មក​ដឹង​ច្បាស់ប្រវត្តិ​​​កម្ពុជា​នៅ​ AFF Championship តាំង​ពី​ឆ្នាំដំបូង

  • 2018-11-05 02:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ថ្នាក់​តំបន់​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា AFF Suzuki Cup ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩៦ ដែល​កាល​នោះ​មាន​ឈ្មោះ​ដំបូង​ Tiger Cup ហើយ​បន្ទាប់​មក​​ឈ្មោះ ASEAN Football Championship និង​ចុង​ក្រោយ​ឈ្មោះ Suzuki Cup។

ក្រុម​កម្ពុជាកាលពី​ឆ្នាំ​២០១២

ដំបូង​ឡើយ ប្រទេស​​ចំនួន​៦​ បាន​ក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​សហព័ន្ធ​បាល់ទាត់​អាស៊ាន​ (AFF)  គឺ​​​ប្រ៊ុយណេ​ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ខណៈ​ប្រទេស​៤ទៀត​ ដែល​មិន​ទាន់​ចូល​ជា​សមាជិក AFF មាន​ដូច​ជា​ ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ពេល​នោះ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ផង​ដែរ​​។

ចាប់​​តាំង​ពី​បង្កើត​ពាន​រង្វាន់​នេះ​មក ក្រុម​បាល់ទាត់​ក្រុម​​ធំ​ជម្រើស​ជាតិ​កម្ពុជា​​បាន​ចូល​រួម​ប្រកួត​ចំនួន​​១១​ដង​ហើយ​គិត​ទាំង​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​ធ្លាប់​អវត្តមាន​ម្ដង​ក្នុង​ឆ្នាំ​២០០៧។

ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨

ឆ្នាំ​១៩៩៦

ការ​ចូល​រួម​ប្រកួត​លើក​ដំបូង​នេះ​កម្ពុជា​រង់​បរាជ័យ​ធ្ងន់​នៅ​លើ​ទឹក​ដី​សិង្ហបុរី។​ បន្ទាប់​ពី​ឆ្លង​កាត់​៤​ប្រកួត​មិន​ស្គាល់​ពិន្ទុ​សោះ។ ប្រកួត​លើក​ទី​មួយ​កម្ពុជា​ចាញ់​វៀតណាម​៣-១ លើក​ទី​២​ចាញ់​មីយ៉ាន់ម៉ា ៥-០ លើក​ទី​៣ ចាញ់​ឥណ្ឌូណេស៊ី ៣-០ និង​ចុង​ក្រោយ​ចាញ់​​ឡាវ​១-០។ លើក​ទី​មួយ​នេះ ប្រទេស​ថៃ​ជា​ជើង​ឯក។

ឆ្នាំ​១៩៩៨

ព្រឹត្តិការណ៍​លើ​ទី​ពីរ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​វៀតណាម​ និង​ត្រូវ​ប្រកួត​​​ជម្រុះ​ដោយ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល B ​មាន​សិង្ហបុរី​ និង​ ហ្វីលីពីន។ ការ​ចូល​រួម​លើក​នេះ កម្ពុជា​ស្គាល់​១​ពិន្ទុ​ស្ថិត​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​ពូល​ បន្ទាប់​ពី​ស្មើ​​ហ្វីលីពីន ១-១ និង​ចាញ់​សិង្ហបុរី ៣-០ ហើយ​សិង្ហបុរី​ជា​អ្នក​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ប្រទេស​សិង្ហបុរី​ជា​អ្នក​លើក​ពាន​នៅ​លើ​ទឹក​ដី​វៀតណាម។

ឆ្នាំ​២០០០

ឆ្នាំ​២០០០​​នោះ​ពុំ​មាន​ការ​ប្រកួត​ជម្រុះ​ទេ​ដោយ​ក្រុម​ទាំង​អស់​ចំនួន​៩​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល។ កម្ពុជា​ស្ថិត​នៅ​ពូល B ដោយ​មាន​វៀតណាម​ ​ម៉ាឡេស៊ី​ សិង្ហបុរី​ និង​ឡាវ។ ឆ្លង​កាត់​ការ​ប្រកួត​៤​លើក​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង បន្ទាប់​ពី​ឈ្នះ​ឡាវ​៣-០ ប៉ុន្តែ​ចាញ់​​សិង្ហបុរី​១-០ ចាញ់​វៀតណាម​៦-០ និង​ចាញ់​​ម៉ាឡេស៊ី​៣-២។ ឆ្នាំ​នេះ​ប្រទេស​ថៃ​ជា​អ្នក​លើក​ពាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។

ឆ្នាំ​២០០២

​ឆ្នាំ​២០០២ ប្រទេស​សិង្ហបុរី និង​ឥណ្ឌូណេស៊ី​ធ្វើ​​ជា​សហ​ម្ចាស់​ផ្ទះ​ ជម្រើស​ជាតិ​កម្ពុជា​ស្គាល់​៣​ពិន្ទុ​ដូច​កាល​ឆ្នាំ​២០០០។ កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​ A ដោយ​មាន​៥​ប្រទេស​គឺ វៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន។ ការ​ប្រកួត​ទាំង​៤​លើក កម្ពុជា​ចាញ់​វៀតណាម ៩-២, ចាញ់​ឥណ្ឌូណេស៊ី ៤-២, ចាញ់​មីយ៉ាន់ម៉ា៥-០ ប៉ុន្តែ​ចុង​ក្រោយ​ឈ្នះ​ហ្វីលីពីន​១-០ ​ដើម្បី​បាន​៣​ពិន្ទុ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ឆ្នាំ​​នោះ​ប្រទេស​ថៃ​ជា​ជើង​ឯក។

ក្រុម​គោព្រៃកម្ពុជា

ឆ្នាំ​២០០៤

ឆ្នាំ​នោះ​​ប្រទេស​កម្ពុជា​មិន​ស្គាល់​ពិន្ទុ​ឡើង​ដោយ​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល B ដែល​មាន​ប្រទេស​វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និង​ឡាវ។ ឆ្លង​កាត់​៤​ប្រកួត កម្ពុជា​​ចាញ់​ទាំង​៤​គឺ​ចាញ់​​វៀតណាម​៩-១, ចាញ់​ឡាវ ២-១, ចាញ់​ឥណ្ឌូណេស៊ី ៨-០ និង​ចាញ់​សិង្ហបុរី ៣-០។ ព្រឹត្តិការណ៍​ដែល​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​​ធ្វើ​សហ​ម្ចាស់​ផ្ទះ​នេះ ប្រទេស​សិង្ហបុរី​ជា​ជើង​ឯក។

ឆ្នាំ​២០០៧

Tiger Cup ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា ASEAN Football Championship នៅ​ឆ្នាំ​២០០៧ ហើយ​ក៏​មិន​បាន​រៀប​ចំ​ការ​ប្រកួត​នៅ​ឆ្នាំ​២០០៦​តាម​លក្ខន្តិកៈ​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​ពីរ​ឆ្នាំ​ម្ដង​​ ប៉ុន្តែ​លើក​ទៅ​​ឆ្នាំ​២០០៧​នៅ​​ប្រទេស​ថៃ​ ខណៈ​កម្ពុជា​មិន​បាន​ចូល​រួម​ប្រកួត​ទេ។ ឆ្នាំ​នេះ​ប្រទេស​សិង្ហបុរី​ជា​ជើង​ឯក។

ឆ្នាំ​២០០៨

មួយ​ឆ្នាំ​ក្រោយ​មក​ទើប​​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ការ​ប្រកួត​នៅ​​ប្រទេស​មីយ៉ាន់ម៉ា។ ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ប្រទេស​សិង្ហបុរី ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​ ក្រោយ​ចាញ់​ទាំង​៣​ប្រកួត​គឺ​ចាញ់​សិង្ហបុរី ៥-០,​ ចាញ់​ ឥណ្ឌូណេស៊ី​, ៤-០​ និង​ចាញ់​មីយ៉ាន់ម៉ា​៣-២។ ឆ្នាំ​នេះ ប្រទេស​វៀតណាម​ជា​ជើង​ឯក​ដែល​ឥណ្ឌូណេស៊ី និង​ថៃ​ជា​សហ​ម្ចាស់​ផ្ទះ។

ឆ្នាំ​២០១០

ឆ្នាំ​២០១០ ​ពាន​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ Suzuki Cup ហើយ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ជម្រុះ​ដើម្បី​ស្វែង​រក​ពីរ​ក្រុម​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ។ វគ្គ​ជម្រុះ​ឆ្នាំ​២០១០​នេះ​ធ្វើ​នៅ​ប្រទេស​ឡាវ ក្រុម​បាល់ទាត់​កម្ពុជា​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​ទទួល​បាន​​៥​ពិន្ទុ​​ក្រោយ​ស្មើ​២​ប្រកួត និង​ឈ្នះ​១​ប្រកួត​ក្នុង​នោះ​ស្មើ​ឡាវ​០-០, ស្មើ​ហ្វីលីពីន ០-០ និង​ឈ្នះ​​ទីម័រខាងកើត​កើត​៤-២។ ប៉ុន្តែ​ក្រុម​ពីរ​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​គឺ​ឡាវ និង​ហ្វីលីពីន ខណៈ​ក្រុម​ទីម័រខាងកើត​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល B ហើយ​ជុំ​ផ្ដាច់​ព្រ័ត្រ​ ប្រទេស​ម៉ាឡេស៊ី​ជា​ជើង​ឯក។

ឆ្នាំ​២០១២

ឆ្នាំ​២០១២ ​ពាន​រង្វាន់​នេះ​ទទួល​រៀប​ចំ​ធ្វើ​សហ​ម្ចាស់​ផ្ទះ​ដោយ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។ ​កម្ពុជា​​ទទួល​រង់​​បរាជ័យ​ធ្ងន់​ណាស់​​ដោយ​៤​ប្រកួត​ក្នុង​វគ្គ​ចម្រុះ កម្ពុជា​មិន​ស្គាល់​១​ពិន្ទុ​សោះ។ លទ្ធផល​ទាំង​៤​​ប្រកួត​នោះ​គឺ​ចាញ់​ទីម័រខាងកើត​៥-១, ចាញ់​ឡាវ ១-០, ចាញ់​ប្រ៊ុយណេ ៣-២ និង​បន្ត​ចាញ់​មីយ៉ាន់ម៉ា​៣-០។ ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ​ជា​អ្នក​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ប្រទេស​សិង្ហបុរី​ជា​ជើង​ឯក។

ឆ្នាំ​២០១៤

ឆ្នាំ​២០១៤​នេះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ត្រូវ​ធ្វើ​នៅ​ទី​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​​ពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា​នេះ​ហើយ។ ៥​ប្រទេស​គឺ​​កម្ពុជា ទីម័រខាងកើត​ ប្រ៊ុយណេ​ ឡាវ និង​មីយ៉ាន់ម៉ា​​ប្រជែង​គ្នា​ស្វែង​រក​កៅអី​២​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​​នៅ​​ប្រទេស​វៀតណាម និង​សិង្ហបុរី​ជា​សហ​ម្ចាស់​ផ្ទះ។ វគ្គ​ជម្រុះ​នេះ​កម្ពុជា​ស្ថិត​នៅ​លេខ​៣​​មាន​​៦​​ពិន្ទុ​ពី​ការ​ចាញ់​ឡាវ​៣-២, ចាញ់​មីយ៉ាន់ម៉ា​ ១-០ និង​ឈ្នះ​ទីម័រខាងកើត​​ ៣-២, ឈ្នះ​ប៊្រុយណេ​ ១-០។​​ ​ពេល​នោះ​​ម្ចាស់​ផ្ទះ​ឡាវ និង​មីយ៉ាន់ម៉ា​ ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ ហើយ​​ថៃ​ជា​ជើង​ឯក។

ក្រុម​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦

ឆ្នាំ​២០១៦

ឆ្នាំ​២០១៦​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ដែល​មាន​ប្រទេស​ឡាវ ប៊្រុយណេ​ និង​ទីម័រខាងកើត។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ កម្ពុជា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​មាន​៩​ពិន្ទុ​ពេញ​គឺ​ឈ្នះ​​ឡាវ​ ២-១, ឈ្នះ​​ប៊្រុយណេ ៣-០ និង​ឈ្នះ​ទីម័រ​ខាងកើត ៣-២។ កម្ពុជា​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ដែល​មីយ៉ាន់ម៉ា​ និង​ហ្វីលីពីន​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ។ ឆ្នាំ​នេះ​​ថៃ​ឈ្នះ​ជើង​ឯក​ទៀត។

ឆ្នាំ​២០១៨

ឆ្នាំ​​២០១៨​នេះ​​មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ​ប្រកួត​ជម្រុះ​គឺ​ទីម័រខាងកើត​ និង​ប៊្រុយណេ។ បន្ទាប់​ពី​ប្រកួត​ចប់​ទាំង​ពីរ​ជើង​ ទីម័រខាងកើត​ឈ្នះ​​ប៊្រុយណេ​ដោយ​លទ្ធផល​ ៣-២ បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​​​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី​ ឡាវ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​វៀតណាម។

ក្រុម​គោព្រៃកម្ពុជា

ជុំ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៨​នេះ​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល

ពូល​ A

  • វៀតណាម​​
  • ម៉ាឡេស៊ី​
  • មីយ៉ាន់ម៉ា
  • កម្ពុជា
  • ឡាវ​​

ពូល​ B

  • ថៃ​
  • ឥណ្ឌូណេស៊ី​
  • ហ្វីលីពីន​
  • សិង្ហបុរី​
  • ទីម័រខាងកើត​

កាន់​តែ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ទិញ​សំបុត្រ​ទស្សនា​តម្លៃ​៥០% សូម​ចូល Cambodia vs Malaysia

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម