តម្លៃ​ត្រឹម ៥៤៩ ដុល្លារ ប៉ុន្តែ​ OnePlus 6T ​មាន​មុខងារ​ពិសេសៗ​ស្មាន​មិន​ដល់

  • 2018-10-30 02:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6T បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ​ ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ដដែល។

ចំណុច​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​លើ OnePlus 6T គឺ​ការ​បំពាក់​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់។ ត្បិត​ថា​មិន​មែន​ជា​មុខងារ​ថ្មី ប៉ុន្តែ​កន្លង​មក​​មុខងារ​នេះ​មាន​បំពាក់​តែ​នៅ​លើ​ស្មាតហ្វូន​តម្លៃ​ថ្លៃៗ​ប៉ុណ្ណោះ​ដូច​ជា Huawei Mate 20 Pro ជា​ដើម។

​​អេក្រង់​របស់​ OnePlus 6T ​មាន​ទំហំ ៦,៤១ អ៊ីញ ជា​ប្រភេទ AMLOED ដែល​នៅ​តែ​មាន​ក្បាល​ឆក​ដូច​មុន ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​មុន។ ​នៅ​ត្រង់​ក្បាល​ឆក​នេះ​មាន​បំពាក់​នូវ​កាមេរ៉ា​ Selfie ដែល​មាន​កម្រិត​ ១៦ MP។

ស្មាតហ្វូន​ថ្មី​នេះ​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​ជម្រើស​ RAM ចំនួន​បី​ប្រភេទ។ ទី​មួយ​ RAM ទំហំ ៦ GB បូក​នឹង​អង្គ​ផ្ទុក ១២៨ GB មាន​តម្លៃ ៥៤៩ ដុល្លារ, ទី​ពីរ RAM ទំហំ ៨ GB បូក​អង្គ​ផ្ទុក ១២៨ GB ​តម្លៃ ៥៧៩ ដុល្លារ និង​ទី​បី RAM ទំហំ ៨ GB បូក​អង្គ​ផ្ទុក​ ២៥៦ GB តម្លៃ ៦២៩ ដុល្លារ។ បញ្ជាក់​ថា​នេះ​ជា​តម្លៃ​សម្រាប់​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក។

រូបភាពពេលយប់ថតដោយ OnePlus 6T

ចំពោះ​ផ្នែក​កាមេរ៉ា​វិញ អ្វី​ដែល​ថ្មី​នៅ​លើ 6T គឺ​មុខងារ​ឈ្មោះ​ Nightscpae។ មុខងារ​ Nightscape ប្រើ​ប្រាស់​រយៈពេល​ ២ វិនាទី​ដើម្បី​ចាប់​យក​ប្លង់​ជា​ច្រើន បញ្ចូល​គ្នា​ទៅ​ជា​រូបភាព​ពេល​យប់​ដ៏​ល្អ​មួយ​សន្លឹក។ មុខងារ​នេះ​ក៏​នឹង​មាន​​សម្រាប់ OnePlus 6 ផង​ដែរ។

កាមេរ៉ា​ខាង​ក្រោយ​របស់​ OnePlus 6T មាន​​កាមេរ៉ា​មេ​កម្រិត​ ១៦ MP ជា​មួយ​ Aperture f/1.7 និង​កាមេរ៉ា​ទី​ពីរ​កម្រិត ២០ MP។ លើ​កាមេរ៉ា​ទាំង​ពីរ​គ្រាប់​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS ហើយ​អាច​ថត​វីដេអូ​ 4K ក្នុង​ល្បឿន​ ៦០ ប្លង់/វិនាទី។

OnePlus 6T ​នៅ​តែ​អាច​សាក​ថ្ម​ឆាប់​ពេញ​ដូច​ស្មាតហ្វូន​មុន​ ប៉ុន្តែ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​លើ 6T ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Fast Charge ជំនួស​ឲ្យ​ Dash Charge ដែល​ OnePlus ប្រើ​កន្លង​មក។ ស្មាតហ្វូន​នេះ​មាន​បំពាក់​ថ្ម​ទំហំ ៣៧០០ mAh ជា​ថ្ម​ទំហំ​ធំ​បំផុត​លើ​ត្រកូល OnePlus ប៉ុន្តែ​មិន​មាន​សមត្ថភាព​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​នោះ​ឡើយ៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង