ក្រុមការងារពិភពលោកដាក់ចំៗ ទូក «ង» វែងបំផុតរបស់កូនខ្មែរ លើ៣ចំណុចពិសេស

  • 2018-11-12 03:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី១២ ​វិច្ឆិកា​ ឆ្នាំ ២០១៨​ ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

លោក Pravin Patel ជា​អ្នក​វិនិច្ឆ័យ ​និង​ពិនិត្យ​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទូក​ «ង» វែង​ជាង​គេ​ ឲ្យដឹងថា ​សម្រាប់​ការបំបែកកំណត់ត្រានេះ World Guinness Record ​បាន​កំណត់​នូវ​គោលការណ៍​សំខាន់ៗ​ចំនួន៣​ ដើម្បី​ឲ្យគណៈ​កម្មការបំពេញ​ ដោយ​លក្ខខណ្ឌទី១៖ សម្រាប់ទូកនាគដែលវែងជាងគេ ផ្ដោតទៅលើការរចនា របៀបផលិត និងវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ការផលិត ត្រូវទទួលបានការឯកភាពពីសហព័ន្ធទូកនាគអន្ដរជាតិ, លក្ខខណ្ឌទី២៖ គឺជាលិខិតផ្លូវការមួយ​ពីសហព័ន្ធទូកនាគអន្ដរជាតិ ដើម្បីបញ្ជាក់ថា ទូករបស់កម្ពុជាជា ទូកនាគ និងលក្ខខណ្ឌទី៣៖ ការបរិយាយលម្អិតអំពីការផលិតទូក។

ទូកនេះ មានប្រវែងរហូតដល់៨៧,៣ម៉ែត្រ, ទទឹង១,៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។

គួរជម្រាបថា ទូកងវែងជាងគេនេះ នឹងត្រូវយកមកដាក់បង្ហាញឲ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេនរុ រយៈពេលយ៉ាងយូរ១០ថ្ងៃ ទើបយកត្រឡប់ទៅខេត្តព្រៃវែងវិញ៕

អត្ថបទ៖ ស៊ិន សាវ៉េត