ឈ្មោះពីរោះផ្លូវត្រូវតែស្អាត! ផ្លូវ៦០ម៉ែត្រនៅសៀមរាបប្ដូរឈ្មោះភ្លាម ចាប់ផ្ដើមអ៊ុតកៅស៊ូថ្មីភ្លែត

  • 2018-11-05 07:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអ៊ុតកៅស៊ូលើផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ដែល​ជាផ្លូវ​សំខាន់​មួយ​ក្នុង​ក្រុង​សៀមរាប។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​អាជ្ញាធរជាតិ​អប្សរា។

តាម​ប្រភព​ដដែល​បញ្ជាក់​ថា អនុលោមតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា​រៀបចំ​ផែនការ​មេ​សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអ៊ុតក្រាលកៅស៊ូនៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ហើយ​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

អាជ្ញាធរជាតិអប្សរា បញ្ជាក់​ថា ការស្ថាបនា ជួសជុល និងកែលម្អផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ គឺធ្វើឡើងក្នុងបំណង​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ដល់​សាធារណជន ក៏ដូចជាភ្ញៀវទេសចរ​ដែលធ្វើដំណើរ​មកកម្សាន្ត​ខេត្តសៀមរាប ដែលមាន​ការកើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។

ផ្លូវ ៦០ម៉ែត្រក្នុងក្រុងសៀមរាប ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានប្រសិទ្ធិនាមជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ ផ្លូវនេះត្រូវបានសម្រេចប្រសិទ្ធិនាមយ៉ាងដូច្នេះបន្ទាប់អាជ្ញាធរជាតិអប្សរាបានស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប។ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មូលហេតុនៃការប្រសិទ្ធិនាមឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។

វិថីសម្ដេចវិបុលបញ្ញា សុខ អាន កន្លងមកពលរដ្ឋទូទៅក្នុងក្រុងសៀមរាបនិយមហៅថា ផ្លូវ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែពុំដែលបានកំណត់ជាផ្លូវការនៅឡើយទេ។ ទើបតែថ្មីៗនេះអាជ្ញាធរជាតិអប្សរា ក៏បានដាក់សំណើរទៅរដ្ឋបាលខេត្តសៀមរាប ដោយប្រសិទ្ធិនាមផ្លូវនេះជា វិថីសម្ដេចវិបុលបញ្ញា សុខ អាន។

វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF)។ នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។

ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនានេះ ចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ 

បើគិតមកដល់ពេលនេះ វិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញអស់រយៈពេល១៦ឆ្នាំមកហើយ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម