តារា​សម្តែងជើងចាស់​ហុងកុង Yammie Lam ប្រទះឃើញស្លាប់ក្នុងអគារស្នាក់នៅរបស់នាង

  • 2018-11-04 02:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែងហុងកុង Yammie Lam ត្រូវ​បាន​ប្រទះឃើញស្លាប់ក្នុងផ្ទះរបស់​នាង កាល​ពីព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកាក្នុងវ័យ ៥៥ឆ្នាំ។ តារា​សម្ដែងរូបនេះ គឺជាស្រីស្អាតប្រចាំរាល់ភាពយន្តរបស់ទូរទស្សន៍ TVB អំឡុងឆ្នាំ ១៩៨០។ Yammie គឺជាតារាស្រីដ៏លេចធ្លោម្នាក់ក្នុងជំនាន់នោះ ប៉ុន្តែដោយសារជួបសោកនាដកម្មមួយចំនួន បូករួមទាំងធ្លាប់ត្រូវគេរំលោភចំនួន ២ ដងផងនោះ បានធ្វើឲ្យតារាសម្ដែងស្រីរូបនេះ រស់នៅក្នុងភាពងងឹត និងមានជំងឺផ្លូវចិត្តក្នុងរយៈពេល ២០ ឆ្នាំក្រោយមកនេះ។

ដំបូងមុននឹងដំណឹងមរណភាពរបស់នាង​បានផ្ទុះឡើង មិត្តរបស់នាង​ម្នាក់ឈ្មោះ Lui បានទៅលេងផ្ទះរបស់នាងដែលស្ថិតក្នុងភូមិ Ma Hang។ មិត្តរបស់តារាសម្ដែងរូបនេះចាប់ផ្ដើមភ័យស្លន់ស្លោ ដោយសារគោះទ្វារជាច្រើនលើក តែមិនមានអ្នកបើក ខណៈក្នុងផ្ទះនៅបើកទូរទស្សន៍ចោលនៅឡើយ។ ពេលនោះដែរ នាងក៏ធុំក្លិនស្អុយចេញពីខាងក្នុងផ្ទះមក ក៏ម្នីម្នាទាក់ទងទៅខាងប៉ូលិសភ្លាមៗ។ ពេលប៉ូលិសមកដល់ ក៏បានទម្លុះទ្វារចូលក្នុងផ្ទះ ហើយក៏បានរកឃើញតារាសម្ដែង Yammie បានស្លាប់រួចទៅហើយក្នុងបន្ទប់ទឹករបស់នាង ដែលការស្លាប់នោះអាចកើតឡើងតាំងពី ២ ថ្ងៃមុនមកម្ល៉េះ។

ក្រុមប៉ូលិសបានបញ្ជាក់ដែរថា នេះមិនមែនជាករណីឃាតកម្មនោះទេ ហើយបានដាក់ការសង្ស័យថា ការស្លាប់របស់នាងអាចបណ្ដាលមកពីការដួលសន្លប់ ហើយប៉ះទង្គិចរហូតដល់ស្លាប់តែម្ដង៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា