Jay Chan ល្បី​ខ្លាំង​តាម​រយៈ​បទ Cover “Celica អស់​សាំង​" ត្រៀម​បញ្ចេញ​បទ​និពន្ធ​​ថ្មី​ខ្លួន​ឯង

  • 2018-11-02 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​សញ្ជាតិ​ខ្មែរ​សព្វថ្ងៃ​ជា​អាណិកជន​រស់​នៅ​សហរដ្ឋ​អាមេរិក​ លោក Jay Chan ទើប​តែ​ល្បី​ខ្លាំង​តាម​រយៈ​បទ Cover ចំណង​ជើង​ថា "Celica អស់​សាំង" ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​២​លាន​ដង​ឯណោះ នៅ​ក្នុង​បណ្ដាញ​សង្គម​វីដេអូ YouTube។

ថ្លែង​មក​កាន់​ Sabay លោក Jay Chan បាន​បញ្ជាក់​ថា​ខ្លួន​បាន​ផ្លាស់​ទី​លំនៅ​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ មក​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ ១៩៨៥ មក​ម្ល៉េះ​ពេល​លោក​ទើប​តែ​មាន​អាយុ​៤​ឆ្នាំ ដោយ​បាន​រស់​នៅ​ទីក្រុង​ Modesto រដ្ឋ​ California។ សព្វថ្ងៃ​​លោក​មាន​ទី​លំនៅ​នៅ​ទីក្រុង Stockton រដ្ឋ​ California។

ពេល​សាក​សួរ​ជុំវិញ​ សកម្មភាព​សិល្បៈ​របស់​លោក Jay បញ្ជាក់​ថា​ខ្លួន​ចូល​ចិត្ត​ច្រៀង​តាំង​ពី​អាយុ ១២​ឆ្នាំ​មក​ម្ល៉េះ ដោយ​លោក​ចូល​ចិត្ត​បទ​ចម្រៀង​បែប​ខ្មែរ​ ជា​ជាង​ចម្រៀង​បទ​បែប​បរទេស។ លោក​ចូលចិត្ត​ចម្រៀង​របស់​លោក​​តា សិន​ ស៊ីសាមុត​ ជាង​គេ។ មូល​ហេតុ​មួយ​ទៀត​នោះ​គឺ ដោយ​សារ​តែ​ម្ដាយ​របស់​លោក​ធ្លាប់​ជា​អ្នក​ចម្រៀង​តាម​កម្មវិធី​ផ្សេងៗ​ តាំង​ពី​លោក​មាន​វ័យ​ក្មេង​ផង​ដែរ។

លោក Jay Chan និង Badassvon

មុន​នឹង​ផ្ទុះ​តាម​រយៈ​បទ "Celica អស់​សាំង" ដែល​ជា​សំនៀង​ដើម​របស់​លោក គង់​ ឌីណា បញ្ចេញ​តាំង​ពី​ទសវត្ស​ទី​៩០ លោក​ក៏​បាន​ច្រៀង​ Cover បទ​ពីរោះ​ជា​ច្រើន​ដូច​ជា "ចម្លើយ​ចុង​ក្រោយ", “ឯណា​ទៅ​ឋានសួគ៌" និង "ទេពធីតា​ឋាន​កណ្ដាល​" ជា​ដើម។

សព្វ​ថ្ងៃ​នេះ​លោក​កំពុង​តែ​ព្យាយាម​បញ្ចេញ​ចម្រៀង Cover បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​បទ​ក្នុង​មួយ​ខែ ដោយ​មាន​ការ​ថត​ថ្មី​និង​កែ​សម្រួល​ភ្លេង​ឲ្យ​កាន់​តែ​ទាន់​សម័យ។ ប៉ុន្តែ​លោក​ក៏​មាន​គម្រោង​ផលិត​បទ​ចម្រៀង​និពន្ធ​ថ្មី​ខ្លួន​ឯង​ផង​ដែរ ព្រម​ទាំង​អាច​មក​ថត​ MV នៅ​ប្រទេស​កំណើត​កម្ពុជា​ផង​ដែរ​នៅ​ពេល​អនាគត។

ចំណុច​សំខាន់​បំផុត​ដែល​ជំរុញ​លោក​ឲ្យផលិត​ចម្រៀង​តាម​បែប​ខ្មែរ​នេះ​ គឺ​ដោយ​សារ​តែ​លោក​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ ដែល​កំពុង​រស់​នៅ​ទឹក​ដី​មហាអំណាច​កុំ​ឲ្យ​ភ្លេច​វប្បធម៌​ជាតិ​កំណើត​របស់​ខ្លួន។ ថ្មីៗ​នេះ​លោក​ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​គឺ "Cambodian Gentleman”៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម