អ្នក​គាំទ្រ​ Chelsea ស្វាគមន៍​ Lampard យ៉ាង​កក់​ក្ដៅ​នៅ​ Stamford Bridge

  • 2018-11-01 01:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard បាន​ត្រឡប់​ទៅ​ទឹកដី​ Stamford Bridge វិញ​លើក​ដំបូង​កាល​ពី​យប់​មិញ​ប៉ុន្តែ​មិន​មែន​ទៅ​​ជា​កីឡាករ​ឡើយ​គឺ​ទៅ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​គូ​ប្រជែង​ Derby County។

យ៉ាង​ណា​កងទ័ព​របស់​អតីត​ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ត្រឹម​ខក​ចិត្ត​ក្រោយ​ចាញ់​ Chelsea ២​ទល់​៣​ ហើយ​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​ League Cup ត្រឹម​ជុំ​ទី​៤។​ ចាប់​អារម្មណ៍​ការ​ប្រកួត​នោះ​កីឡាករ​ Derby ស៊ុត​បញ្ចូល​ទី​រហូត​៤​គ្រាប់​គឺ​២​គ្រាប់​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​ ហើយ​២​គ្រាប់​ទៀត​ជា​បាល់​ចូលទី​គូ​ប្រជែង។​

Fikayo Tomori ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​​៥​ តែ​ Marriott តាម​ស្មើ​ឲ្យ​ Derby បាន​វិញ​នៅ​នាទី​ ​៩។​ មិន​បាន​ប៉ុន្មាន​ផង​ Richard Keogh បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ម្ដង​ទៀត​នៅ​នាទី២១​ មុន​បាន​ដែល​​ Waghorn តាម​ស្មើ​សារ​ជា​ថ្មី​នៅ​នាទី​២៧​។​ រហូត​ដល់​នាទី​៤១​ទើប Fabregas ស៊ុត​បញ្ចូល​ទី​គ្រាប់​ពិត​ប្រាកដ​ឲ្យ​ Chelsea ឈ្នះ​ការ​ប្រកួត។​

ក្នុង​ប្រកួត​នោះ​ ទោះ​​ចាញ់​មែន​តែ​ Lampard ត្រូវ​អ្នក​គាំទ្រ​ Chelsea ស្វាគមន៍​យ៉ាង​កក់​​ក្ដៅ​ មាន​តែ​ការ​ស្រែក​ច្រៀង​បទ​ចម្រៀង​គាំទ្រ​ និង​លើក​បដា​នានា​ថា​រូប​គេ​គឺ​ជា​វីរបុរស​របស់​តោ​ខៀវ​ជា​រៀង​រហូត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី