រស់​នៅ​ក្រៅ​ប្រទេស​យូរ​ឆ្នាំ តារា​ខ្មែរ​ម្នាក់​​​មិន​ភ្លេច​ផលិត​តន្ត្រី​ទាក់​ទង​ស្រុកកំណើត

  • 2018-11-07 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​​បី​ជា​ផ្លាស់​ទី​លំនៅ​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​វ័យ​១១​ឆ្នាំ លោក ឱ សាទីយ៉ា នៅ​តែ​មិន​ភ្លេច​ពី​តន្ត្រី​ខ្មែរ​ដែល​ជា​ប្រទេស​កំណើត​និង​នៅ​តែ​ផលិត​ចម្រៀង​​ជា​ហូរហែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ​

លោក ឱ សាទីយ៉ា

ថ្លែង​មក​កាន់​ Sabay លោក សាទីយ៉ា បាន​ប្រាប់​ថា​លោក​ចាប់​ផ្ដើម​ច្រៀង​តាំង​ពី​អាយុ​៦​ឆ្នាំ​មក​ម្ល៉េះ ដែល​ពេល​នោះ​ តារា​រូប​នេះ​មាន​ទី​លំនៅ​នៅ​ខេត្ត​បាត់​ដំបង។ រហូត​ដល់​វ័យ​១១​ឆ្នាំ ក្រុម​គ្រួសារ​លោក​ក៏​ផ្លាស់​ទី​លំនៅ​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី។ តាំង​ពី​ចាប់​ផ្ដើម​រស់​នៅ​ប្រទេស​នេះ​ សាទីយ៉ា ស្ទើរ​តែ​ភ្លេច​ភាសា​កំណើត​ទៅ​ហើយ ដោយ​ភាគ​ច្រើន​ប្រើ​តែ​ភាសា​អង់គ្លេស​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង។

ដោយ​សារ​តែ​ស្រលាញ់​តន្ដ្រី​ជាតិ តារា​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ នៅ​តែ​ព្យាយាម​រៀន​អាន​និង​សរសេរ​ភាសា​ខ្មែរ ជាពិសេស​គឺ​ស្ដាប់​ចម្រៀង​របស់​លោក​តា​ ស៊ិន ស៊ីសាមុត​។ ដូច្នេះ​ហើយ​ទើប​តន្ដ្រី​របស់​លោក​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​តន្ដ្រី​​របស់​អធិរាជ​សំឡេង​មាស ព្រម​ទាំង​កំពូល​តារា​ចម្រៀង​ Michael Jackson។ សាទីយ៉ា បញ្ជាក់​ថា​ស្ទីល​ចម្រៀង​របស់​លោក​គឺ​លក្ខណៈ​បែប​ខ្មែរ ប៉ុន្តែ​លាយ​បញ្ចូល​ចង្វាក់ Pop និង RnB ជាមួយ​គ្នា​ធ្វើ​ឲ្យ​តន្ដ្រី​លោក​មាន​លក្ខណៈ​ពីរោះ​ប្លែក។

សាទីយ៉ា ទើប​តែ​ចាប់​ផ្ដើម​ផលិត​ចម្រៀង​ Original ក្នុង​រយៈ​ពេល​២​ឆ្នាំ​ កន្លេង​ទៅ​នេះ​ដោយ​បាន​បញ្ចេញ​បទ "I Never Said Goodbye” ជា​បទ​ដំបូង​ ចូលរួម​សម្ដែង​ដោយ ប្រាសាទ ដាវីន​ និង​បទ​ទី​២ "Forever” ចូលរួម​បក​ស្រាយ​ដោយ​ ឌី សូនីតា។ ថ្មី​ៗ​នេះ​លោក​ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ Cover មួយ​បទ​ចង្វាក់​សារ៉ាវាន់​ប៉ុន្តែ​ជាមួយ​ការ​កែច្នៃ​បទ​ភ្លេង​ថ្មី​ គឺ​បទ "ក្លិន​ក្រអូប" ដែល​ជា​បទ​ចម្រៀង​ពី​លំនាំ​ដើម​ច្រៀង​ដោយ​លោក​តា​ ស៊ិន ស៊ីសាមុត។

ឈុតឆាក​​នៅ​ក្នុង MV "ក្លិនក្រអូប"

ជុំ​វិញ​ការផលិត​តន្ត្រី​ តារា​អាណិកជន​រូប​នេះ​បញ្ជាក់​ថា តារាៗ​ខ្មែរ​ទាំង​អស់​មិន​ថា​ជា​នៅ​ប្រទេស​ណា​នោះ​ទេ សុទ្ធ​តែ​ស្រលាញ់​សិល្បៈ​តន្ត្រី​ខ្មែរ និង​ទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ពី​សំណាក់​សារព័ត៌មាន​ក្នុង​ស្រុក ព្រម​ទាំង​ពី​ទូរទស្សន៍​និង​វិទ្យុ​ជា​ដើម ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ផលិត​តន្ដ្រី​មាន​គុណ​ភាព​ត​ទៅ​មុខ​ទៀត។

ទស្សនា​វីដេអូ​ចម្រៀង​បទ "ក្លិន​ក្រអូប​ខាង​ក្រោម"៖

​​

អត្ថបទ៖ ធារ៉ូ