ធន់​ មករា​ នឹង​ពង្រឹង​កម្លាំង​បន្ថែម​ ព្រោះ​យល់​ថា​ខ្លួន​ធ្លាក់​សុហ្វ​ខ្លាំង​

  • 2018-10-30 07:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធន់​ មករា​ ដឹង​ថា​ខ្លួន​ឥលូវ​ធ្លាក់​កម្លាំង​សុហ្វ​ខ្លាំង​ បើ​ទោះ​ជា​ឈ្នះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​អាទិត្យ​ នៃ​ពាន​រង្វាន់​ ISI​ ក៏​ដោយ​ ប៉ុន្តែ​នៅ​២ប្រកួត​ចុង​ក្រោយ​នឹង​ព្យាយាម​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ខ្វែង។​

កីឡាករ ធន់ មករា​

កីឡាករ​ជម្រើស​ជាតិ​ថ្នាល​គុន​ខ្មែរ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​នេះ​ ខ្លួន​ធ្លាក់​សមត្ថភាព​ខ្លាំង ​ជា​ពិសេស​នោះ​គឺ​កម្លាំង​តែ​ម្ដង​ ហើយ​បើ​ប្រៀបធៀប​និង​ការ​ប្រកួត​កន្លង​ទៅ​នោះ​ មិន​ដូច​មុន​ឡើយ។​ អ្នក​ប្រដាល់​រូប​នេះ​ នៅ​តែ​មាន​សង្ឃឹម​ថា​ខ្លួន​អាច​នឹង​បាន​ឡើង​ទៅ​ជុំ​ទី២​ ឬ​វគ្គ​ខ្វែង​ បន្ទាប់​ពី​ឈ្នះ​១ប្រកួត​ថ្មីៗ​នេះ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ខំប្រឹង​ហ្វឹកហាត់​ឡើង​វិញ។​

ធន់ មករា និង​ សុផាណយ

មករា​ ប្រាប់​ទៀត​ថា​ បើ​និយាយ​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បាន​ផ្ដួល​ថៃ​ សុផាណយ​ ឲ្យ​សន្លប់​នា​ទឹក​ទី៤​ នោះ​ក៏​ពិបាក​ខ្លាំង​ដែរ​ ដោយ​សារ​ដៃគូ​ម្នាក់​នេះ​គេ​ទាត់​ឆ្វេង​បាន​ល្អ។​ ទាត់​រហូត​ខ្លួន​ឈឺ​ដៃ​ផង​ដែរ​ តែ​ដោយ​សារ​ឃើញ​ថៃ​ម្នាក់​នេះ​ចាញ់​ជង្គង់​ ក៏​ព្យាយាម​ចូល​ចាប់​ និង​វ៉ៃ​ជង្គង់​រហូត​សន្លប់​តែ​ម្ដង​ទៅ។​

សុផាណយ ពេលអាជ្ញាកណ្ដាលបញ្ឈប់​
ធន់ មករា ពេលឈ្នះកាលថ្ងៃអាទិត្យ

ធន់​ មករា​ បច្ចុប្បន្ន​នេះ​កំពុង​មាន​ ៤​ពិន្ទុ​ នៃ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ពាន​រង្វាន់​ ISI​ ទម្ងន់​៥៧​គីឡូក្រាម​ បន្ទាប់​ពី​ប្រកួត​២ដង​ ឈ្នះ​១​ និង​ចាញ់​១។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ម្នាក់​នេះ​នៅ​សល់​២ប្រកួត​ក្នុង​ដៃ​ទៀត​ទើប​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​