គ្រូ​កម្ពុជា ​បក​ស្រាយ​រឿង​លេង​មិន​ទៅ​មុខ ​ហើយ​ថា​លទ្ធផល​យប់​នេះ​ល្អ​ជាង​មុន

  • 2018-11-08 14:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាញ់​ម៉ាឡេស៊ី ០-១ ​អម្បាញ់មិញ​នេះ លោក Felix ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា​ជា​លទ្ធផល​ល្អ​ជាង​លើក​មុន​ដែល​កម្ពុជា​ចាញ់​ដល់​ទៅ ១-៣។

ក្រុម​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ០-១ ​នៃ​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ AFF Suzuki Cup 2018 ។ ​ទម្រង់​លេង​នៃ​ការ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ចម្ងល់​ថា​កម្ពុជា​ហាក់​ដូចជា​មិន​មាន​បាល់​លេង​ទៅ​មុខ​ទី​ខាង​ម៉ាឡេស៊ី​ច្រើន ដូច​កាល​ប្រកួត​មុន​ៗ​នោះ​ទេ។ ជាក់​ស្ដែង បែរ​ជា​លេង​ពី​ក្រោម​មក នៅ​តំបន់​បម្រើ​ច្រើន​ទៅ​វិញ។

ចំពោះ​រឿង​នេះ លោក Felix ​បាន​បក​ស្រាយ​ថា​បាល់ទាត់​គឺ​ដូច្នេះ។ ក្រុម​មួយ​មិន​អាច​លេង​សម្រុក​រហូត​ឡើយ ​ជូន​កាល​ពួកគេ​ត្រូវ​លេង​នៅ​តំបន់​បម្រើ​នេះ​សិន ដើម្បី​ស្វែង​រក​ឱកាស​ទៅ​មុខ​បន្ដ​ទៀត។ ស្រប​ពេល​ដែល​ម៉ាឡេស៊ី មិនមែន​ជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ឡើយ។ ដូច្នេះ​វា​ពិបាក​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​ការ​លេង​នៅ​តំបន់​គ្រោះ​ថ្នាក់​របស់​ម៉ាឡេស៊ី។

"ខ្ញុំមាន​មោទនភាព នៅ​ពេល​ឃើញ​កូន​ក្រុម​លេង​ល្អ​ប្រសើរ សហការ​គ្នា​បាន​ល្អ បើ​ទោះ​ជា​លទ្ធផល​ចាញ់ ដែល​យើង​មិន​ចង់​បាន​មែន។ ប៉ុន្តែ​ប្រកួត​នេះ យើង​បាន​ធ្វើ​វា​ល្អ​ប្រសើរ យើង​សង្ឃឹម​នឹង​ធ្វើ​បាន​ល្អ​បន្ថែម​ទៀត​នៅ​ប្រកួត​បន្ទាប់។ យើង​រីករាយក្នុង​ការ​ប្រកួត​នេះ ​ដែល​យើង​អាច​លេង​បាន​យ៉ាង​ល្អ​រហូត​ដល់​៩០​នាទី​ពេញ"។ សម្ដី​លោក Felix។

ប្រកួត​បន្ទាប់​ទៀត ​កម្ពុជា​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា នៅថ្ងៃទី១២ ​មុន​ប៉ះ​ជាមួយ​ក្រុម​ឡាវ​នៅ​ថ្ងៃ​ទី​២០ និង​បន្ដ​ជួប​ក្រុម​វៀតណាមនៅថ្ងៃទី​២៤ទៀត ដែល​ជា​ការប្រកួត​បញ្ចប់​ពូល A ​តែ​ម្ដង។

សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​​ដែល​មាន​មនុស្ស​ចូល​ទស្សនា​ជាង​៣​ម៉ឺន​នាក់​នេះ​ ក្រុម​ហ៊ុន PiPay បាន​រួមចំណែក​ជួយ​ដល់​អ្នក​គាំទ្រ​​តាម​រយៈ​ការ​ទិញ​សំបុត្រ​​​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​៥០​%។ ​ជា​ពិសេស​ជំរុញ​ដល់​ការ​ទិញ​សំបុត្រ​តាមអនឡាញ​ ​ដើម្បី​​ពលរដ្ឋ​កម្ពុជា​ងាយ​ស្រួល​ចូល​​រួម​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

សកម្មភាព​អ្នក​គាំទ្រ

អត្ថបទ៖ មុន្នីរម្យ