ជីវិត​តស៊ូ​របស់​ ស៊ឹម ប៊ុនស៊្រន់​ ​ប្រចាំ​ ONE​ មុន​នឹងបានល្បីឈ្មោះ​​

  • 2018-11-11 08:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ឯក​ Khmer​ Warrior​ Challenge​ រដូវ​កាល​ទី​៣​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​បញ្ចេញ​សមត្ថភាព​ និង​ភាព​រីក​ចម្រើន​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ​ទៀត​ក្នុង​ការ​បំបាក់​គូ​ប្រកួត​នីមួយ​ៗ។ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ​​រូប​គេ​ត្រូវ​បាន​គេ​ឲ្យ​ឡើង​ប្រដាល់​សេរី។ ថ្វី​បើ​គាត់​បាន​ទទួល​ជ័យជម្នះ​លើ​ការ​ប្រកួត​លើក​ទី​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ចាញ់​ការ​ប្រកួត​បន្ត​បន្ទាប់​រហូត​៧​ប្រកួត​ជាប់​​គ្នា។​

កីឡាករ ស៊ឹម ប៊ុន​ស៊្រន់

មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​អស់​ជំនឿ​ចិត្ត​​លែង​ចង់​​បន្ត​នៅ​ពេល​ខ្លួន​ទទួល​បរាជ័យ​ជាប់​ៗ​គ្នា​បែប​នេះ​ ហើយ​ផ្តោត​លើ​អ្វី​ផ្សេង​ទៀត​វិញ​ ប៉ុន្តែ​សម្រាប់​ ប៊ុនស្រន់​ វិញ​តស៊ូ​ព្យាយាម​បន្ត​ទៀត​មិន​ដូច​អ្នក​ដ៏ទៃ​ឡើយ។

អ្នក​ប្រដាល់​វ័យ​២៥​ ឆ្នាំ​រូប​នេះ​ប្រាប់​ពី​ប្រវត្តិ​​របស់​ខ្លួន​ថា ៖ «ពេល​ខ្ញុំ​ចាញ់​ប្រកួត​ជា​ច្រើន​ដង​ពេក​ ឪពុក​ម្តាយ​បង​ប្អូន​ និង​សាច់​ញាតិ​ ប្រាប់​ឱ្យ​ខ្ញុំ​ឈប់​ពី​អាជីព​ជា​អ្នក​ប្រដាល់​ទៅ។ ប៉ុន្តែ​ខ្ញុំ​តាំង​ចិត្ត​ថា​ ខ្ញុំ​មក​ទី​នេះ​ដោយ​ចិត្ត​ខ្លួន​ឯង​ មិន​មែន​ដោយ​សារ​តែ​នរណា​ម្នាក់​ជំរុញ​ឲ្យ​ខ្ញុំ​មក​ទេ។ គោល​ដៅ​របស់​ខ្ញុំ​គឺ​មក​ប្រកួត​ឲ្យ​ខ្លាំង​ ដើម្បី​បង្ហាញ​ពិភព​លោក​ពី​សមត្ថភាព​ខ្ញុំ​ថា​ខ្លាំង​ប៉ុន​ណា»។

​ការ​ប្តេជ្ញា​ចិត្ត​របស់​ ប៊ុនស្រ៊ន់​ បាន​បើក​ផ្លូវ​ជីវិត​​ប្រដាល់​ឲ្យ​មាន​ឱកាស​ជា​ច្រើន​ហូរ​ហែ។ បច្ចុប្បន្ន​ គាត់​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុជា​នៅ​ក្លឹប​ Cambodia Top​ Team​ ហើយ​ក៏​មាន​អាជីវ​កម្ម​ខាង​ក្រៅ​មួយ​ទៀត​ខាង​ផ្នែក​កសិកម្ម​ផង​ដែរ​។

ស៊ឹម ប៊ុនស៊្រន់ និង​ CEO របស់ ONE

អ្នក​ខេត្ត​កំពង់ចាម​រូ​ប​នេះ​​កើត​ក្នុង​គ្រួសារ​អ្នក​ស្រែ​ចម្ការ​ ដូច្នេះ​គាត់​ចាប់​ផ្តើម​ស្រឡាញ់​មុខ​របរ​ធ្វើ​ចំការ​ខ្លាំង​ ដូច​គ្នា​នឹង​អាជីព​ជា​អ្នក​ប្រដាល់។ គាត់​បាន​និយាយ​ទាំង​អស់​សំណើច​ថា ៖ «គ្រួសារ​ខ្ញុំ​​ជា​អ្នក​ធ្វើ​ចម្ការ​ ហើយ​កាល​ពី​ក្មេង​ខ្ញុំ​ត្រូវ​នៅ​ចម្ការ​រហូត។ អ្នក​ស្រុក​ខ្ញុំ​គេ​ដាំ​ប្រភេទ​ដំណាំ​តូច​ៗ​ ដែល​ខ្ញុំ​ស្អប់​ខ្លាំង​ណាស់។ ខ្ញុំ​ស្បថ​ថា​ ខ្ញុំ​ធ្វើ​អី​ក៏​ដោយ​ឲ្យ​តែ​ជៀស​ឆ្ងាយ​ពី​ធ្វើ​ចម្ការ។ តែ​ឥឡូវ​វិញ​ ខ្ញុំ​មិន​អាច​បែង​ចែក​រវាង​អាជីព​ទាំង​ពីរ​ទេ។ ខ្ញុំ​ស្រឡាញ់​ការងារ​កសិកម្ម​ខ្លាំង​ដូច​ខ្ញុំ​ស្រឡាញ់​វិស័យ​កីឡា​អញ្ចឹង​»។

ជា​ធម្មតា​ ប៊ុនស្រ៊ន់​ ហ្វឹក​ហាត់​នៅ​ក្លឹប​៥​ដង​ក្នុង​មួយ​អាទិត្យ​ ជា​មួយ​មិត្ត​អ្នក​ប្រដាល់​ប្រចាំ​ ONE Championship​ ដូចជា​ រិន​ សារ័ត្ន​ ស​ សី​ និង​ មាស​ ​ម៉ើ ជា​ដើម។

ឥឡូវ​ ស៊ឹម ប៊ុនស៊្រន់​ មិន​ទាន់​មាន​​​គេ​ចាប់​គូ​ប្រកួត​ឲ្យ​នោះ​ទេ​ ប៉ុន្តែ​គាត់​ក៏​នៅ​​បន្ត​ហ្វឹក​ហាត់​ ក៏​ដូច​ជា​បំប៉ន​សុខ​ភាព​​សម្រាប់​ត្រៀម​ខ្លួន​ជា​ស្រេច​ បើ​សិន​ ONE Championship​ រៀប​ចំ​ចាប់​គូ​ឲ្យ​ប្រកួត​​នា​ពេល​ខាង​មុខ។

​ប៊ុនស្រ៊ន់​ មាន​កិត្ដិយស​ដែល​​អាច​តំណាង​ឱ្យ​ប្រទេស​កំណើត​នៅ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​ជាង​គេ​នៅ​អាស៊ី​ ហើយ​ដែល​ខ្លួន​មាន​ឱកាស​បង្ហាញ​ពី​ការ​តស៊ូ​ និង​ភាព​ក្លាហាន​របស់​កម្ពុជា។ គាត់​និយាយ​ទាំង​ញញឹម​ថា ៖ «ពេល​យើង​ចាប់​ផ្តើម​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ​ម្តង​ៗ​ យើង​មាន​មោទន​ភាព​ណាស់​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់»៕

ស៊ឹម ប៊ុនស៊្រន់ របួសដៃ​ពេល​វ៉ៃ​នៅ​ One Championship

អត្ថបទ៖ Matias Andres