ផ្លូវការ៖ Floyd ចេញ​វៃ​ក្រៅ​ប្រទេស​លើក​ដំបូង​ចុង​ឆ្នាំ​នេះ ប៉ះ​អ្នក​ប្រដាល់​ជប៉ុន​វ័យ​២០​ឆ្នាំ

  • 2018-11-05 05:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​នេះ អ្នក​ប្រដាល់​អាមេរិក Floyd Mayweather នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​​​ប្រដាល់​សេរី (Kickboxer) ជប៉ុន Tenshin Nasukawa នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។

ពួក​គេ​ទាំង​ពីរ​អ្នក​នឹង​ប្រកួត​ក្នុង​កម្មវិធី Rizin 14 ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​តែ​ម្ដង។ សម្រាប់​ដំណឹង​នេះ​អាច​បញ្ជាក់​បាន​ថា ​នៅ​ចុង​ឆ្នាំ​នេះ Floyd មិន​មាន​ការ​ប្រកួត​ជាមួយ McGregor,  Khabib Nurmagomedov ឬ Manny Pacquiao ដែល​ប៉ុនប៉ង​ជួប​គ្នា​យូរ​មក​ហើយ​នោះ។

Mayweather វ័យ​៤១​ឆ្នាំបាន​និយាយ​ថា ទម្ងន់​និង​ច្បាប់​នឹង​ត្រូវ​ប្រកាស​ចុងក្រោយ​នៅ​សប្ដាហ៍​ខាង​មុខ ប៉ុន្តែ​គេ​បាន​បដិសេធ​មិន​ប្រាប់​ថា​ការ​ប្រកួត​នេះ​ក្រោម​លក្ខខណ្ឌ​ប្រដាល់​សកល ប្រដាល់​សេរី ឬ​គុនចម្រុះ (MMA) នោះ​ទេ។ ​ Floyd Mayweather គឺ​ជា​អ្នក​ប្រដាល់​សកល​អាមេរិក​ប្រកួត​៥០​ដង​​​មិន​ដែល​ចាញ់ ហើយ​នេះ​គឺ​ជា​លើក​ដំបូង​ដែល​គេ​ចេញ​វាយ​ក្រោយ​ប្រទេស។

ចំពោះ Tenshin Nasukawa វិញ ត្បិត​មាន​វ័យ​ទើប​២០​ឆ្នាំ​ តែ​​មាន​បទពិសោធន៍​ទាំង​វាយ​សេរី គុន​ចម្រុះ។ អ្វី​ដែល​ពិសេស​សម្រាប់​ការ​ប្រដាល់​សេរី​គេ​ឆ្លង​កាត់​២៧​ប្រកួត មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។ ​​

ប្រភព៖ News.com.au   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ