ខែ​តុលា មាន​អ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍កើនជាង​២០​ភាគរយលើស​ខែ​កញ្ញា

  • 2018-11-01 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​តុលា​កើន​ជាង​២០​ភាគ​រយ​ច្រើនជាង​ខែ​កញ្ញា ហើយ​អ្នក​ស្លាប់​ភាគ​ច្រើន​គឺជា​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ និង​មិន​ពាក់​មួក​សុវត្ថិភាព។​

របាយការណ៍​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិចេញ​ផ្សាយ​ម្សិល​មិញ​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​៣១​ថ្ងៃនៃ​ខែ​តុលានេះ មាន​ចំនួន​គ្រោះ​ថ្នាក់ចរាចរណ៍​កើត​ឡើង​ទូទាំង​ប្រ​ទេស​ចំនួន​៣០៩​លើក ច្រើនជាង​ខែ​កញ្ញាចំនួន​៥៩​លើក។

ប្រ​ភព​ដដែល​ឲ្យ​ដឹងថា​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៦៦​នាក់ ច្រើន​ជាង​ខែ​កញ្ញា​ចំនួន​​៣៥​នាក់ ឬ​ស្មើ​នឹង​២៧​ភាគ​រយ។ ក្នុង​នោះ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ស្លាប់​ចំនួន១៣៣​នាក់ មាន​៧៩​ភាគ​រយ​នៃ​អ្នក​ស្លាប់​មិនពាក់​មួក​សុវត្ថិភាព​។ នេះ​បើ​តាម​ប្រ​ភព​ដដែល។​

ដោយ​ឡែក​មួល​ហេតុ​ដែល​បណ្តាល​​ឲ្យមាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​កត្តា​សំខាន់ៗមួយ​ចំនួន​​​ដូចជា​ការ​បើ​ក​បរ​ក្នុង​ល្បឿន​មួយ​ខុស​នឹង​ច្បាប់​កំណត់ ស្រវឹង ជែង និង​មិន​គោរព​សិទ្ធិអាទិភាព​ជា​ដើម។ នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល កំពង់​ចាម ​ព្រះ​សីហនុ និង​បាត់​ដំបង​​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បើ​ធៀប​ទៅ​នឹង​ខេត្ត​ផ្សេងៗ​ទៀត។​ប្រ​ភព​ដដែល​បញ្ជាក់។

គួរ​បញ្ជាក់ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​ប្រ​មាណជា​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ នេះបើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រ​សួង​សាធារ​ណការ និង​ដឹក​ជញ្ជូន​កាលពី​ម្សិល​មិញ​ក្នុង​ពិធី​ដាក់ឲ្យ​ប្រើ​ប្រាស់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នក​បើក​បរ​រថយន្ត​ធុនធំ៕


អត្ថបទ៖ ទូច សុខា