Emperor's Cup របស់​ជប៉ុន​ស្រដៀង​ FA Cup តែ​ពិសេស​បំផុត​​មិនមានពានណាដូច

  • 2018-11-11 02:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Emperor's Cup របស់​ជប៉ុន​ស្រដៀងនឹងពាន​ FA Cup Coppa Italia និង Copa del Rey តាម​របៀប​ជា​ច្រើន ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា Emperor's Cup លើក​ទឹកចិត្ត​ដល់​​ក្រុម​បាល់ទាត់​ពី​សាកល​វិទ្យាល័យ។ សូម្បី​តែ​ក្រុម​បាល់ទាត់​នៅ​វិទ្យាល័យ​ក៏​អាច​​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​អាជីព​បាន​ដែរ។

៤៧​ក្រុម​ដែល​ត្រូវ​ប្រកួត​ប្រជែង​ ១​ក្រុម​ៗ​ត្រូវ​បាន​ផ្តល់​ឲ្យ​​ក្រុម​បាល់ទាត់​នៅ​តាម​តំបន់​រាប់​តាំង​ពី​​ក្រុម​បាល់ទាត់​​នៅ​តាម​តំបន់ ក្រុម​បាល់ទាត់​របស់​សិស្ស​​សាកលវិទ្យាល័យ និង​​វិទ្យាល័យ។ ចំណែក​ក្រុម​នៅ​ក្របខ័ណ្ឌ J League អាច​ប្រកួត​ពាន​នេះ​បាន​ដោយ​ស្វ័យប្រវត្តិ។

គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ឆ្នាំ​២០០៣ ក្រុម​បាល់ទាត់​របស់​សិស្ស​វិទ្យាល័យ​មួយ​ក្រុម​សឹង​តែ​យក​ឈ្នះ​ក្រុម​យក្ស​របស់​ជប៉ុន។

ក្រុម​អ្នកគាំទ្រ​របស់​​​ក្រុម​បាល់ទាត់​វិទ្យាល័យ Funabashi

ក្រុម​សិស្ស​សាលា​វិទ្យាល័យ​ Funabashi បាន​យក​ឈ្នះ​ក្រុម​២​មុន​នឹង​ទៅ​ជួប​ក្រុម​ខ្លាំង​នៅ​ក្របខ័ណ្ឌ​កំពូល​ជប៉ុន។ ២​ក្នុង​ចំណោម​ក្រុម​ដែល​ចាញ់​ក្រោម​ថ្វី​ជើង​របស់ Funabashi មាន​១​ជា​ក្លឹប​បាល់ទាត់​ពាក់​កណ្តាល​អាជីព។

ឈាន​ដល់​ជុំ​ទី​៣​នៃ​​ពាន​រង្វាន់ Emperor's Cup ក្រុម​បាល់ទាត់​សិស្ស​វិទ្យាល័យ​ត្រូវ​ប្រឈម​​នឹង Yokohama F Marinos ដែល​ធ្លាប់​គ្រង​ពាន​ក្របខ័ណ្ឌ​កំពូល​ជប៉ុន J League៣​សម័យ​កាល។

ក្រុម​បាល់ទាត់​របស់​សិស្ស​សាលា​ចាប់​ផ្តើម​ប្រកួត​មិន​ល្អ​ទាល់​តែ​សោះ ត្រឹម​៦​នាទី​របូត​២​គ្រាប់ ប៉ុន្តែ​ពួក​បាន​វាយ​សន្ធាប់​​ក្រុម​​ម្ចាស់​ផ្ទះ​យ៉ាង​ខ្លាំង​វិញ។ ម្ចាស់​ពាន J League ៣​សម័យ​កាល​ ដោយ​ស្ថិត​នៅ​ក្រោម​សម្ពាធ​វាយ​លុក​ឥត​សំចៃ​ពី​ក្រុម​សិស្ស​សាលា។ ក្រុម​បាល់ទាត់​អាជីព​​នេះ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​លេង​ប្រព័ន្ធ​ទប់។

ពាក់​កណ្ដាល​ផ្លូវ​នៃ​តង់​ទី​២​ក្រុម​សិស្សសាលា​តាម​បាន​១​គ្រាប់​មក​វិញ។ បន្ទាប់​ពី​បាន​១​គ្រាប់​​ សិស្ស​សាលា ​Funabashi បន្ត​វាយ​លុក ហើយ​នៅ​​៦​នាទី​មុន​បញ្ចប់​ការ​ប្រកួត​ពួកគេ​បាន​បំប៉ោង​សំណាញ់​ទី​វាយ​បក​ពី​ ២-០ រហូត​តាម​ស្មើ ​Yokohama F Marinos ២-២ នៅ​ចុង​ម៉ោង។

Robert Cullen អតីត​សមាជិក Funabashi (រូប​កាល​ឆ្នាំ​២០១៣) បច្ចុប្បន្ន​កំពុង​លេង​​ឲ្យ​ Leatherhead FC

មិន​ត្រឹម​តែ​អាច​វាយ​បក​​តាម​ស្មើ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​ទេ ការ​​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​​របស់​​គ្រូ​បង្វឹក​ក្រុម​សិស្ស​សាលា ដាក់​ខ្សែ​ប្រយុទ្ធ​ Toru Kotobuki ចូល​ចុង​ម៉ោង កីឡាករ​រូប​នេះ​ស្ទើរ​តែ​មាន​ឱកាស​រក​គ្រាប់​ទី​៣​យក​ជ័យ​ជម្នះ​ឲ្យ​សាលា​គេ​ទៅ​ហើយ ក្រោយ​អូស​បាល់​១​ទល់​នឹង​១​ជាមួយ​អ្នក​ចាំទី ប៉ុន្តែ​សំណាង​មិន​ល្អ បាល់​បែរ​ជា​ទៅ​បុក​របា​ទី​ខាង​លើ។

​នៅ​នាទី​ទី​៩០​ទៅ​ហើយ​​ប្រធាន​ក្រុម Masushima របស់​សាលា Funabashi បាន​ទទួល​កាត​​ក្រហម បន្ទាប់​ពី​សិស្ស​សាលា​រូប​នេះ​ព្យាយាម​អូស​បាល់​ឡើង​ពី​តំបន់​កណ្តាល តែ​ត្រូវ​កីឡាករ​របស់​ក្លឹប Yokohama ដេញ​តាម​ពី​ក្រោយ​ធ្វើ​ឲ្យ​ដួល ដោយ​ក្រុម​សិស្សសាលា​រំពឹង​ថា​ នឹង​បាន​បាល់​ពិន័យ តែ​ផ្ទុយ​ទៅ​វិញ ក្រោយ​បន្លឺ​សំលេង​កញ្ចែ អាជ្ញាកណ្ដាល​បែរ​ជា​ហុច​កាត​លឿង​ទី​២​ឲ្យ​ប្រធាន​ក្រុម របស់​សាលា Funabashi​ ទៅ​វិញ។

ចប់​ការ​ប្រកួត​៩០​នាទី ក្រុម​ទាំង​២​ត្រូវ​លេង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ទៀត ដោយ​ក្រុម​ក្មេង​សិស្សសាលា​ត្រូវ​រង​សម្ពាធ​​ពី​ក្រុម​យក្ស​យ៉ាង​ខ្លាំង​​ដោយ​ខ្លួន​មាន​គ្នា​តែ​១០​នាក់។

ក្លឹប​ជើង​ឯក​ J League មិន​​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ក្មេង​ៗ​បាន​ឡើយ​ ទោះ​ការ​ប្រកួត​ត្រូវ​ថែម​រហូត​ដល់​ចប់​៣០​នាទី។ ដូច្នេះ​ពួកគេ​ត្រូវ​កាត់​សេចក្តី​ដោយ​បាល់​ប៉េណាល់ទី។ ក្តី​សង្ឃឹម​របស់​ក្មេង​សិស្សសាលា​ត្រូវ​អស់​ត្រឹម​ហ្នឹង​ក្រោយ​ចាញ់​បាល់​ប៉េណាល់​ទី ៤-១។

នេះ​ជា​រឿង​ដ៏​កម្រ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៅ​ពេល​ដែល​សិស្ស​វិទ្យាល័យ​មួយ​ក្រុម ត្រូវ​ប្រកួត​ដើម្បី​ដណ្ដើម​ពាន​ជាមួយ​ក្លឹប​​ដែល​ធ្លាប់​គ្រង​ជើង​ឯក​៣​សម័យ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​ជប៉ុន ហើយ​អាច​វាយ​បក​ពី ២-០ រហូត​អាច​តាម​ស្មើ​ក្រុម​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត​ពួកគេ​ត្រូវ​លេង​ដោយ​មាន​គ្នា​ត្រឹម​១០​នាក់​ជាមួយ​ម្ចាស់ផ្ទះ Yokohama ហើយ​អាច​ទប់​​ទល់​រហូត​ដល់​ម៉ោង​ប៉េណាល់ទី។

មក​ទល់​ពេល​នេះ​ ជាង​ពាក់​កណ្តាល​នៃ​ក្រុម​បាល់ទាត់​របស់​សិស្ស​សាលា Funabashi​ បាន​ក្លាយ​ទៅ​ជា​កីឡាករ​ និង​កំពុង​លេង​បាល់​ឲ្យ​ក្លឹប​អាជីព។

សូម​ទស្សនា​វីដេអូ​ប្រកួត​ដ៏​ស្វិត​ស្វាញ​រវាង​ក្រុម​សិស្ស​វិទ្យាល័យ​ Funabashi​ និង ក្រុម Yokohama៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត