មកខ្មែរជាលើកដំបូង​មែន ប៉ុន្តែ​ Charlie សរសើរចំណុចមួយ​ពីកម្ពុជាកប់ៗមាត់

  • 2018-11-03 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ពិតជា​ជក់ចិត្ត និង​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​ទស្សនីយភាព​សម្ដែង​ផ្ទាល់​របស់​តារា​ចម្រៀង​អាមេរិក​ដ៏​ល្បី​ Charlie Puth។ ពិសេស​សម្រាប់​តារា​ប្រុស​រូបនេះ​ ក៏​កាន់​តែ​រំភើប​នឹង​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​ទាំង​អស់ ក៏ដូចជាបង្ហាញ​សម្ដីចាក់ដោត​មួយ​ចំនួន​ផង។

ពេល​ឈរ​សម្ដែង​នៅ​លើ​ឆាក​ Charlie Puth តារា​ប្រុស​កើត​ឆ្នាំ ១៩៩១ បាន​ថ្លែង​អារម្មណ៍​ចេញ​ពី​បេះដូង​ទៅកាន់​អ្នក​គាំទ្រ​​ថា​ លោក​ពិត​ជា​រីករាយ​បំផុត​ពេល​ឃើញ​ស្នាម​ញញឹម​របស់​ប្រជាជាន​កម្ពុជា។ ចាប់​តាំង​ពី​ធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ភ្លាម​ Charlie ចាប់​ភ្លឹក​នឹង​ស្នាមញញឹម​ស្រស់​ស្រាយ​របស់​ប្រជាជនខ្មែរ​ណាស់ ហើយ​លោក​បន្ថែម​ថា​ ខ្លួន​មិនដែល​ឃើញ​ស្នាម​ញញឹម​បែប​នេះ​នៅ​ប្រទេសផ្សេងពីមុន​មកទេ។ កត្តា​ទាំង​នេះ​ហើយ​ ទើប​ជាកម្លាំង​ជម្រុញ​បន្ថែម​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​កាន់​តែ​កក់ក្ដៅ​មួយកម្រិតទៀត។

លើស​ពី​នេះ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ មុន​ពេល​ច្រៀង​បទ​ "One Call Away” Charlie​ ​បាន​បង្ក​បរិយាកាសរីករាយ​មួយ​ទៀត​ ដោយ​និយាយ​បែប​កំប្លែង​ថា៖ "ខ្ញុំ​សរសេរ​បទ​ One Call Away ពី​ផ្លែ​ដូង​ខ្មែរ” រហូត​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ផ្ទុះ​សំណើច​គ្រប់​គ្នា៕

អត្ថបទ៖ យី សុធារី