Aaron Yan ក្រុម Fahrenheit សុំ​ទោស​អ្នក​គាំទ្រ​ ក្រោយ​ទទួល​ស្គាល់​ថា លោក​​​ស្រឡាញ់​ភេទ​ដូច​គ្នា

  • 2018-11-08 02:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ព័ត៌មាន​ស្រឡាញ់​ភេទ​ដូច​គ្នា​របស់​សមាជិក​ក្រុម Fahrenheit តារា​ចម្រៀង Aaron Yan កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ពាស​ពេញ​បណ្ដាញ​សារព័ត៌មាន​តៃវ៉ាន់។ ព័ត៌មាន​នេះ​ដែរ ត្រូវ​បាន​បែក​ធ្លាយ ក្រោយ​អតីត​មិត្ត​ប្រុស​របស់​លោក​ម្នាក់ បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​របស់​ពួកគេ ហើយ​ចោទ​ប្រកាន់​តារា​ចម្រៀង​រូប​នេះ​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ដល់​ទៅ ៣ នាក់​ក្នុង​ពេល​តែ​មួយ។

ក្រោយ​ដំណឹង​មួយ​នេះ​បាន​បែក​ធ្លាយ​ចេញ​ភ្លាម តារា​ចម្រៀង Aaron Yan បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អតីត​មិត្ត​ប្រុស​លោក​រូប​នោះ រួច​ក៏​បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ ដើម្បី​បកស្រាយ​ រួម​នឹង​សុំ​ទោស​អ្នក​គាំទ្រ​សម្រាប់​រឿង​រ៉ាវ​របស់​លោក​កន្លង​មក។ ក្នុង​សារ​ដ៏​វែង​នោះ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ថា៖

“ខ្ញុំ​សុំទោស ដែល​ខ្ញុំ​មិន​អាច​គ្រប់គ្រង​ជីវិត​ផ្ទាល់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ដែល​ធ្វើ​ឲ្យ​រឿង​អាស្រូវ​របស់​ខ្ញុំ​ត្រូវ​បាន​បែក​ធ្លាយ​បែប​នេះ។ ខ្ញុំ​តែង​តែ​ធ្វើ​ល្អ​ដាក់​​មនុស្ស​គ្រប់​គ្នា​ជាមួយ​បំណង​ល្អ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​ចេះ​មាន​អារម្មណ៍​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដែរ។ សម្រាប់​ទំនាក់ទំនង​រវាង​មនុស្ស​​ក្នុង​លោក​នេះ ជា​ញឹកញាប់​តែង​តែ​មាន​រឿង​មិន​សប្បាយ​ចិត្ត​អាច​កើត​ឡើង​ហើយ ពេល​ខ្លះ​ក៏​​មិន​អាច​គ្រប់​គ្រង​បាន​ដែរ គឺ​ត្រូវ​ការ​ពេល​​ជា​ច្រើន​ដើម្បី​ជួសជុល​វា​ឡើង​វិញ។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូលចិត្ត ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​ទំនាក់ទំនង​ស្នេហា​ដែល​ទើប​តែ​ចាប់​ផ្ដើម​នោះ​ទេ ជា​ធម្មតា​ខ្ញុំ​​ក៏​មិន​ត្រូវ​ការ​ ការ​ពិចារណា​វែកញែក​អី​វែង​ឆ្ងាយ​ដែរ"។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ពិត​ជា​ធ្លាប់​បាន​ស្រឡាញ់​គាត់​ខ្លាំង​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​យើង​បាន​បែក​គ្នា ដោយ​មិន​បាន​រៀបចំ​អ្វី​ឲ្យ​បាន​ដាច់​ស្រេច រឿង​រ៉ាវ​ក៏​បាន​កើត​មាន​ឡើង​បែប​នេះ ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដូច​គ្នា។ ឲ្យ​ខ្ញុំ​សុំទោស ខ្ញុំ​នឹង​ព្យាយាម​កែប្រែ​ស្ថានការណ៍​ឡើង​វិញ ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ សុំទោស​សម្រាប់​គ្រប់​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ឈឺចាប់។ ខ្ញុំ​ពិត​ជា​សុំទោស​មែន​ទែន ចំពោះ​អ្នក​គាំទ្រ មិត្តភក្តិ សាច់​ញាតិ ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​អស់ ដែល​តែង​តែ​លើក​ទឹកចិត្ត​ខ្ញុំ។ អរគុណ​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែ​ជួយ​ខ្ញុំ​កន្លង​មក ខ្ញុំ​នឹង​ចង​ចាំ​ទុក​ក្នុង​បេះដូង​របស់​ខ្ញុំ។ នេះ​ក៏​ជា​មេរៀន​មួយ​សម្រាប់​ខ្ញុំ។ ជា​ចុង​ក្រោយ សុំទោស​អ្នក​ទាំងអស់​គ្នា ដែល​បាន​ចំណាយ​ពេលវេលា​​ដ៏​មាន​តម្លៃ​​សម្រាប់​ការ​បារម្ភ​ពី​ជីវិត​របស់​ខ្ញុំ ដោយ​រឿង​រ៉ាវ​ទាំង​នេះ គឺ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​ទាំង​អស់​គ្នា​គួរ​បារម្ភ​ទាល់​តែ​សោះ"៕ ​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី