​​​​​​​លោក Bill Gates យកលាមកស្រស់បង្ហាញលើឆាក ដើម្បីណែនាំពីបង្គន់អនាគតមិនប្រើទឹក

  • 2018-11-07 03:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​ Bill Gates បាន​ធ្វើ​ឲ្យ​​​អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធី​ Reinvented Toilet Expo នៅ​ទីក្រុង​ប៉េកាំង ​ស្រឡាំងកាំង​ជា​ខ្លាំង ​ពេល​លោក​យក​លាមក​មនុស្ស​​មួយ​កំប៉ុង​មក​បង្ហាញ​លើ​ឆាក។

ការ​យក​លាមក​មក​បង្ហាញ​លើ​ឆាក​នេះ​គឺ​ដើម្បី​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​បន្ទោបង់​ពាសវាលពាសកាល​​ក្នុង​ប្រទេស​ក្រីក្រ​មួយ​ចំនួន ​ហើយ​មហាសេដ្ឋី​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​បង្គន់​អនាគត​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ផង​ដែរ។

បង្គន់​អនាគត​ដែល​លោក​ Bill Gates បាន​យក​មក​បង្ហាញ​ក្នុង​កម្មវិធី​ ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ជាង​បង្គន់​ធម្មតា ដោយ​វា​មិន​ត្រូវ​ការ​ទឹក ឬ ប្រព័ន្ធ​លូ​នោះ​ទេ។ បង្គន់​ប្រភេទនេះ​អាច​ទទួល​យក​​ទាំង​កាក​សំណល់​រឹង​ និង​រាវ​ ដោយ​ចម្រាញ់​កាក​សំណល់​​តាម​​របៀប​​គីមី ដោយ​ភាគ​ច្រើន​គឺ​តាម​រយៈ​ការ​ដុត​បំផ្លាញ។ បង្គន់​​អនាគត​​មាន​រូបរាង​ជា​ច្រើន​សណ្ឋាន​ ប៉ុន្តែ​សុទ្ធ​តែ​មាន​សមត្ថភាព​អាច​បំបែក​កាក​សំណល់​រឹង និង​រាវ​ចេញ​ពី​គ្នា​បាន។

គួរ​ដឹង​ថា​ដើម្បី​បង្កើត​បង្គន់​អនាគត​ទាំង​នេះ​ឡើង មូលនិធិ​ Bill & Melinda Gates Foundation ​ដែល​បង្កើត​ដោយ​លោក​ Bill Gates បាន​ប្រើ​ចំណាយ​ពេល​ ៧ ឆ្នាំ និង​បាន​បរិច្ចាគ​ទឹក​ប្រាក់ ២០០ លាន​ដុល្លារ ដល់​​ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​បង្កើត​ឡើង៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង