កសិករ​រំឭក​ពី​ក្ដារ​បោកស្រូវ ខណៈគ្រឿង​យន្ត​កសិកម្មកំពុង​វាយ​លុក​

  • 2018-11-12 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពីនាន​វត្ត​មាន​ម៉ាស៊ីន​បោក​ស្រូវ​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កសិករ​មិន​តិច​ទេ​បាន​ងាក​មក​ប្រើ​ម៉ាស៊ីន​ជាជាង​បោក​ស្រូវ​ដោយ​ក្តារ​ដូច​​កាល​ជាង​មួយ​ទសវត្សរ៍​មុន។​

(លោក សុខ ឈួន កំពុង​រៀបចំក្ដារ​សម្រាប់​បោក​ស្រូវ)

លោក សុខ ឈួន កសិករ​ ​រស់​នៅ​ស្រុក​គិរីវង្ស​ ខេត្តតាកែវ​ កំពុង​រៀប​ចំលាន​សម្រាប់​បោក​ស្រូវ​ក្រាល​ និង​ព័ទ្ធ​ជុំវិញ​ដោយ​ស្បៃ​អញ្ចង(ខ្លះ​ហៅថា​ស្បៃឈឹប) បាន​រៀប​រាប់​ថា​កាល​ជាង​មួយ​ទសវត្សរ៍​មុន​នៅ​តាម​វាល​ស្រែ​សម្បូរ​អ្នក​ធ្វើ​លាន​បោក​ស្រូវ​ណាស់។

លាន​បោក​ស្រូវធ្វើឡើង​សម្រាប់​ដាក់​ស្រូវ​ដែល​ទើប​ច្រូតចេញពី​ស្រែ និង​ត្រៀម​បោក​ដោយ​ប្រើ​ក្ដារ​សម្រាប់​យក​គ្រាប់​ទុក​ដាក់។ ​

កសិករ​ខាង​លើ​អះអាង​ថា​ក្រោយពី​មាន​វត្តមាន​របស់​ម៉ាស៊ីន​បោក​ស្រូវ​កាន់តែ ច្រើន កសិករ​ក៏​ងាក​មក​ប្រើ​សេវា​ម៉ាស៊ីន​បោក​ស្រូវ​នេះ​ជំនួស​កម្លាំងមនុស្ស​ និង​សម្ភារៈ​បែប​បុរាណ​នេះ​​វិញ។ សម្រាប់​កសិករ​វ័យ​៦៥​ឆ្នាំនេះ ​វិញ លោក​ក៏បាន​ប្រើ​សេវា​ម៉ាស៊ី​ន​បោក​ស្រូវនេះដែរ តែថា​សម្រាប់​ស្រែ​ឆ្ងាយៗ​ដែល​ម៉ាស៊ីន​ចូល​មិន​ដល់​លោក​នៅ​បន្ត​ធ្វើលាន និង​ប្រើ​ក្ដារ​សម្រាប់​បោក​ស្រូវ​ដដែល។

លោក​បន្តថា៖ « កាលមុន​បោក​ស្រូវ​ប្រវាស់​ដៃ​គ្នា​នៅ​ពេល​យប់​ខែ​ភ្លឺ​កសិករ​ម្ចាស់​ស្រែ​ភាគ​ច្រើន​តែ​ង​តែ​ធ្វើ​បបរ​ត្នោត​ឲ្យ​ហូប​នៅ​ពេល​បោក​ស្រូវ​រួច​...ដោយ​អ្នក​ខ្លះ​ទៀត​បង្អាប់​ម្ចាស់​ស្រែ​ថា​បបរ​ស្ករដាក់​ប្រ​ហុក​រួច​សើច​សប្បាយ​ក្អាក​ក្អាយ​ពេញ​លាន​ស្រូវ...​ឲ្យ​តែដល់​ខែ​ច្រូត​គឺ​ខែ​​នេះ​ហើយ​តាម​វាល​ស្រែ​នីមួយៗ​...កសិករ​នាំគ្នា​ធ្វើ​លាន​បោក​ស្រូវ​ប្រណាំង​គ្នា​...លាន​ខ្លះ​តូចខ្លះ​ធំ​ទៅ​តាម​ទំហំដី​ស្រែ​»។

លោក​បន្ត​ថា​ពេល​និយាយ​ពីលាន​ស្រូវ​លោក​នឹក​ឃើញ​ដល់​ទសវត្ស​ឆ្នាំ១៩៨០​លោក​ថាកាល​សម័យ​នោះ​គ្មាន​ប្រើ​ម៉ាស៊ីន​ទេ​គឺ​ប្រើតែ​កម្លាំង​មនុស្សជញ្ជូន​កណ្តាប់​ដាក់​លាន​ឲ្យ​គេ​បោក​ស្រូវ​គឺ​ថា​បើ​លាន​តូច​ប្រើ​ក្តារ​បោក​២ឬ៣ តែ​បើលាន​ធំ​វីញ​ប្រើ​ក្តារ​រហូត​ដល់​៥​ឬ​៦។

លោក​បន្ត​ថា៖ «​អ្នក​បោក​ដឹង​តែ​បោក​ហើយ​អ្នក​ជញ្ជូន​កណ្តាប់​ដឹង​តែ​ជញ្ជូន​កណ្តាប់​...​ហើយ​អ្នក​បោស​ជៅ​(សម្រាម​ពេល​បោក​ស្រូវ​)​ដឹង​តែ​ហត់​ជាង​គេបន្តិច​ហើយ​ព្រោះ​ក្តា​បោក​ច្រើន​សម្រាម​ច្រើន​ដែរ​...​សប្បាយ​ម្យ៉ាង​ដែរ​ហើយ​ពេល​ខ្លះ​ទៀត​ខ្ញុំ​ដេក​ក្នុង​ពំនូក​ចំប៉ើង​ចាំស្រូវ​មួយ​យប់​ទល់​ភ្លឺ​ក៏​មាន​ដែរ»៕​​​​​

អត្ថបទដោយ៖ ជិន វេន