គ្រូ​បង្វឹក​ Real ៣​រូប ដែល​ដឹកនាំ​ក្លឹប​បាន​លើស​ពី​មួយ​ឆ្នាំ​ ក្នុង​រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ

  • 2018-10-30 10:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid ជា​ក្លឹប​ដ៏​ជោគជ័យ​មួយ​ក្នុង​ទ្វីប​អឺរ៉ុប​ដោយ​បាន​ឈ្នះ​ពាន​ UCL ១៣​ដង​ និង​ពាន​La Liga ៣៣​ដង​ ព្រម​ទាំង​ពាន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ជា​ច្រើន​ទៀត​។

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ Real ក៏​ដូរ​គ្រូ​បង្វឹក​មិន​តិច​ដែរ​ ដោយ​ដូរ​រហូត​ដល់​ទៅ​ ៦​នាក់​ មុន​នឹង​ការ​តែងតាំង​លោក​ Santiago Solari ជំនួស​ Julen Lopetegui ដែល​ដឹក​នាំ​បាន​តែជាង​ ៥​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៨​នេះ។ មាន​តែ​គ្រូ​បង្វឹក​ ៣​រូប​នេះ​ទេ​ដែល​ដឹក​នាំ​លើស​ពី​មួយ​ឆ្នាំ៖

១. Jose Mourinho (៣១ ឧសភា ២០១០- ០១ មិថុនា ២០១៣)៖ អំឡុង​ពេល​ជាង​ ៣​ឆ្នាំ​របស់​ Mourinho បាន​ជួយ​ឲ្យ​ក្លឹប​ ឈ្នះ​ពាន​ ៣​គឺ La Liga ១​ដង​ Copa del Rey ១​ដង​ និង​ Supercopa de Espana ១​ដង​។ លោក​ក៏​បាន​ដឹក​នាំ​ក្លឹប​បាន​១០០​ពិន្ទុ​ក្នុង​ La Liga ដែល​ជា​កំណត់​ត្រា​មួយ​ ហើយ​ព្រម​ទាំង​ដឹក​នាំ​កូន​ក្រុម​របស់​លោក​ឲ្យ​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ក្នុង​ UCL ទាំង​៣​រដូវ​កាល​ទៀត​ផង​។

២. Carlo Ancelotti (២៥​ មិថុនា ២០១៣- ២៥​ ឧសភា ២០១៥)៖ ក្នុង​រយៈពេល​ជាង​ ២​ឆ្នាំ​របស់​លោក Ancelotti បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ចំនួន​ ៤​គឺ​ UCL ១​ដង​ UEFA Super Cup ១​ដង​ FIFA Club World Cup ១​ដង​ និង​ Copa del Rey ១​ដង​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រជ្ជកាល​របស់​គាត់​គឺ​ជួយ​ឲ្យ​ក្លឹប​ ឈ្នះ​ពាន​ UCL លើក​ទី ១០​ ក្រោយ​ខក​ខាន​អស់​ជាង​ ១២​ឆ្នាំ។

៣. Zinedine Zidane ( ០៤ មករា ២០១៦ – ៣១ ឧសភា ២០១៨)៖ អតីត​កីឡាករ​ និង​គ្រូ​បង្វឹក​ Real រូប​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ចាត់​ទុក​ថា​ជា​គ្រូ​បង្វឹក​ដែល​ជោគជ័យ​ជាង​គេ​របស់​ក្លឹប​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​បាន​ដឹក​នាំ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ចំនួន​ ៧​ក្នុង​រយៈពេល​ជាង​ ៣​រដូវ​កាល​ (ពាក់កណ្ដាល​២០១៥/១៦, ២០១៦/១៧, ២០១៧/១៨)។ Zidane បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​ UCL ៣​ឆ្នាំ​ជាប់​គ្នា​ ដោយ​មិន​មាន​អ្នក​ណា​អាច​ធ្វើ​បាន​ឡើយ​៕

ប្រភព៖ Real Madrid   ប្រែ​សម្រួល៖ ហ៊ីម រស្មី