Cambodian Football Award ​មាន​ទាំង​តំណាង​ La Liga និង J-League ចូលរួម

  • 2018-11-02 08:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​ប្រគល់​ពាន​រង្វាន់ Cambodian Football Award នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល The Premier Centre Sen Sok ចាប់​ពី​ម៉ោង ៤ ល្ងាច​តទៅ​ ​ព្រម​ទាំង​មាន​វត្តមាន​​អ្នក​តំណាង​របស់ La Liga និង J-League ​ចូល​រួម​ទៀត​ផង។

​បើ​តាម​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ CNCC បាន​ឲ្យ​ដឹង​ថា នឹង​មាន​ការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី​តំណាង​របស់ JAPAN PROFESSIONAL FOOTBALL LEAGUE ហៅ​កាត់​ថា (J-League) តំណាង​របស់ La Liga ដែល​ជា​ក្របខ័ណ្ឌ​​កំពូល​អេស្ប៉ាញ និង​នាយក​រៀបចំ​គម្រោង និង​ធ្វើ​សកម្មភាព​របស់​កីឡា​អូឡាំពិក​មកពី​ប្រទេស​ជប៉ុន។ ក្រោយ​ពិធី​ប្រគល់​ពាន​រង្វាន់​ក៏​មាន​​ការ​ប្រគំតន្ត្រី​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ឈ្មោះ​លោក G-Devid និង​កញ្ញា ទេព បូព្រឹក ជា​ដើម។

​អ្នក​ចង់​ចូល​រួម​ទស្សនា​ការ​ប្រគល់​ពាន​រង្វាន់​នេះ​​ត្រូវ​ធ្វើ​ការ​ទិញ​សំបុត្រ​​ នៅ​កន្លែង​ផ្ទាល់​ក្នុង​ថ្ងៃ​ប្រគល់​រង្វាន់​ក៏​បាន ដែល​សំបុត្រ​១​សន្លឹក​មាន​តម្លៃ​៣​ដុល្លារ។ ជា​មួយ​គ្នា​នោះ​អ្នក​ទិញ​សំបុត្រ​ចូល​រួម​អាច​ទទួល​ទាន​អាហារ​សម្រន់​ និង​ភេសជ្ជៈ​ទៀត​ផង។

លោក ឆាំង ពិសិដ្ឋ

​​កម្មវិធី​​ នឹង​ចែក​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​មុន​ បន្ទាប់​មក​ចែក​រង្វាន់ ​លីគ​កំពូល​កម្ពុជា។ ​ក្នុង​នោះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Hun Sen Cup ​ចំនួន ៦ ក្របខ័ណ្ឌ Metfone Cambodian Leauge ចំនួន ៦ និង​ពានរង្វាន់​របស់ CNCC ចំនួន ១០ ដែល​សរុប​ទាំង​អស់​មាន​ចំនួន ២២ ពាន​រង្វាន់។

​ពាន​រង្វាន់​មួយ​ចំនួន ដូច​ជា​ គ្រូ​បង្វឹក​ល្អ​ជាង​គេ កីឡាករ​ល្អ​ជាង​គេ អ្នកចាំទី​ល្អ​ជាង​គេ ក្រុម​អាជ្ញា​កណ្ដាល​ល្អ​ជាង​គេ ​ក្លឹប​ទទួល​​បាន​ជ័យ​លាភី Fair play ​ក្នុង​ពាន​រង្វាន់​ទាំង​ពីរ​​ Hun Sen Cup និង លីគ​កំពូល​​ CNCC មិន​ទាន់​​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ពោល​គឺ​ប្រកាស​ក្នុង​ថ្ងៃ​ប្រគល់​ពាន​តែ​ម្ដង។

ការ​ប្រគល់​ពាន​រង្វាន់​ប្រជាប្រិយ​ភាព​ចំនួន ៥ ដែល​​ទទួល​​បាន​តាម​រយៈ​​ការ​បោះឆ្នោត​​លើ​បណ្ដាញ​​សង្គម Facebook ផ្លូវ​ការ​របស់ CNCC ក៏​​នឹង​ប្រកាស​ក្នុង​ថ្ងៃ​ប្រគល់​​ចែក​រង្វាន់​ដូច​គ្នា។ ពាន​រង្វាន់​ប្រជាប្រិយភាព​ទាំង​នោះ​មាន៖

  • កីឡាករ​មាន​ប្រជាប្រិយភាព

  • គ្រូ​បង្វឹក​មាន​ប្រជាប្រិយភាព

  • កីឡាករ​​មាន​រូបរាង​សង្ហា

  • អ្នក​គាំ​ទ្រ​​មាន​ប្រជា​ប្រិយភាព

  • អ្នក​ថត​រូប​សារព័ត៌មាន​មាន​ប្រជាប្រិយភាព ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​