និស្សិត​ខ្មែរ​៤​រូប​ ឈ្នះ​ការ​ប្រកួត​ផលិត​វីដេអូ​ល្អ​បំផុត​ នៅ​កូរ៉េខាងត្បូង​

  • 2018-11-12 04:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​នេះ និស្សិត​មួយក្រុម​ដែល​មាន​សមាជិក​ចំ​នួន​៤រូប មកពី​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់ ទើបតែ​ត្រលប់​មកពី​កម្មវិធី​ប្រកួត​គ​ម្រោង​អាជីវកម្ម​រៀ​ប​ចំ​ដោយ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge នៅ​ប្រទេស​កូរ៉េខាងត្បូង​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តិ​ឡើង​ច​ន្លោះ​ពី​ថ្ងៃទី​១៨ ដល់​២៨ ខែតុលា ឆ្នាំ​២០១៨​។ និស្សិត​២១​ក្រុម មកពី​២៤​ប្រទេស​ផ្សេងគ្នា​ជុំវិញ​ពិ​ភព​លោក​បាន​ចូលរួម​ការ​ប្រកួត​ផែនការអាជីវកម្ម​នេះ​។​

និស្សិត​ហ្សា​ម៉ាន់​ក្នុង​ការ​ប្រកួត​ផែនការ​អាជីវកម្ម​

កញ្ញា ច័ន្ទ រតនា​ភា និស្សិត​ឆ្នាំទី​៤ ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម និង​ជា​សមាជិក​ក្រុម​ប្រកួត​មកពី​ហ្សា​ម៉ា​ន់បាន​ថ្លែង​ឱ្យដឹងថា ការ​ប្រកួត​នេះ​មាន​បីដំ​ណាក់​កាល​រួមមាន ការ​ត្រៀមខ្លួន​របស់​ក្រុម​នីមួយៗ វ​គ្គ​ជម្រុះ និង​ការ​ប្រកួត​ផ្ដាច់​ព្រាត់ ដែល​ក្រុម​ឆ្នើម​ចំនួន​៨ ក្នុង​ចំណោម​២១ ត្រូវបាន​ត​ម្រូ​វ​ឱ្យធ្វើ​បទ​បង្ហាញ​ពី​ផែនការ​អាជីវកម្ម​របស់​ក្រុម​ខ្លួន​។ ការធ្វើ​បទ​បង្ហាញ​ពី​ផែនការអាជីវកម្ម​នេះ ក៏​អា​ស្រ័យ​លើ​ប្រធានបទ​ផ្សេងៗ ដែល​ក្រុម​នីមួយៗ​ទទួលបាន​ពី​គណៈកម្មការ​ផងដែរ​។ ចំពោះ​ក្រុម​របស់ខ្លួន​វិ​ញ រតនា​ភា​ថ្លែងថា​ខ្លួន​ទទួលបាន​ប្រធានបទ​ទា​ក់ទង​នឹង “​ការវិភាគ​ទិន្ន​ន័យ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ប្រាជ្ញា​សិប្ប​និម្មិ​ត​” (Big Data and Artificial Intelligence Strategies)​។​

កញ្ញា​តាំង ស៊ើ​យូ និស្សិត​ជំនា​ញ​គ្រប់​គ្រង​ពាណិជ្ជកម្ម និង​ជា​មិត្ត​រួម​ក្រុម​របស់​រតនា​ភា​ដែរ លើកឡើងថា​ក្រុម​របស់​ខ្លួន​បាន​ជ្រើស​យក​គំនិត​អាជីវកម្ម​ដោយ​ផ្តោតទៅលើ​ទូរ​ទស្សន៍ ដែល​ភ្ជាប់​ជាមួយ​ម៉ាស៊ីនត្រជាក់​។ ផលិតផល​នេះ ប្រើប្រាស់​ប្រាជ្ញា​សិប្ប​និម្មិត តួយ៉ាង​ទូរ​ទស្សន៍​នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ​បើសិនជា​គ្មាន​អ្នកមើល ខណៈដែល​មុខងារ​ម៉ាស៊ីនត្រជាក់ អាច​ប្រែប្រួល​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ តាម​រយៈ​សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងក្រៅ និង​វត្តមាន​របស់​មនុស្ស​នៅក្នុង​បន្ទ​ប់​។ ក្រុម​របស់​កញ្ញា​នឹកឃើញ​ផលិតផល​ប្រភេទ​នេះ ដើម្បី​ត​ម្រូ​វ​ទី​ផ្សារក្នុង​ប្រទេស​អូស្ត្រាលី ខណៈដែល​អចល​ន​ទ្រ​ព្យ​នៅ​អូស្ត្រាលី​មានតម្លៃ​ខ្ពស់ ដែល​ត​ម្រូ​វ​ឱ្យ​ប្រជា​ជន​ប្រើប្រាស់​សម្ភារៈ​ក្នុងផ្ទះ​ដែល​ស​ន្សំ​សំ​ចៃ​កន្លែង​។​

ស៊ើ​យូ​ ឆ្លៀត​ពេល​ទំ​នេ​រ​ពី​ការ​ប្រកួត ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​

កញ្ញា សុទ្ធ សម្ផស្ស​រតនា សមាជិក​ក្នុង​ក្រុម​មួយរូប​ទៀត​ថ្លែងថា ត្បិតតែ​ក្រុម​របស់​ខ្លួន​មិន​បានឈ្នះ​ការ​ប្រកួត​ក៏ពិតមែន ក្រុម​របស់​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​ក៏​បាន​ឈ្នះ​ជា​ក្រុម​ដែល​ផលិត​វីដេអូ​ល្អ​បំ​ផុត​ផងដែរ ដែល​ការ​ប្រកួត​វីដេអូ​នេះ​ត្រូវបាន​រៀប​ចំ​ឡើង​ទ​ន្ទឹ​ម​គ្នា​នឹង​ការ​ប្រកួត​ផែនការអាជីវកម្ម​។ សម្ផស្ស​រតនា​បន្ត​ទៀតថា ក្រុម​របស់ខ្លួន​ឈ្នះ ក៏​ដោយសារតែ​វីដេអូ​ដែល​ក្រុម​ខ្លួន​បាន​បង្ហោះ​នៅលើ​បណ្ដាញ​ស​ង្គ​ម​ហ្វេស​ប៊ុ​កទា​ក់ទង​នឹង​ផែនការ​អាជីវកម្ម ទទួលបាន​ចំនួនចែក​រំ​លែ​ក​ច្រើនជាងគេ​បំ​ផុត រហូតដល់​១២០០​។ កញ្ញា​ទូច ច័ន្ទនិម​ល និស្សិត​ជំនា​ញ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ជា​សមាជិក​ក្នុង​ក្រុម​ហ្សា​ម៉ាន់​ដែរ​លើកឡើងថា អ្នក​រៀបចំ​កម្មវិធី​ក៏បាន​រៀ​ប​ចំ​ដំ​ណើ​រ​ទស្សនកិច្ច សម្រាប់​អ្នកចូលរួម​ប្រកួត​ផងដែរ ដោយ​អ្នក​ទាំង​នោះ​បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​KT&G និង​ក្រុមហ៊ុន​Samsung​។ ក្រុម​របស់ខ្លួន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សេ​អ៊ូ​ល ទស្សនា​សា​រម​ន្ទីរ​ជាតិ​វិទ្យាសាស្ត្រ​របស់​កូរ៉េខាងត្បូង និង​បរ​ម​រាជវាំង​របស់​កូរ៉េខាងត្បូង​ផងដែរ​។​

និស្សិ​តទាំង​៤​រូប​ទទួលបាន​លិខិត​សរសើរ តាម​រយៈ​ការ​ឈ្នះ​ការ​ប្រកួត​ផលិត​វីដេអូ​ល្អ​បំផុត​

ប័ណ្ណសរសើរ សម្រាប់​ពាន​រ​ង្វាន់​វីដេអូ​ល្អ​បំផុត​

​និមល​កំ​លុង​ពេល​ទៅ​ប្រកួត​ផែនការ​អាជីវកម្ម​ក្នុង​ប្រទេស​កូរ៉េ​

ទា​ក់ទង​នឹង​កម្មវិធី​នេះ ស៊ើ​យូបាន​ស្វែង​យល់​ពី​វ​ប្បធ​ម៌​របស់​ប្រទេស​ផ្សេងៗ និង​បាន​រាប់អាន​មិត្តភក្ដិ​ថ្មី ដែល​មាន​គំនិត​ប្រហាក់ប្រហែលគ្នា​។ ចំណែកឯ​សម្ផស្ស​រតនា​វិ​ញ យល់ថា​ខ្លួន​បាន​ទទួល​នូ​វ​ដំបូន្មាន​ថ្មីៗ ពី​គណៈកម្មការ​ដែល​សុទ្ធតែ​ជា​អ្នក​ជំនាញ​ផ្នែក​អាជីវកម្ម និង​បច្ចេកវិទ្យា​មកពី​ក្រុមហ៊ុន​ធំៗ ដូចជា​LG​ជាដើម​។ គួរ​បញ្ជាក់ដែរថា និស្សិត​ទាំង​បួនរូប​ត្រូវបាន​ជ្រើសរើស​ដោយ​សាក​ល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ ឱ្យទៅ​ប្រកួត​។ និស្សិត​ទាំង​បួនរូប​យល់ថា​ខ្លួន​ត្រូវបាន​ជ្រើសរើស​ដោយសារ​តែ​តែមាន​លំ​ដាប់​ពិន្ទុ​ខ្ពស់ និង​ធ្លាប់​ធ្វើ​ការងារ​ជា​ក្រុម​ជាមួយគ្នា​ពីមុន​មក​។ ចំណែកឯ​ថ្លៃ​ហូបចុក និង​ស្នាក់នៅ​វិញ ជា​បន្ទុក​របស់​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge ដោយសារតែ​សាលា​ពាណិជ្ជកម្ម​មួយ​នេះ ជា​ដៃគូ​សហការ​របស់​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​។​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម