឹង​ត្រី​មាស​មុន ហើយ​ធ្លាក់​ចុះ ២០ បើ​ធៀប​នឹង​ត្រី​មាស​ទី៣ ឆ្នាំ ២០១៧។

លោក Roongrote Rangsiyopash ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SCG បាន​និយាយ​ថា ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណេញ​នេះ​ក៏​ដោយ​សារ ការ​កើន​ឡើង​នៃ​វត្ថុធាតុ​ដើម និង​ថាមពល ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​សាកលលោក និង​ការ​ខូច​បង់​នូវ​ទ្រព្យ​សកម្ម។

បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ទាំង​នេះ SCG ក៏​ដាក់​ចេញ​នូវ​ទិសដៅ​ទាំង ៦ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ខាង​លើ ដែល​មាន​ដូចជា៖

  • ពង្រីក​ការ​នាំ​ចេញ​ស្រប​តាម​លំហូរ​ទីផ្សារ​សាកល​លោក
  • គ្រប់គ្រង​ការ​ចំណាយ​លើ​ថាមពល
  • ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព
  • អភិវឌ្ឍ​នវានុវត្តន៍ ផលិតផល និង​សេវាកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ (HVA)
  • ពង្រឹង​ប្រសិទ្ធ​ភាព​ទុន​ការងារ
  • ពិនិត្យ​ឡើង​វិញ​លើ​​គម្រោង​វិនិយោគ និង​ការ​ចំណាយ​លើ​ការ​វិនិយោគ

ដោយ​ឡែក​នៅ​កម្ពុជា ប្រាក់ចំណូល SCG ត្រឹម​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៨ បាន ៩៨លាន​ដុល្លារ ដែល​កើន​ឡើង ១៧% ដោយ​សារ​តម្រូវ​ការ​ជាច្រើន​សម្រាប់​ស៊ីម៉ងត៍ និង​សម្ភារៈ​សំណង់។ រីឯ​ចំណូល​ពី​ការ​លក់​រយៈ​ពេល ៩ខែ ឆ្នាំ ២០១៨ SCG ទទួល​បាន ៣០០លាន​ដុល្លារ។

ថ្មីៗ​នេះ SCG ក៏​បាន​បើក​មជ្ឈមណ្ឌល​សេវា​កម្ម​ប្រឹក្សា និង​ដំណោះ​ស្រាយ​ផ្នែក​ដំបូល​ដំបូង​គេ​នៅ​ភ្នំពេញ ដែល​ផ្ដល់​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ​ពី​អ្នក​ជំនាញ​លើ​ការ​រចនា​ប្លង់ ជ្រើស​រើស​សម្ភារៈ ស្វែងរក​ជាង​សំណង់ ព្រម​ទាំង​សេវាកម្ម​ស្វែង​រក​ជាង​សំណង់​ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​សេវាកម្ម​ខាង​លើ ទាក់ទង​លេខ​ទូរសព្ទ 095 999 500

អត្ថបទ៖ វិទូ