សុខ ធី​ តវ៉ា​រឿង​ចាញ់ បើ​មិន​បាន​លទ្ធផល​ អាចចាកចេញពីកម្មវិធី

  • 2018-10-28 07:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់កម្ពុជា សុខ ធី ត្រូវ​បាន​ចៅ​ក្រម​កាត់​ក្តី​ឲ្យ​ចាញ់​​កីឡាករ​ថៃ​ ធ្នូសឹកឡេក​ ​ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​លើក​ទី​២​ សន្សំ​ពិន្ទុ ពាន​រង្វាន់​នៅ​សង្វៀន​ CNC ដែល​ទើប​ចប់​ទៅ​កាល​ពី​ម៉ោង​​ប្រហែល​ជា​១​ថ្ងៃ​អាទិត្យ​ ទី​២៨ ខែ​តុលា នេះ។

សុខ ធី ផ្តល់​បទ​សម្ភាសន៍

សុខ ធី ហៅ​កាកា​បាន​និយាយ​ក្រោយ​ចប់​​ការ​ប្រកួត​ថា រូប​គេ​មិន​អស់​នឹង​​លទ្ធផល​ដែល​ឲ្យ​ចាញ់ ធ្នូសឹកឡេក ឡើយ។ គ្រូ​បង្វឹក​របស់​គេ​បាន​ធ្វើ​ការ​តវ៉ា​ហើយ ប៉ុន្តែ​ប្រសិន​បើ​​ការ​តវ៉ា​មិន​បាន​លទ្ធផលល្អ​ គឺ​នៅ​តែ​ឲ្យ​រូប​គេ​ចាញ់​នោះ រូប​គេ​ប្រហែល​ពិចារណា​​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​នេះ។

រូប​គេ​បាន​បន្ត​ថា ប្រដាល់​ស្រុក​ខ្មែរ​នឹង​មិន​រីក​ចម្រើន​ដើរ​ទៅ​មុខ​ទេ​ ប្រសិន​បើ​ដាក់​ពិន្ទុ​របៀប​នេះ​ ពី​ព្រោះ​​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹក​ចិត្ត​លែង​មាន​ការ​តស៊ូ​ ប្រឹង​ប្រែង​ដើម្បី​កីឡា​ប្រដាល់​ទៀត​ហើយ។

វីដេអូសំដី​របស់ សុខ ធី

សម្រាប់​ការ​ប្រកួត​​ដ៏​សំខាន់​នេះ​ កីឡាករ​ថៃ ធ្នូសឹកឡេក បាន​ចាប់​ផ្តើម​តាំង​ពី​ទឹក​ទី​១​ ខណៈ​ សុខ ធី បាន​ព្យាយាម​វាយ​ចេញ​មួយ​ៗ និង​ស្ទាបស្ទង់​តាម​បច្ចេកទេស។ ចូល​ទឹក​ទី​២​ សុខ ធី ចាប់​ផ្តើម​វ៉ៃ​​ដោយ​មិន​ថយ​ក្រោយ​ឡើយ។ ចំណុច​ក៏​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ សុខ ធី បាន​វ៉ៃ​គាស់​ចំ​​ថ្គាម​​បណ្តាល​ឲ្យ ធ្នូសឹកឡេក ដួល​អុក​គូថ​រហូត​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ម្តង។

សុខ ធី បង្ហាញ​សញ្ញា​សង្ឃឹម មុន​ប្រកាស​លទ្ធផល

បន្ទាប់​ពី​ត្រូវ​អាជ្ញា​កណ្តាល​រាប់ ធ្នូសឹកឡេក​ បាន​​វាយ​​សម្រុក​ខ្លាំង​តាំង​ពី​ចុង​ទឹក​ទី​២​​​ដល់​ទឹក​ទី​៥​ដែល​អាវុធ​គួរ​ឲ្យ​កត់​សំគាល់​របស់​គេ​គឺ​​ឡើង​ជង្គង់​ ទាត់​ និង​កែង​ ខណៈ​សុខ ធី ភាគ​ច្រើន​ព្យាយាម​ទប់​ការពារ​ និង​វាយបក​​មួយ​ៗ​តាម​បច្ចេកទេស។ ជា​លទ្ធផល​ ចៅ​ក្រម​​២​រូប​ឲ្យ​រូប​គេ​ឈ្នះ ខណៈ​ចៅ​ក្រម​៣​រូប​ទៀត​ឲ្យ​ចាញ់។

ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម លោក សាន សៅយ៉ាន់ គ្រូ​បង្វឹក​របស់​ សុខ ធី បាន​ដាក់​ប្តឹង​តវ៉ា​លទ្ធផល​ដោយ​សារ​មិន​ពេញ​ចិត្ត។ នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​​កីឡាករ​កម្ពុជា​រូប​នេះ បន្ទាប់​ពី​លើក​ទី​១​ទទួល​បាន​ជ័យជម្នះ៕

លោកអាជ្ញា​កណ្តាល​លើក​ដៃ ធ្នូសឹកឡេក ឈ្នះការប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម