ធ្លាប់​ឆ្ងល់ទេ! ជនបរទេស​ត្រូវ​ធ្វើដូចម្តេច​ខ្លះទើប​ទទួលបាន​បណ្ណបើកបរ​របស់​កម្ពុជា?​

  • 2018-11-05 04:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ក​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជន​បរទេស​មក​ស្នាក់​​នៅ​ស្រប​ច្បាប់​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អាច​ទទួល​បណ្ណ​បើក​បរ​​តាម​មធ្យោបាយ​ពីរ​យ៉ាង។

មាត្រា​៤៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចែង​ថា​លើក​លែង​តែ​មាន​កិច្ច​ព្រម​ព្រៀង ឬ​អនុសញ្ញាទទួល​ស្គាល់​បណ្ណ​បើក​បរគ្នា​ទៅវិញ​ទៅ​មកជា​ទ្វេភាគី ឬពហុភាគី ​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ស្រប​ច្បាប់​ក្នុង​ប្រ​ទេស​កម្ពុជា​ត្រូវ​ប្រឡង​យក​បណ្ណ​បើក​បរ​របស់​កម្ពុជា​ដូច​ប្រ​ជា​ពល​រដ្ឋ​ម្ចាស់​ប្រ​ទេស​ដែរ ដែល​នេះ​ជា​វិធី​ទី​មួយ​។

សម្រាប់​វិធី​ទីពីរ​វិញ​ក្នុងករណី​ជនបរទេស​មាន​បណ្ណបើក​បរ​រួច​ហើយ អាច​ប្តូ​យក​បណ្ណ​បើក​បរ​របស់​​កម្ពុជា​បាន ដោយ​ដាក់ពាក្យ​ស្នើ​សុំ​នៅ​ក្រ​សួង​សាធារណការ និង​ដឹក​ជញ្ជូន។ នេះបើ​តាម​មាត្រា​ដដែល។

ត្រង់​ចំណុច​នេះ មាត្រា​៤៥​ចែង​បន្តថា​ ជនបរទេស​ដើម្បី​ប្តូរយក​បណ្ណ​បើក​បរ​បាន​ត្រូវ​មាន​លក្ខខណ្ឌ​​មួយ​ចំនួន​ ដូច​ជា​មាន​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់នៅ​មាន​សុពល​ភាព មាន​បណ្ណបើក​បរ​ពី​ប្រ​ទេស​ខ្លួន​មាន​សុពល​​ភាព មាន​លិខិត​បញ្ជាក់​កាយ​សម្បទា និង​លិខិត​បញ្ជាក់​ការ​ស្នាក់​នៅ​ច្បាស់​លាស់​ពី​អាជ្ញាធរ​មូល​ដ្ឋាន។​

សម្រាប់​បណ្ណបើក​បរ​ដែល​មិន​សរសេរ​ភា​សាអង់គ្លេស ឬបារាំង​ត្រូវ​បក​ប្រែ​ជា​ភាសាបារាំង ឬ​អង់គ្លេស​ដោយ​មាន​ការ​បញ្ជាក់ពី​ស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថាន​បេសកកម្ម​​របស់​ខ្លួន។ មាត្រា​ដដែល​បញ្ជាក់។ ទោះយ៉ាងណា​ជនបរទស​ដែលមាន​បណ្ណ​បើក​បរ​ប្រ​ភេទ​ គ ឃ និង​ ង មិន​អាច​ប្តូរ​យក​បណ្ណ​ប្រ​ភេទ ដូច​គ្នានេះ​វិញ​បានទេពោល​គឺ បាន​ត្រឹម​ប្រ​ភេទ​ ក និង​ ខ ​តែប៉ុណ្ណោះ៕


អត្ថបទ៖ ទូច សុខា