Charlie Puth ផ្ដល់​ដំបូន្មាន​១ទៅ​កាន់​តារា​កម្ពុជា​ក្នុង​ស្រុក​ ដើម្បី​ឲ្យ​វិស័យ​តន្ត្រី​ខ្មែរ​រីក​ចម្រើន

  • 2018-10-28 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ច សម្ភាសន៍​តាម​ទូរស័ព្ទ​លក្ខណៈ Exclusive មក​កាន់​ក្រុមហ៊ុន​ Smart Axiata និង​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុកកាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង​ Charlie Puth ដែល​នឹង​មក​សម្ដែង​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា​ មាន​ពាក្យ​ពេចន៍​ជា​ដំបូន្មាន​ខ្លះៗ​ទៅ​កាន់​សិល្បៈ​កម្ពុជា​ក្នុង​ស្រុក ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន។

ពាក់​ព័ន្ធ​នឹង​​​វិស័យ​តន្ត្រី​នៅ​កម្ពុជា គឺ​សង្កេត​ឃើញ​ថា​វា​ពិត​ជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ ដូច្នេះ​​បើ​​ចង់ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​ ​សិល្បៈ​ករ​ទាំង​អស់​ត្រូវ​តែ​មាន​ចំណុច​មួយ​សំខាន់​បំផុត​នៅ​ក្នុង​ខ្លួន។ ម្ចាស់​បទ "See You Again” បាន​និយាយ​ដូច្នេះ​ថា​ "បើ​សិន​ជា​អ្នក​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ដ៏​ល្អ​ម្នាក់ អ្នក​ត្រូវ​តែ​មាន​ស្ទីល​ចម្រៀង​និង​ច្រៀង​ជា​ខ្លួន​ឯង​ចាំ​បាច់​បំផុត គឺ​មិន​ត្រូវ​យក​គំរូ​តាម​បទ​ចម្រៀង​ផ្សេងៗ​ ដែល​ស្ដាប់​នៅ​តាម​វិទ្យុ​​ឡើយ។"

ភាព​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង និង​មាន​ស្ទីល​លក្ខណៈ​ជា​ខ្លួន​ឯង​គឺ​ជា​វត្ថុ​សំខាន់​មួយ​ដែល​តារា​គ្រប់​រូប​គួរ​តែ​មាន។ Charlie បញ្ជាក់​ថា "អ្នក​គួរ​តែ​ដើរ​តាម​ផ្លូវ​ដោយ​ខ្លួន​ឯង ជា​ជាង​ប្រជ្រៀត​ជាមួយ​អ្នក​ដទៃ​ដោយ​ធ្វើ​រឿង​ដដែល​ៗ​ស្រដៀង​ពួក​គេ។"

សព្វ​ថ្ងៃ Charlie គឺ​ជា​អ្នក​សរសេរ​និង​ផលិត​បទ​ចម្រៀង​ជា​ច្រើន​ ហើយ​ខ្លួន​នៅ​តែ​បន្ត​និពន្ធ​ចម្រៀង​រហូត។ តារា​រូប​នេះ​បញ្ជាក់​ថា​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ថ្មីៗ​ច្រើន អាច​នាំ​មក​នូវ​គំនិត​ថ្មីៗ​ សម្រាប់​ការ​និពន្ធ​ចម្រៀង។ បច្ចុប្បន្ន​លោក​កំពុង​តែ​ពេញ​ចិត្ត​បទ​ចម្រៀង​មួយ​បទ​របស់​លោក​គឺ "LA Girls” នៅ​ក្នុង​អាល់ប៊ុម​ថ្មី "Voicenotes” ព្រោះ​វា​បរិយាយ​ពី​ជីវិត​លោក​ជា​ច្រើន​ ពេល​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​នេះ​ជា​លើក​ដំបូង៕

អត្ថបទ៖ ធារ៉ូ