ថៃ អាចនឹងទទួលស្គាល់ អ្នកស្រលាញ់ភេទដូចគ្នាស្របច្បាប់ នៅចុងឆ្នាំ២០១៨នេះ

  • 2018-11-07 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ អាច​នឹង​ទទួល​ស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ផ្លូវការ នៅ​ចុង​ឆ្នាំ២០១៨ ខាង​មុខ​នេះ។ គណៈរដ្ឋមន្ត្រី​ថៃ កំពុង​រៀបចំ​សវនាការ​ជា​សាធារណៈ ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ចុង​ខែ​នេះ ហើយ​អាច​នឹង​អនុម័ត​ច្បាប់​មុន​ដាច់​ឆ្នាំ២០១៨ ដោយ​ទទួល​ស្គាល់​ពួកគេ​ដោយ​ស្របច្បាប់​តែម្ដង។

កាល​ពី​ថ្ងៃ​ច័ន្ទ នាយកដ្ឋាន​ការពារ​សិទ្ធិ និង​សេរីភាព ហៅ​កាត់​ថា RLPD បាន​ប្រកាស​ថា ការ​បោះឆ្នោត​តាម​អ៊ីនធឺណិត​កំពុង​ដំណើរការ​រួច​ហើយ ខណៈ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​លើ​បញ្ហា​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ដល់ ១៦ ខែ​វិច្ឆិកា នៅ​ទីក្រុង​បាងកក, ឈៀងម៉ៃ, អយុធ្យា និង សុងក្លា។

លោក Kerdchoke Kasemwongjit អគ្គនាយក​រង​នៃ​នាយកដ្ឋាន RLPD បាន​និយាយ​ថា លោក​ចង់​ស្ដាប់​យោបល់​របស់​ប្រជាពលរដ្ឋ​មុន​នឹង​បញ្ចប់ និង​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៧០ផ្នែក ទៅ​ឲ្យ​គណៈរដ្ឋមន្ត្រី​នៅ​ចុង​ខែ​នេះ។

សេចក្ដី​ព្រាង​ច្បាប់ «Life Partnership Bill» ដែល​បាន​ព្រាង​ទុក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១៣ មាន​គោលបំណង​ផ្ដល់​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា មាន​សិទ្ធ​ជាង​មុន​ក្នុង​ការ​រៀបចំ​ផែនការ​គ្រួសារ ស្មើនឹង ៩០% នៃ​ប្ដី​ប្រពន្ធ​ដែល​រៀបការ​ធម្មតា។ ទោះ​ជា​យ៉ាង​ណា លោក Kerdchoke បាន​បន្ថែម​ថា ពាក្យ​ផ្លូវការ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នឹង​នៅ​តែ​ជា "ដៃគូ" មិនមែន "អាពាហ៍ពិពាហ៍" ឡើយ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម