បើក​សង្វៀន​ថ្មី​ទី៥​ របស់​ CNC​ បង្ហាញ​មុខ​សុទ្ធតែ​អ្នក​ប្រដាល់​ជួរមុខ​

  • 2018-10-26 08:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បើក​សម្ពោធ​សង្វៀន​ទី៥​ របស់​ស្ថានីយ​ទូរទស្សន៍​ CNC​ នា​ព្រឹក​មិញ​នេះ​ បង្ហាញ​មុខ​សុទ្ធតែ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ ឃីម​ ឌីម៉ា​ ផល​ សោភ័ណ្ឌ​ មឿន​ សុខហ៊ុច​ ផាន់​ គ្រាន់ ឡុង សំណាង​ ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ស៊ីថូ​ ណាថាន់​ ប្រធាន​ផ្នែក​កីឡា​របស់​ CNC​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​អបអរ​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បើក​សង្វៀន​ទី៥​ សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូនសាន្ត​ នេះ​ខាង​ក្រុម​ការងារ​បាន​អញ្ជើញ​កីឡាករ​ជួរ​មុខ​ខាង​ប៉ុន្មាន​នាក់​នេះ​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ។​ ការ​បង្ហាញ​មុខ​នេះ​ទៀតសោត​ មិន​មែន​ពួកគេ​ត្រូវ​វ៉ៃ​ខ្សែក្រវាត់​ ឬ​ពាន​រង្វាន់​អ្វី​នោះ​ឡើយ​ ប៉ុន្តែ​កីឡាករ​ជួរមុខ​ទាំង​នេះ​ នឹង​ឡើង​ប្រកួត​ក្នុង​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៅ​តាម​ការ​រៀបចំ​របស់​កម្មវិធី។​

ទិដ្ឋភាពព្រឹកមិញ

លោក​ ហួរ​ រតនៈ​ ប្រធាន​ទីផ្សារ​ CNC​ បាន​ឲ្យ​ដឹង​ថា​ សង្វៀន​ថ្មី​ខាង​លើ​នេះ​ គឺ​ជា​ការ​សហការ​គ្នា​រវាង​ស្ថានីយ​របស់​លោក​ និង​ភេសជ្ជៈ​គ្រូនសាន្ត​ រួម​ទាំង​បាន​ការ​ជួយ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ។​ ប្រធាន​ផ្នែក​ខាង​លើ​នេះ​ ក៏​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​កម្មវិធី​ប្រដាល់​មួយ​នេះ​មាន​ដំណើរ​យ៉ាង​រលូន​ និង​ល្អ​មើល​ជា​រៀងរាល់​សប្ដាហ៍​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូនសាន្ត​ នេះ​នឹង​ធ្វើ​ចាប់​ផ្ដើម​ប្រកួត​ជា​រៀងរាល់​ល្ងាច​ម៉ោង​៥​ រៀងរាល់​ថ្ងៃ​សុក្រ​ ហើយ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី២​ ខែ​វិច្ឆិកា​ ២០១៨​ នេះ​ហើយ។​ នេះ​ជា​សង្វៀន​ទី៥​ហើយ​របស់​ CNC​ បន្ទាប់​សង្វៀន​៤​សព្វថ្ងៃ​កំពុង​ដំណើរ​នា​ពេល​បច្ចុប្បន្ន៕​

អត្ថបទ៖ នួន ស៊ីណា​