សារព័ត៌មាន​អេស្ប៉ាញ ៖ ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ Real មាន​ការ​បែងចែក​យ៉ាង​ខ្លាំង

  • 2018-11-10 01:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ហាក់​ដូច​ត្រលប់​ទៅ​រក​ភាព​នឹងន​ឡើងវិញ​ហើយ​ក្រោយ​តែងតាំង​លោក Santiago Solari បន្ទាប់​ពី​​ក្រុម​យក្ស​អេស្ប៉ាញ​ទើប​បណ្ដេញ​គ្រូ​បង្វឹក​​មុន​ចេញ​ពី​តំណែង។ យ៉ាង​ណា​ក្តី ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​​​របស់​​ក្លឹប​អធិរាជ​ស​​ត្រូវ​បាន​រាយការណ៍​ថា​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង។

​​យោងទៅតាម​សារព័ត៌មាន​អេស្ប៉ាញ El Chiringuito ទើប​បាន​ចុះ​ផ្សាយ​​​ថា​​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់ Real មាន "ការ​បែងចែក​យ៉ាង​ខ្លាំង" រហូត​ដល់​មាន​មនុស្ស​ជា​២​បក្សពួក​ផ្សេង​គ្នា​នៅ​ក្នុង​ក្លឹប ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់​ Los Blancos មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

ដោយ​មិន​បាន​បង្ហាញ​ឈ្មោះ​ចំៗ​ ប្រភព​ខាង​លើ​រៀបរាប់​ថា​បញ្ហា​ក្តៅ​២​ដែល​ធ្វើ​ឲ្យ​ក្លឹប​ដែល​ឈ្នះ​ពាន Champions League ៣​សម័យ​កាល​ជាប់ៗ​គ្នា​កំពុង​ខ្វែង​គំនិត​​គ្នា​យ៉ាង​ខ្លាំង​។ ទី១ គឺ​​​​កីឡាករ​មួយ​ក្រុម​ចង់​ឲ្យ​អតីត​គ្រូ​បង្វឹក​និង​ជំនួយការ​គឺ​លោក Jose Mourinho និង Xabi Alonso មក​ដឹក​នាំ​ក្រុម​ចាប់​ពី​រដូវ​កាល ២០១៩/២០ ខាង​មុខ។ ខណៈ​ដែល​កីឡាករ​ពាក់​កណ្តាល​ទៀត​​ប្រឆាំង​នឹង​បេក្ខភាព​ទាំង​២​នេះ។ Karim Benzema អាច​ជា​ម្នាក់​ក្នុង​ចំណោម​​ក្រុម​ជំទាស់​នេះ ព្រោះ​កីឡាករ​បារាំង​​រូប​នេះ​មិន​ត្រូវ​បាន Mourinho ទុក​ចិត្ត​គ្រប់គ្រាន់​ឡើយ។

ទី​២ ស្ថានភាពរបស់ Sergio Ramos ពិតជាធ្ងន់ធ្ងរណាស់ ពិសេស​ក្រោយ​ការ​ចាកចេញ​របស់ Ronaldo។ Ramos កំពុង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​លើ​ក្រុម​ទាំង​មូល។ ជាក់ស្តែង កាល​ពី​២​សប្តាហ៍​មុន Ramos បាន​តបត​ដោយ​ហិង្សា​លើ​កីឡាករ​វ័យក្មេង Sergio Reguilon នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​​បាន​ឲ្យ​កែង​ដោយ​អចេតនា​ទៅ​លើ​ប្រធាន​ក្រុម​របស់​ខ្លួន​នៅ​អំឡុង​ពេល​ហ្វឹកហាត់។

​​​​ថ្មីៗ​នេះ​ទៀត​សោត Ramos ចូលចិត្ត​បង្ហោះ​លើ Instagram ដែល​រិះគន់​អ្នកចាំទី​ថ្មី​របស់​ក្លិប Thibaut Courtois និង កីឡាករ Los Blancos ផ្សេងៗ​ទៀត​ ឲ្យ​តែ​​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​រូប​នេះ​មិន​សប្បាយ​ចិត្ត​ជាមួយ។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពាក្យ​ចចាមអារ៉ាម​ថា នៅ​ពេល​ដែល​ Real Madrid ប្រុង​នឹង​នាំ​យក​លោក Antonio Conte មក​ Ramos មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង សូម្បី​តែ​លោក Florentino Perez ក៏​លែង​ហ៊ាន​ចរចា​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ដែរ ខណៈ​លោក Solari ដែល​បាន​ទៅ​ជំនួស Lopetegui ដោយ​រលូន​ព្រោះ​តែ​មាន​ការ​ឯកភាព​ពី Ramos នេះ​ឯង។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ tribuna   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម