អគារ​ថ្មី​ នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​តម្លៃ​ជាង ៧៨លានដុល្លារ នឹង​អាច​ឱ្យ​​ឧទ្ធម្ភាគចក្រ​ចុះចត​បាន

  • 2018-10-30 08:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ថ្មី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដែល​គ្រោង​សាងសង់​អស់​ថវិកា ៥៥០ លាន​យ័ន ឬ​ប្រហាក់​ប្រហែល​ជាង ៧៨ ​លាន​ដុល្លារ​នឹង​អាច​ឱ្យ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន​។ ​មន្ទីរពេទ្យ​នេះ​ មានទំហំ ២​៨ ៩០០​ម៉ែត្រ​កា​រ៉េ​ លើ​ផ្ទៃ​ដី​សរុប ១៣,៧៤០​ម៉ែត្រការ៉េ និង​ត្រូវ​សាងសង់​រយៈពេល​ ៤០​ខែ​ ដោយ​មាន​បំពាក់​នូវ ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារ​បរិក្ខារ​ផ្សេងៗ​ព្រមទាំង​ការ​បណ្ដុះបណ្ដាល។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​​អគារ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា អគារ​ត្រូវ​សា​ង​សង់​មាន​កម្ពស់ ៥៣ម៉ែត្រ មាន១១​ជាន់ ​អាយុកាល​នៃ​កា​រ​ប្រើប្រាស់​៥០ឆ្នាំ​ ​សម្រប​តាម​អាកាសធាតុ​រដូវ​ប្រាំង និង​រដូវវស្សា ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹ​ក អគ្គិសនី ​និង​ប្រព័ន្ធ​បង្ហូរ​លូ​ទឹក​ស្អុយ​ អនុវត្ត​តាម​ស្តង់ដារ​ប្រទេស​ចិន​ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង, បន្ទប់​សរុប ១៣២​បន្ទប់, បង្គន់​អនាម័យ ២១៩​បន្ទប់។ អ្វី​ដែល​កាន់​តែ​ពិសេស ​អគារ​មន្ទីរពេទ្យ​នេះ​ក៏​ត្រូវ​សាងសង់​កន្លែង​ចុះ​ចត​របស់​ឧទ្ធម្ភាគចក្រ (Helicopter)ទម្ងន់​មធ្យម​ពី ៣ ទៅ​៥តោន​នៅ​លើ​ដំបូល​អគារ​ ​ស្រប​តាម​ការ​ស្នើ​សុំ​បន្ថែម​ពី​ភាគី​កម្ពុ​ជា ហើយ​អគារ​នេះ​ត្រូវ​ចែក​ចេញ​ជា​ផ្នែក​សម្រាប់​មុខងារ​មួយ​ចំនួន​ដូចជា ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​វះកាត់​ព្រមទាំង​សេវា ជំនួយ​ផ្សេងៗ​ទៀត។

តំណាង​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ឱកាស​បើក​ការដ្ឋាន​កាល​ពី​ព្រឹកមិញ​ ​ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការ​បញ្ចុះ​បឋម​សិលា​ការ​សាងសង់ អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ នា​ថ្ងៃ​នេះ គឺ​ស្របពេល​ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា-ចិន បាន​អបអរសាទរ ការ​ប្រារព្វ​ខួប​អនុស្សាវរីយ៍​ទី ​៦០ឆ្នាំ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ជិត​ស្និត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​គ្រប់​វិស័យ។

ឯកឧត្តម យឹម ឆៃលី

ឯកឧត្ដម បន្តថា ក្រៅពី​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ នេះ រដ្ឋាភិបាល​ចិន​ក៏​បាន​សម្រេច​កសាង​មន្ទីរពេទ្យ​ថ្មី​ទំនើប​មួយទៀត​នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ  ហើយ​ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង​២​នេះ មិត្ត​ចិន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​រថយន្ត​ពេទ្យ​ចល័ត​ចំនួន ៤០ គ្រឿង ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ផងដែរ។

មន្ទីរ​ពេទ្យ​កុសុមៈ ជា​មន្ទីរ​ពេទ្យជាតិ​សាធារណៈ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​កសាង​ឡើង​នា​ឆ្នាំ ១៩៥៣ និង​បាន​សាងសង់​រួច​ជា​ស្ថាពរ ព្រមទាំង​ចាប់​ផ្ដើម​ដំណើរ​ការ​នា​ឆ្នាំ ១៩៥៦ ក្រោម​ព្រះរាជ​ឧបត្ថម្ភ​ដោយ សម្ដេច​ព្រះ​មហាក្សត្រី​យ៉ានី​ព្រះកុសុមៈ ជា​ព្រះមាតា​របស់ព្រះ បរម​រតន​កោដ្ឋ សម្រាប់​ព្យាបាល​ជំងឺ​ព្រះសង្ឃ និង​បាន​ដំណើរ​ការ​ដល់​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ១៩៧៥ មាន​ឈ្មោះ​ដើម​ថា «មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ» និង​បាន​អាក់​ខាន​ដំណើរការ​ក្នុង​របប​ប៉ុលពត។  

មន្ទីរ​ពេទ្យ​នេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ នៅថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​១៩៧៩ ដោយ​ក្រសួង​សុខាភិបាល បាន​កែ​សម្រួល​ពី​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ព្រះសង្ឃ មក​ជា​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​ប្រជាជន និង​ព្រះសង្ឃ ជាពិសេស​ជំងឺ​ដែល​ត្រូវ​ការ​វះកាត់​ដោយ​ក្រសួង​តម្រូវ​ឲ្យ​មន្ទីរ​ពេទ្យ​រៀប​ចំ​ជា ២០០គ្រែចែកចេញជាផ្នែក។

បច្ចុប្បន្ន​មន្ទីរ​ពេទ្យ​លោក​សង្ឃ មានគ្រែព្យាបាលចំនួន៣៥០ និង​មាន​បុគ្គលិក​សរុប​ទាំងអស់ ចំនួន ៥៦៣នាក់ ក្នុង​នោះ​ស្ដ្រី ចំនួន​២៣១នាក់ បុគ្គលិក​ជាប់​កិច្ច​សន្យា​ចំនួន ៤០នាក់ និង​កម្មករ ចំនួន ៧៤នាក់៕​

រូបថត៖ ផ្ដល់ឲ្យ

អត្ថបទ៖ សុផល