ដាំឈើក្រញូងជាង៥ពាន់ដើមរួច អភិបាលខេត្តព្រះសីហនុ ព្រមានជាថ្មីអ្នកហ៊ានបំផ្លាញតំបន់សំខាន់១

  • 2018-11-02 04:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​​ព្រះសីហនុ ​បាន​នាំ​កូន​ឈើ​ក្រញូង ប្រមាណ​ជាង ​៥ពាន់ដើម ​យក​ទៅ​ដាំ​ឡើងវិញ ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ក្បាលឆាយ​ ត្រង់​ចំណុច​ក្បែរ​អាង​ទឹក​ស្អាត​ក្រុមហ៊ុន ​អានកូ បន្ទាប់​ពី​ទីនេះ​ត្រូវ​បាន​រងការ​ទន្ទ្រាន​នា​ពេល​កន្លង​មក។ ​គោល​បំណង​សំខាន់​នៃ​ការ​ដាំដុះ​នេះ​គឺ ដើម្បី​ស្ដារ​ព្រៃឈើ​ដែល​បាន​បាត់បង់​ឡើងវិញ ​សម្រាប់​ជា​ប្រភព​ទឹក​សាប​ប្រើប្រាស់​នៅ​ខេត្តព្រះសីហនុ ទាំងមូល។

​ថ្លែង​ក្នុង​ពិធី​ដាំ​កូន​ឈើ​នេះ ឯកឧត្តម យន្ត មីន ព្រមាន​ជាថ្មីទៀត​ថា​អ្នកណា​ក៏ដោយ​ដែល​ជាប់​ពាក់ពន្ធ័​ក្នុងអំពើ​បំផ្លាញ​ព្រៃ​នៅ​តំបន់​ក្បាល​ឆាយ​នឹងចាត់​ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​បន្ថែម​ដល់​សមត្ថកិច្ច ធ្វើ​យ៉ាងណា​ត្រូវតែ​ការពា​ព្រៃ​នេះ ឲ្យ​បាន​ដាច់ខាត​ដើម្បី​រក្សា​ប្រភព​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ។

ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា ព្រៃ​នៅ​តំបន់​ក្បាល​ឆាយ​នេះ ​គឺជា​ប្រភព​ទឹកសាប​ដ៏​សំខាន់​បំផុត​មិន​អាច​ខ្វះ​បានទេ ​ដូច្នេះ​ត្រូវតែ​ការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។ ​​

គម្រោងអាង​ចម្រោះ​ស្តុក​ទឹក​

គួរ​បន្ថែម​ថា​ គម្រោង​អាង​ចម្រោះ​ស្តុក​ទឹក​ទំហំ​ ៦០ ០០០​ ម៉ែត្រត្រីគុណ​នៅ​តំបន់​ក្បាល​ឆាយ​  ​កំពុង​សាងសង់​សម្រេច​បាន​ ៩០%​ ហើយ​យ៉ាងយូរនៅដើម​ឬពាក់កណ្តាលខែធ្នូ​ ឆ្នាំ២០១៨​ ប្រជាពលរដ្ឋ​ និង​មាន​ទឹកប្រើប្រាស់​គ្រប់តម្រូវការ​៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ស៊ិន សាវ៉េត